ភ្នំពេញ៖ គណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ដឹកនាំដោយ អភិបាល រងខណ្ឌ លោក សុខ ពេញវុធ តំណាងលោកអភិបាលខណ្ឌ គួច ចំរើន នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ នេះ បានបើកយុទ្ធនាការ ដឹកនាំកម្លាំង សមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ និងប្រជាការពារខណ្ឌ ព្រមទាំង អាជ្ញាធរ មូលដ្ឋាន ចុះធ្វើត្រួតពិនិត្យ រដ្ឋបាលនៅតាមបណ្តោយផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
យុទ្ធនាការចុះត្រួតពិនិត្យ រដ្ឋបាលតាម រយៈការឆែកអាវុធជាតិផ្ទុះ ក៏ដូចជា ការពង្រឹង ច្បាប់ចរាចរផ្លូវគោក របស់អាជ្ញាធរ ខណ្ឌដូនពេញ ខាងលើនេះ ធ្វើឡើងដើម្បីចូលរួម ការទប់ស្កាត់ បទល្មើស បង្កើតបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជា កាត់បន្ថយ អាត្រាគ្រោះថ្នាក់ចរាចរជាដើម។
កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និង ប្រជាការពារ បាននាំគ្នាឈរ ជាជួរចំកណ្តាលទ្រូងផ្លូវ ហើយស្ទាក់ត្រួតពិនិត្យ ម៉ូតូដែលមើលទៅ មានការសង្ស័យ ព្រមទាំងរថយន្ត ហើយធ្វើការ ត្រួតពិនិត្យ យ៉ាងល្អិតល្អន់ជាទីបំផុត។
លោកញ៉ែម សៅណុល អធិការរងនគរបាល ខណ្ឌដូនពេញ បានគូសបញ្ជាក់ថា យុទ្ធនាការ ពិនិត្យរដ្ឋបាល នៅតាមផ្លូវ ទីសារធាណៈ ក្នុងទឹកដីខណ្ឌដូនពេញ នឹងធ្វើឡើង ជាបន្តបន្ទាប់ក្នុង គោលបំណង បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ មិនថា តែនៅខណ្ឌដូនពេញនោះទេ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ទាំងមូលតែម្តង។
ការចុះត្រួតពិនិត្យ រដ្ឋបាលខាងលើនេះ ក៏បានចូលរួមចំណែក យ៉ាងច្រើនពីសកម្មភាព របស់ក្រុមជនល្មើស ដែលពួកគេមិនអាច ធ្វើ ឬក៏ប្រព្រឹត្តនៅទីតាំង ណាមួយនោះឡើយ ពីព្រោះនិងមានការជួយអន្តរាគម ក៏ដូចជាការស្ទាក់ ចាប់បានភ្លាមៗ ពីសំណាក់កម្លាំងសមត្ថកិច្ច ដែលឈរនៅតាមគោលដៅ ។
តាមការបញ្ជាក់ ពីលោក សុខ ពេញវុធ ក្រោយបញ្ចប់យុទ្ធនាការ ត្រួតពិនិត្យ ជាតិផ្ទុះ រយះពេលជាងមួយម៉ោងរួចមក គណៈបញ្ជាការឯកភាពខណ្ឌ បានរកឃើញកាំភ្លើងខ្លី ចំនួន២ដើម ពីអ្នកដណើរឆ្លងកាត់ ប៉ុន្តែអាវុធខ្លី ទាំងនោះ មានលិខិតស្នាមប្រើប្រាស់ត្រឹមត្រូវ៕