Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

៣៧ម៉ោងហើយ យន្តហោះ AIR ASIA ជាមួយមនុស្ស ១៦២នាក់ នៅតែបាត់តម្រុយ សូន្យឈឹង

$
0
0

- យន្តហោះរបស់ Air Asia កំពុង បាត់ខ្លួន តម្លៃ ៨៥លានដុល្លារ

- សាច់ញាតិអ្នកដំណើរលើយន្តហោះបាត់ខ្លួន បង្ហាញអារម្មណ៍សោកសៅ

- មួយគ្រួសារមានគ្នា ៥នាក់ លុបចោលការហោះហើរ ជាមួយ AirAsia QZ8501 ព្រោះឪពុកធ្លាក់ខ្លួនឈឺធ្ងន់

ឥណ្ឌូនេស៊ី៖ គិតត្រឹមម៉ោង ៧ល្ងាចថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ ការបាត់ដំណឹងជើងហោះហើរ QZ8501 មានរយៈពេល ៣៧ម៉ោងហើយ ហើយការស្រាវជ្រាវរុករកក៏ត្រូវបានផ្អាកនៅយប់ថ្ងៃទី២ផងដែរ ដោយមិនទាន់ ទទួលបានដាន ឬដំណឹងអ្វីទាំងអស់ ទោះក្រុមស្រាវជ្រាវប្រឹងប្រែងយ៉ាងស្វិតស្វាញយ៉ាងណាក្តី។

ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលចូលហ៊ុនរវាងប្រទេស ឥណ្ឌូនេស៊ី និង ម៉ា ឡេស៊ី បានបាត់ដំណឹងកាលពីវេលាម៉ោងប្រមាណ ៦ និង២០នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០១៤ (ម៉ោង ក្នុងតំបន់) ត្រូវនឹងម៉ោង ២៣ និង២០នាទី(ម៉ោងសកល) បន្ទាប់ពីបានហោះចាកចេញពីព្រលានយន្តហោះទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង ៥ និង២០នាទី (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ ជើងហោះហើរ QZ8501 រំពឹងថា នឹងធ្វើដំណើរទៅដល់ប្រទេសសឹង្ហបុរី នៅម៉ោង ៨ និង ៣០នាទី (ម៉ោងក្នុង តំបន់)។

ជើងហោះហើរ QZ8501 ជាប្រភេទយន្តហោះ Airbus 320-200 បានបាត់ដំណឹង បន្ទាប់ពីការចេញដំណើរ បាន រយៈពេលប្រហែលពីរម៉ោង។ នេះករណីលើកទី២ហើយក្នុងករណីបាត់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ា ឡេស៊ី ក្នុងឆ្នាំ២០១៤ នេះ ដោយទី១ យន្តហោះ MH370 និងទី២ យន្តហោះ Air Asia ជើងហោះហើរ QZ8501 នេះតែម្តង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៤។

ក្រុមហ៊ុន Air Asia មានមូលដ្ឋានធំ (Headquarters) នៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី មាននាយកប្រតិបត្តិ

ឈ្មោះ Tony Fernandes និងមានបុគ្គលិកជាង ១ម៉ឺននាក់ និង មានគោលដៅហោះហើរជាង ១០០កន្លែង នៅ តាមបណ្តាប្រទេសក្នុងតំបន់អាស៊ី-អាគ្នេយ៍។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ថា យន្តហោះដែលបានបាត់នេះ ត្រូវបានគ្រប់គ្រងដំណើរ ការដោយក្រុមហ៊ុន Air Asia របស់ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានចូលរួមភាគហ៊ុនជាមួយក្រុមហ៊ុនអាកាស ចរណ៍ម៉ាឡេស៊ីចំនួន ៤៨,៩ភាគរយ។

បើគិតត្រឹមម៉ោង ៧ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ យន្តហោះបានបាត់អស់រយៈពេលប្រមាណ ៣៧ម៉ោងហើយ ប្រតិបត្តិការរកមិនទាន់ឃើញយន្តហោះនៅឡើយទេ។ យន្តហោះបានបាត់ការទាក់ទង ខណៈហោះហើរនៅលើ ដែនសមុទ្រ Java នៅចន្លោះកោះ Kalimantan និង កោះ Java។ មុនពេលដាច់ការទាក់ទង អ្នកបើកបរបានស្នើ សុំប្តូរផ្លូវហោះហើរ ដោយសុំហោះឡើងទៅកម្ពស់ ១១.០០០ម៉ែត្រវិញ ដើម្បីបញ្ចៀសពីស្ថានភាពពពកក្រាស់ និង ដោយសារមានអាកាសធាតុមិនអំណោយផល។

