Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បំណាច់ឆ្នាំ៖ ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ក្នុងពិភពលោក ១០ របស់​ស៊ិនហួ ក្នុងឆ្នាំ​២០១៤

$
0
0

ប៉េកំាង៖ ខាងក្រោមនេះជាព្រឹត្តិការណ៍កំពូលទំាង ១០ ដែលបានកើតឡើងក្នុងពិភពលោក ក្នុងឆ្នាំ២០១៤ ដែលត្រូវបានជ្រើសរើសដោយស៊ិនហួ។

១. រឿងសំខាន់ថ្មី នៅក្នុងផ្នែកការទូតរបស់ចិន
កាលពីដើមខែកុម្ភៈកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងារ នៃការប្រកួតកីឡា សូជី នៅក្នុងប្រទេស រុស្ស៊ី ហើយក៏ជាការបើកសករាជថ្មី ក្នុងទំនាក់ទំនងការទូតជាមួយចិនផងដែរ។ នៅក្នុងឆ្នាំនេះ បណ្តាមេដឹកនាំចិន បានចំណាយពេលទស្សនកិច្ចទៅកាន់ ប្រទេសជាច្រើនទៀតនៅអាស៊ី អាហ្រិ្វក អឺរ៉ុប អាម៉េរិកឡាទីន និងនៅអូសេអានី ដើម្បីកសាងបណ្តាញមិត្តភាពសកល និងលើកកម្ពស់នៃការផ្តួចផ្តើមក្រវ៉ាត់ ផ្លូវសូត្រផ្នែកសេដ្ឋកិច្ច និងផ្លូវសមុទ្រសូត្រនៅសតវត្សរ៍ទី២១។

២. កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆំាងនឹងមេរោគ អ៊ីបូឡា
កាលពីខែកុម្ភៈ ជំងឺអ៊ីបូឡាបានផ្ទុះឡើង និងរីករាលដាលនៅប្រទេស ហ្គីណេ និងក្រោយមកទៅដល់ប្រទេស សៀរ៉ាឡេអូន និងលីប៊ីរីយ៉ា ខណៈប្រទេសផ្សេងទៀត ក៏មានសេចក្តីរាយការណ៍ដែរថា មានករណីឆ្លងជំងឺនេះដែរ។ គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ជំងឺដ៏កាចសាហាវនេះ បានសម្លាប់មនុស្សរហូតដល់ ៧.៥៧៣នាក់ហើយ នៅទូទំាងពិភពលោក។

៣. វិបត្តិនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពរវាងរុស្ស៊ី និងប្រទេសលោកខាងលិច
កាលពីខែកុម្ភៈកន្លងទៅ ប្រទេសអ៊ុយក្រែន បានផ្លាស់ប្តូរស្ថានការណ៍នយោបាយ របស់ខ្លួនយ៉ាងលឿន ដោយប្រធានាធិបតីលោក វិកទ័រ យ៉ាណូ កូវិក ត្រូវបានគេបណ្តេញចេញពីតំណែង ហើយខាងគណបក្សប្រឆំាង បានចូលគ្រប់គ្រងអំណាចពេញទី។ កាលពីថ្ងៃទី១៦ ខែមីនា សាធារណរដ្ឋ គ្រីមៀ បានធ្វើប្រជាមតិ ហើយក្រុមបះបោរបំបែករដ្ឋ បានប្រកាសបំបែកចេញពីអ៊ុយក្រែន ហើយទៅចូលរួមជាមួយរុស្ស៊ី។ តំបន់មួយចំនួនទៀតដែលស្ថិត នៅភាគខាងកើតអ៊ុយក្រែន ក៏បានធ្វើប្រជាមតិ ដោយបានប្រកាសឯករាជ្យដោយជោគជ័យ ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែន ដែលជាម្ចាស់ទឹកដី បានបដិសេធឯករាជ្យ ហើយក៏មិនទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិនេះ។

