គែរ៖ ក្រុមអ្នកប្រឆំាង សំខាន់របស់ ប្រទេសអេហ្ស៊ីប ដែលមានឈ្មោះថា ក្រុមខ្សែត្រៀមជួរមុខ សម្រាប់សង្គ្រោះជាតិ (NSF) បានអំពាវនាវកាល ពីរាត្រីថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឲ្យមានការប្រឆំាង តវ៉ានៅទូទំាងប្រទេស ជុំវិញការរំលោភ បំពានមួយចំនួន អំឡុងពេលនៃការ ធ្វើប្រជាមតិ នៃរដ្ឋធម្មនុញ្ញជុំដំបូង។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២ថា ប្លុក អ្នកប្រឆំាង បាននិយាយនៅក្នុង សេចក្តីថ្លែងរបស់ (NSF) ដែលដឹកនាំដោយក្រុមអ្នក នយោបាយ ទ្វេភាគី និងអ្នកឆ្វេងនិយម រួមទំាងអតីតអ្នកការទូត លោក មហាម៉េដ អ៊ីលបារ៉ាដេ និងអតីត ប្រធានសហព័ន្ធ អារ៉ាប់លោក អាម មូស្សា បាននាំគ្នាអំពាវនាវ ប្រជាជនអេហ្ស៊ីបទំាងអស់ ក្រោកឈរតវ៉ាប្រឆំាង នៅទីលាន ថារី និងទីលានផ្សេងទៀត នៅថ្ងៃអង្គារ។
ទាក់ទងនឹងការធ្វើប្រជាមតិរបស់អេហ្ស៊ីបនេះដែរ ទីភ្នាក់ងារព័ត៌មានរដ្ឋ មីណា បាន រាយការណ៍ថា កាលពីថ្ងៃសៅរ៍ ទី១៥ ខែធ្នូ មានប្រជាជនរាប់លាននាក់ បាននាំគ្នាទៅ បោះឆ្នោត ខណៈដែលកុ្រម (NSF) បាននិយាយថា ពួកគេនឹងស្នើសុំ ទៅ គណៈកម្មាធិការ ជាន់ខ្ពស់ ទទួលបន្ទុកការបោះឆ្នោត ដើម្បីបើកការស៊ើបអង្កេត ជុំវិញបញ្ហារំលោភបំពាន មួយចំនួនដែល បានកើតឡើងអំឡុងពេល ធ្វើប្រជាមតិនៃរដ្ឋធម្មនុញ្ញ លើកដំបូងនេះ។
ខណៈនោះដែរ លទ្ធផលមិនផ្លូវការណ៍ សម្រាប់ជុំដំបូងនៃការធ្វើ ប្រជាមតិនេះ បានបង្ហាញថា មានសម្លេងឆ្នោត ចំនួន ៥៦,៥ភាគរយ គាំទ្ររដ្ឋធម្មនុញ្ញនេះ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃសៅរ៍ មានកន្លែងបោះឆ្នោតជាច្រើនត្រូវបាន គេបង្កើតឡើង នៅក្នុង ១០ខេត្ត របស់ប្រទេស អេហ្ស៊ីប ដើម្បីជាភាពងាយស្រួល សម្រាប់ការធ្វើប្រជាមតិ ជុំដំបូង ចំណែកលទ្ធផល ជាផ្លូវការចុងក្រោយ នឹងត្រូវបន្តនៅ ជុំបន្ទាប់ទៀត ដែលនឹងត្រូវធ្វើ ឡើងនៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះផងដែរ ៕