ក្នុងចំណោមមនុស្សទាំង ១៦២នាក់ មានអ្នកដំណើរ ១៥៥នាក់ បុគ្គលិក៥នាក់ និងអ្នកបើកបរ ២នាក់។ ក្នុងនោះ មានកុមារ ១៦នាក់ និង ទារកម្នាក់ផងដែរ។ ក្នុងចំណោមមនុស្សនៅលើយន្តហោះនោះ មានជនជាតិឥណ្ឌូនេស៊ី ១៤៩នាក់, កូរ៉េខាងត្បូង ៣នាក់, សឹង្ហបុរី១នាក់, អង់គ្លេស១នាក់ និងម៉ាឡេស៊ី១នាក់។

យោងតាមគេហទំព័រតាមដានជើងហោះហើរបានបញ្ជាក់ថា ផ្លូវហោះហើររបស់យន្តហោះនេះ ស្ទើរទាំងស្រុង គឺ ស្ថិតលើសមុទ្រ។ យោងតាមសំដីមន្រ្តីក្រុមស្រាវជ្រាវ និង សង្គ្រោះ របស់ឥណ្ឌូនេស៊ី បានសន្និដ្ឋានថា យន្តហោះ ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុន Air Asia អាចធ្លាក់ទៅក្នុងដែនទឹកសមុទ្រ ដែលស្ថិតចំងាយពី១៣០គីឡូ ម៉ែត្រទៅ ១៦០គីឡូម៉ែត្រ ពីកោះ Belitung របស់ឥណ្ឌូនេស៊ី។ បន្ទាប់ពីការបាត់ដំណឹងក្រុមយោធាដែនអាកាស របស់ប្រទេសឥណ្ឌូនេស៊ី សឹង្ហបុរី និងម៉ាឡេស៊ី បានចុះស្វែងរកយន្តហោះ តែក្រោយមកមានក្រុមការងារខ្លះ បាន ប្រកាសឈប់សំរាកជាបណ្តោះអាសន្ន ដោយសារយប់ងងឹតពិបាកធ្វើការ បន្ទាប់ពីធ្វើការស្វែងរកជាងកន្លះថ្ងៃ ដោយឡែកក្រុមការងារផ្នែកកប៉ាល់មួយចំនួននៅតែបន្តស្វែងរក។

នៅក្នុងប្រតិបតិ្តការរុករកនេះ ប្រទេស ម៉ាឡេស៊ី បានបញ្ជូនយន្តហោះចំនួន ៣គ្រឿង និងកប៉ាល់៣គ្រឿង ខណៈ ដែលប្រទេសឥណ្ឌូនេស៊ី បានបញ្ជូនទាំងយោធាជើងគោក ជើងទឹក និង ដែនអាកាសតែម្តង ដើម្បីជួយស្វែងរក យន្តហោះ។ ដោយឡែកសឹង្ហបុរី បានបញ្ជូនយន្តហោះ C-130 និងកប៉ាល់ចំនួន ៤គ្រឿង ចូលរួមក្នុងបេសកកម្ម នេះផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន Air Asia របស់ម៉ាឡេស៊ី រួមជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Air Lines ធា្លប់ត្រូវគេបានហាម ឃាត់ មិនឲ្យហោះហើរទៅកាន់សហភាពអឺរ៉ុប កាលពីឆ្នាំ២០០៧កន្លងទៅនេះដោយសារបារម្ភ ចំពោះបញ្ហាសុវត្ថិ ភាព ប៉ុន្តែបម្រាមនេះ ត្រូវបានលុបចោលវិញកាលពីឆ្នាំ២០១០កន្លងទៅនេះ។

- យន្តហោះរបស់ Air Asia កំពុង បាត់ខ្លួន តម្លៃ ៨៥លានដុល្លារ

គេហទំព័រដ៏ល្បី Business Insider នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ បានចេញផ្សាយនូវប្រវត្តិខ្លះៗ របស់យន្តហោះ ដែលកំពុងបាត់ខ្លួន ជាមួយមនុស្ស ១៦២នាក់ ដែលជិះនៅលើនោះ។

យន្តហោះ ដែលកំពុងបាត់ខ្លួនជាប្រភេទយន្តហោះ Airbus A320-200 ផលិតដោយក្រុមហ៊ុន Airbus របស់ប្រ ទេសបារាំង ហើយយន្តហោះប្រភេទ Airbus A320-200 ចាប់ផ្តើមហោះហើរសាកល្បងលើកដំបូងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៧ និងហោះហើរជាផ្លូវការនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៨៨ ដោយក្រុមហ៊ុនអាកាសចរណ៍ Air France ។