៤. អាកាសចរណ៍ ម៉ាឡេស៊ី បាត់ដំណឹងយ៉ាងអាថ៌កំបាំង
កាលពីថ្ងៃទី០៨ ខែមីនា ជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី ដឹកមនុស្សចំនួន ២៣៩នាក់ ក្នុងនោះមាន អ្នកដំណើរជនជាតិចិន ១៥៤នាក់ ដោយធ្វើដំណើរពីទីក្រុង កូឡាឡាំពួរ ឆ្ពោះទៅទីក្រុង ប៉េកំាង ប្រទេសចិន បានបាត់ការទាក់ទងក្នុងរយៈពេលខ្លី បន្ទាប់ពីហោះហើរ។ វាជារឿងដែលមិនធ្លាប់កើតមានពីមុនមក ហើយទោះបីជាមានកិច្ចខិតខំប្រឹងប្រែង រួមរវាងម៉ាឡេស៊ី ចិន អូស្រ្តាលី អាម៉េរិក និងប្រទេសជាច្រើនផ្សេងទៀតក៏ដោយ ក៏ការស្រាវជ្រាវរកយន្តហោះដែលបាត់ដំណឹង មិនបានទទួលលទ្ធផលអ្វីសូម្បីតែបន្តិច។

ចំណែកនៅថ្ងៃទី១៧ ខែកក្កដា ជើងហោះហើរ MH17 ដែលហោះហើរពីទីក្រុង អាំស្ទែរដាំ ប្រទេស ហូឡង់ ទៅកាន់ទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ត្រូវបានគេបាញ់ធ្លាក់នៅភាគខាងកើតប្រទេស អ៊ុយក្រែន បណ្តាលឲ្យមនុស្សនៅលើយន្តហោះនោះទំាង ២៩៨នាក់ស្លាប់ទំាងអស់។ ជាងនេះទៅទៀត កាលពីថ្ងៃទី២៨ ខែធ្នូថ្មីៗនេះ ជើងហោះហើរ 8501 ដែលធ្វើដំណើរពីប្រទេស ឥណ្ឌូនេស៊ី ទៅសិង្ហបុរី បានបាត់ចេញពីប្រព័ន្ធរ៉ាដា ដោយសារតែអាកាសធាតុអាក្រក់ ដោយមានមនុស្សនៅលើនោះទំាងអស់ ១៦២នាក់ មិនទាន់មានដំណឹងដូចគ្នា។

៥. លិចសាឡង់ សេវុល នៅកូរ៉េខាងត្បូង
កាលពីថ្ងៃទី១៦ ខែមេសា សាឡង់ សេវុល មួយគ្រឿងរបស់កូរ៉េខាងត្បូង បានលិច បណ្តាលឲ្យមនុស្សចំនួន ២៩៥នាក់ស្លាប់ ក្នុងចំណោមមនុស្សទំាងអស់ ៤៧៦នាក់។ ដោយសារតែឧប្បតិហេតុលិចនេះ បានធ្វើឲ្យនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Hong-won សម្រេចចិត្ត លាលែងពីតំណែង។

៦. ក្រុមបំបែករដ្ឋ IS បង្កបញ្ហាប្រឈមផ្នែកសន្តិសុខសកលលោកជាថ្មី
ចាប់តាំងពីខែមិថុនាមក ក្រុមបំបែករដ្ឋ ដែលជាអង្គការជ្រុលនិយមរដ្ឋអ៊ីស្លាម (បច្ចុប្បន្ន) បានចាប់យកទឹកដីដ៏ធំនៅភាគខាងលិច និងភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគខាងកើតប្រទេសស៊ីរី ហើយបានប្រកាសការដំឡើងជា រដ្ឋអ៊ីស្លាម នៅក្នុងតំបន់ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ពួកគេ។ ទំាងនេះបានធ្វើទុក្ខបុកម្នេញ និងសម្លាប់អ្នកទោសសង្គ្រាម និងចំណាប់ខ្មាំងនៃបណ្តាប្រទេសជាច្រើន ដែលក្រុមនេះចាប់បាន និងបានជ្រើសរើសពួកសកម្មប្រយុទ្ធ ដែលបាននាំបញ្ហាប្រឈមថ្មី ចំពោះសន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មក្នុងតំបន់ និងអន្ដរជាតិផងដែរ។

