- មេចោរដៃដល់ម្នាក់ស្លាប់ ពេលបាញ់តដៃជាមួយសមត្ថកិច្ច និងឃាត់ខ្លួនពីរនាក់
ភ្នំពេញ៖ នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១ នៃឆ្នាំ២០១៥នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បាននាំគ្នាឡោមព័ទ្ធតាមចាប់ចោរប្លន់ម៉ូតូម្នាក់ រហូតផ្ទុះអាវុធដាក់គ្នាជាច្រើនគ្រាប់ នៅតាមវាលស្រែ ក្នុងសង្កាត់ ព្រៃ ស ខណ្ឌដង្កោ។ ទីបំផុតចោរបំផ្លាញ់សន្តិសុខក្នុងសង្គម ត្រូវមរណា ដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ពេលរូបគេព្យាយាមបាញ់តដៃជាមួយសមត្ថកិច្ច ខណៈបក្ខពួកពីរនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៤ និង ៣០នាទីល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៥នេះ ក្រុមចោរមានគ្នា៣នាក់ បាននាំគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូ ហើយត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញ តាមចាប់ រហូតធ្វើឲ្យក្រុមចោរទាល់ច្រកផ្តួលម៉ូតូចោល នៅចំណុចលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយក៏ត្រូវសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់។ ដោយឡែកបក្ខពួកម្នាក់ទៀត បានស្ទុះទៅភ្ជង់ប្លន់ម៉ូតូអ្នកដំណើរ មួយគ្រឿងទៀត ព្យាយាមជិះគេចខ្លួន តែត្រូសមត្ថកិច្ចប្រដេញតាមជាប់រហូត។
លុះដល់វាលស្រែក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ជនសង្ស័យបានផ្តួលម៉ូតូចោល ព្យាយាមរត់គេចខ្លួន ព្រមទាំងបាញ់ តដៃជាមួយសមត្ថកិច្ចរហូតដល់ជាង ៣០គ្រាប់។ ទីបំផុតចោរអស់លក្ខណ៍ បានរងនូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ដែលបាញ់ការពារខ្លួននោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតកណ្តាលវាលស្រែតែម្តង។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការរងរនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំបញ្ជាក្នុងប្រតិប្តិការបង្រ្កាបចោរ ប្លន់នេះ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រុមចោរមានគ្នា៣នាក់ ដោយចោរម្នាក់ត្រូវបានចាប់ ខ្លួន ហើយម្នាក់ទៀត បានស្លាប់បន្ទាប់ពីបាញ់តដៃជាមួយសមត្ថកិច្ច។ រហូតដល់ម៉ោងជាង ៥ល្ងាចថ្ងៃនេះ សមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ចោរម្នាក់ទៀត ដែលកំពុងលាក់ខ្លួននៅផ្ទះជួលម្តុំលូ៥។
លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចដកហូតបានកាំភ្លើង កា៥៤មួយដើម និង កា៥៩មួយដើមផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា មេចោរប្លន់ ដែលបាញ់តដៃជាមួយសមត្ថកិច្ចរហូតដល់ត្រូវគ្រាប់ស្លាប់កណ្តាលវាលស្រែ នោះ មានឈ្មោះ ឃុលល័រ។ មេចោរ ឃុលល័រ នេះ ជាមុខសញ្ញាប្លន់ដ៏សកម្ម និងកក្រើកក្នុងរាជធានីភ្នំពេញ ព្រម ទាំងបាញ់សម្លាប់ជនរងគ្រោះមិនញញើតដៃ និងជាច្រើនករណីមកហើយ។ មិនតែប៉ុណ្ណោះ មេចោរ ឃុលល័រ មាន ដីការបស់តុលាការ តាមចាប់ខ្លួនជាច្រើនផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមចោរប្លន់ត្រូវបានបិទបញ្ចប់ហើយនៅវេលាម៉ោង ៥ និង៤៦នាទី ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ជាលទ្ធផលឃាត់ខ្លួនពីរនាក់ និងស្លាប់ម្នាក់។
ទោះបីជាយ៉ាងណាឆុតឆាកប្រយុទ្ធ ជាមួយក្រុមចោរ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនេះ សមត្ថកិច្ចមិនទទួលរងរបួសនោះទេ។
ប្រតិបត្តិការបង្រ្កាបក្រុមចោរប្លន់នេះ ដែលចាត់ទុកជា«កាដូសន្តិសុខ» ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ នាដើមឆ្នាំថ្មី ឆ្នាំ២០១៥នេះ ត្រូវបានចូលរួមសហការ ប្រកបដោយប្រសិទ្ធភាពខ្ពស់រវាងកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌទួលគោក មានជ័យ ដង្កោ និងពោធិ៍សែនជ័យ៕