សម្រាប់យន្តហោះ ដែលកំពុងបាត់ខ្លួនវិញ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ Air Asia របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានភាគហ៊ុនរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (៤៨.៩ភាគរយ) ទិញមកប្រតិបត្តិការហោះហើរ កាលពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន ក្នុងតម្លៃ៨៥លានដុល្លារអាមេរិក។ ក្រុមហ៊ុន Air Asia មានមូលដ្ឋាននៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមាននាយកប្រតិបត្តិ ឈ្មោះ Tony Fernandes និង មានបុគ្គលិកជាង ១ម៉ឺន នាក់ ព្រមទាំងមានគោលដៅហោះហើរជាង ១០០កន្លែង។ យន្តហោះ ដែលបាត់ខ្លួននេះ មានអាយុកាលហោះ ហើរចំនួនប្រមាណជា ២៣,០០០ម៉ោង (ជិត៣ឆ្នាំ) តែគិតមកដល់ពេលនេះ វាទើបហោះហើរបានប្រមាណ១៣,៦ ០០ម៉ោងប៉ុណ្ណោះ ហើយវាមាន២ម៉ាស៊ីន អាចផ្ទុកអ្នកដំណើរបានចំនួន ១៨០នាក់។ ក្រុមហ៊ុន Air Asia របស់ម៉ា ឡេស៊ី រួមជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Air Lines ធា្លប់ត្រូវគេបានហាមឃាត់ មិនឲ្យហោះហើរទៅកាន់សហភាព អឺរ៉ុប កាលពីឆ្នាំ២០០៧កន្លងទៅនេះ ដោយសារបារម្ភចំពោះបញ្ហាសុវត្ថិភាព ប៉ុន្តែបម្រាមនេះ ត្រូវបានលុបចោល វិញកាលពីឆ្នាំ២០១០កន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ របស់ក្រុមហ៊ុន Airbus យន្តហោះ Airbus A320-200 មានម៉ាស៊ីន២ ដែលអាចជាប្រភេទ CFM56-5A1 ឬ CFM56-5B4 បើកបានក្នុងល្បឿន ៨៣៧ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ដោយ ហោះបានចម្ងាយឆ្ងាយបំផុត ៤,៤៤២គីទ្បូម៉ែត្រ ក្នុងរយៈកម្ពស់ជាង១០គីឡូម៉ែត្រ អាចដឹកទំនិញបានទម្ងន់ ៩,៤ ៣៥គីទ្បូក្រាម, ផ្ទុកប្រេងឥន្ធនៈបានចំនួន ២៣,៨៥៩លីត្រ ហើយវាមានប្រវែង៣៧.៥៧ម៉ែត្រ ប្រវែងស្លាបចំនួន ៣១.៥៧ ម៉ែត្រ និងកម្ពស់ចំនួន ១១.៧៦ម៉ែត្រ។

- សាច់ញាតិអ្នកដំណើរលើយន្តហោះបាត់ខ្លួន បង្ហាញអារម្មណ៍សោកសៅ

ក្រុមគ្រួសាររបស់ជនរងគ្រោះ ស្ថិតនៅលើយន្តហោះ AirAsia បានមកប្រមូលផ្តុំគ្នានៅតាមព្រលានយន្តហោះក្នុង តំបន់ ដោយសង្ឃឹមថា សាច់ញាតិរបស់ពួកគេ គឺមានសុវត្ថិភាពជាធម្មតានោះទេ។

ស្រ្តីម្នាកឈ្មោះ Oei Endang Sulsilowati និងកូនស្រីរបស់នាង បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Juan da ក្នុងទីក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ដើម្បីរកព័ត៌មានប្អូនប្រុសរបស់នាងឈ្មោះ Oei Jimmy Sentosa Winata និងប្រពន្ធរបស់គាត់, កូនប្រុសម្នាក់អាយុ ១៣ឆ្នាំ និងកូនស្រី អាយុ ០៩ឆ្នាំ។

លោកស្រី Sulsilowati បាននិយាយថា «យើងបានឃើញក្នុងទូរទស្សន៍ នៅអ្វីដែលបានកើតឡើង ហើយយើង បានមកទីនេះ ដើម្បីស្វែងរកព័ត៌មាន អំពីអ្វីដែលកំពុងកើតឡើងនេះ»។