៧. ករណីនៅ រដ្ឋ ហ្វ័រហ្គូសុន សហរដ្ឋអាម៉េរិក ជាការលាតត្រដាងមួយនៃការរើសអើងជាតិសាសន៍នៅអាម៉េរិក
កាលពីថ្ងៃទី០៩ ខែសីហា យុវជនស្បែកខ្មៅម្នាក់ឈ្មោះ ម៉ៃឃើល ប្រោន អាយុ ១៨ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសស្បែកសអាម៉េរិក ពាក់ព័ន្ធនឹងរឿងរ៉ាវប្លន់ហាងមួយកន្លែង។

៨. ចិន និងជប៉ុន ឈានទៅដល់ការមូលមតិគ្នា ធ្វើឲ្យប្រសើរឡើងចំណងមិត្តភាព
នៅថ្ងៃទី០៧ ខែវិច្ឆិកា ចិន និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងចំនួនបួនចំណុច ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ បីថ្ងៃក្រោយមក ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានជួបប្រជុំតាមសំណើរបស់ភាគីជប៉ុន នៅមុនកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកលើកទី២២ (APEC)។ នេះជាកិច្ចប្រជុំលើកដំបូងរវាងពួកមេដឹកនាំ របស់ប្រទេសទាំងពីរក្នុងរយៈពេលជាងពីរឆ្នាំ ដែលវាជាទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសជប៉ុន ដែលបានជួបភាពល្វីងជូរចត់ យ៉ាងធ្ងន់ធ្ងរដោយសារតែមានកំហុសរបស់ជប៉ុន។

៩. អាម៉េរិក និងប្រទេស គុយបា ចាប់ផ្តើមទំនាក់ទំនងធម្មតាជាមួយគ្នាឡើងវិញ
កាលពីថ្ងៃទី១៧ ខែធ្នូ សហរដ្ឋអាម៉េរិក និងប្រទេស គុយបា បានប្រកាសថា ពួកគេបានព្រមព្រៀងដើម្បីពិភាក្សា អំពីការស្តារមកវិញនូវ ទំនាក់ទំនងផ្នែកការទូត ដែលនឹងចាប់ផ្តើមឡើងវិញជាធម្មតា នូវចំណងការទូតនៃប្រទេសទំាងពីរ បន្ទាប់ពីប្រទេស គុយបាន បានធ្វើបដិវត្តកាលពីឆ្នាំ១៩៥៩ ដែលធ្វើឲ្យលោក ហ្វីឌែល កាស្រ្តូ ឡើងកាន់អំណាច។ ពេលនោះអាម៉េរិក បានប្រកាន់យកភាពចងសត្រូវជាមួយគុយបា។

១០. គំនិតផ្តួចផ្តើមឲ្យមានក្រវ៉ាត់ និងផ្លូវសម្រាប់ហេតុផលសហប្រតិបត្តិការ
នៅចុងឆ្នាំ២០១៤ ចិនបានផ្តើមគំនិតកសាង ផ្លូវសូត្រក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសមុទ្រសូត្រសម្រាប់សតវត្សរ៍ទី២១ ដែលភ្ជាប់តំបន់សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅភាគខាងកើត និងតំបន់សេដ្ឋកិច្ចអឺរ៉ុប នៅភាគខាងលិច ដោយគំនិតផ្តួចផ្តើមនេះ ក៏ទទួលបានការឆ្លើយតបវិជ្ជមាន និងការចូលរួមពីបណ្តាប្រទេសជាង ៥០ ដែលទាក់ទងផងដែរ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>