គ្រូសាររបស់នាង បានធ្វើដំណើរទៅប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី។ នាងថា «ខ្ញុំបានដឹងព័ត៌មាន អំពីឧប្បត្តិហេតុនេះ តាមទូរទស្សន៍ ហើយព្យាយាមមកទីនេះ ដើម្បីទទួលព័ត៌មានមួយចំនួនទៀតពីក្រុមគ្រួសារ របស់ខ្ញុំ។ ប៉ុន្តែខ្ញុំដឹងថា ប្អូនប្រុសរបស់ខ្ញុំ មិនដែលធ្វើដំណើរតាម AirAsia នោះទេ ដូច្នេះខ្ញុំត្រូវរក្សាភាពស្ងប់ស្ងាត់ ។ បន្ទាប់មកមានគេ បានមកប្រាប់ខ្ញុំថា ពួកគេឃើញឈ្មោះប្អូនប្រុសខ្ញុំ នៅតាមកញ្ចក់ទូរទស្សន៍។ បន្ទាប់ពីខ្ញុំ បាន ឃើញដូច្នេះមែន ខ្ញុំក៏ចាប់ផ្តើមយំតែម្តង»។

ចំណែកក្មេងស្រី សិស្សសាលាពីរនាក់ផ្សេងទៀត ក៏បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Juanda ផងដែរ រង់ ចាំទទួលព័ត៌មានអំពីឪពុកម្តាយរបស់ពួកគេ ដែលធ្វើដំណើរទៅប្រទេស សិង្ហបុរី។ ពួកគេអង្គុយជិតតុរបស់បុគ្គលិក AirAsia សម្លឹងមើលជាមួយអារម្មណ៍ នៃការបាត់បង់ និងមានអារម្មណ៍ច្របូកច្របល់។

ចំណែកនៅអាកាសយានដ្ឋាន Changi នៅសិង្ហបុរីវិញ កញ្ញាល្វីស ស៊ីដាតា បានប្រាប់ Channel NewsAsia ថា គូដណ្តឹងរបស់នាង និង គ្រួសាររបស់គាត់ ស្ថិតនៅលើយន្តហោះ AirAsia។ នាងថា «នៅពេលដែលខ្ញុំនៅតាមផ្លូវ មកព្រលានយន្តហោះ ខ្ញុំបានស្តាប់វិទ្យុដែលផ្សាយថា យន្តហោះកំពុងបាត់ដំណឹង»។

នាងបន្ថែមថា «វា គឺជាវិស្សមកាលចុងក្រោយរបស់គាត់ និងក្រុមគ្រួសារ មុនពេលដែលយើងរៀបការជាមួយគ្នា»។

- មួយគ្រួសារមានគ្នា ៥នាក់ លុបចោលការហោះហើរ ជាមួយ AirAsia QZ8501 ព្រោះឪពុកធ្លាក់ខ្លួនឈឺធ្ងន់

លោក Chandra Susanto មកពីខេត្ត Surabaya ប្រទេសឥណ្ឌូនេស៊ី រួមនិងភរិយា ព្រមទាំងកូន ៣នាក់ផ្សេង ទៀត គ្រោងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី ដើម្បីថ្ងៃវិស្សមកាលតាមជើងហោះហើរ QZ8501 នៅក្នុង ថ្ងៃជួបគ្រោះឧប្បត្តិហេតុនេះ តែជាសំណាងដ៏ល្អវិសេសវិសាល ព្រោះលោកលុបចោលទៅវិញ ដោយសារតែឪពុក របស់ខ្លួនធ្លាក់ខ្លួនឈឺធ្ងន់។

លោក Chandra Susanto បាននិយាយប្រាប់ថា លោកបានកក់សំបុត្រសម្រាប់ក្រុមគ្រួសារ របស់លោកជាមួយ ជើងហោះហើរ AirAsia QZ8501 ដោយធ្វើដំណើរពីខេត្ត Surabaya ទៅកាន់ប្រទេសសឹង្ហបូរី រួចរាល់អស់ហើយ ក្នុងគោលបំណងធ្វើដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាក ហើយគម្រោង នៃការធ្វើដំណើរកម្សាន្តនេះ គឺលោកបាន គ្រោងទុកតាំងពីខែមីនា ឆ្នាំ២០១៤មកម៉្លេះ។

លោក Susanto បាននិយាយបន្តថា «វា គឺជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតមួយសម្រាប់ពួកយើងនូវពេល ដែល លោកបានសម្រេចចិត្តលុបចោលដំណើរកម្សាន្តវិញកាលពីថ្ងៃម្សិលម៉ិញ»៕

លោក Remi Emmanuel Plesel ជំនួយការអ្នកបើកបរ និងលោក  Iriyanto អ្នកបើកបរយន្តហោះ

លោក Chandra Susanto និងក្រុមគ្រួសារ ដែលលុបការហោះហើរជាមួយ QZ8501


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>