Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ល្បីថា ជើងខ្លាំង​ខាង​នេសាទ​ខុសច្បាប់​ខ្នាតធំ​ នៅផ្ទៃ​បឹងទន្លេ​សាប ឈ្មោះ ជីវ បាន​មកបង្កបទល្មើស​ក្នុងភូមិសាស្រ្ដ​សៀមរាប បន្ទាប់ពី​មាន​ភ្លើងខៀវ ពី​សមត្ថកិច្ច

$
0
0

សៀមរាប៖ យោងតាមគោលនយោបាយ និងយុទ្ធសាស្រ្ដ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ថ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្រាប់ការធានានូវការគ្រប់គ្រងជលផល និងធនធានជលផល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការផ្ទាល់នោះ ក្នុងបំណងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍មូលដ្ឋាន និងដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវចម្រុះផង រួមនិងមរតកវប្បធម៌ធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

តែជាក់ស្ដែងសង្គមស្ទើរតែទាំងមូល ក៏ដូចជាប្រជាសហគមន៍នេសាទតាមមូលដ្ឋានបានដឹង ឮច្បាស់ អំពី កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាម៉ី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគ្រប់គ្រង និងធានាការអនុវត្តតាមច្បាប់ប្រកបដោយវិសាលភាព ផងដែរ ។ តែក្នុងនោះដែរ គឺពិសេសការគ្រប់គ្រង ការប្រើប្រាស់ធនធានជលផល (មច្ឆាជាតិ) របស់ប្រជាសហគមន៍មូលដ្ឋាន ក្រោមបទប្បញ្ញត្តិនៃច្បាប់ពាក់ព័ន្ធនានា ត្រូវបានរំខាន និងមិនបានទទួលសិទ្ធិពេញលេញ។

ប្រជាសហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលស្ថិតនៅក្នុងភូមិសាស្ដ្របឹងទន្លេសាទ ខេត្តសៀមរាប ដូចជានៅសង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប និងនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បានប្រាប់អ្នកយកព័ត៌មានយើង ថា បច្ចុប្បន្ននៅផ្ទៃបឹងទន្លេសាទ ដូចជានៅពេជ្រជីក្រីយ៍ អតិតឡូតិ៍លេខ៦ និងចំណុចខ្វែកចក ភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណ ស្រុកជីក្រែង ក៏ដូចនៅចំណុចអតីតឡូតិ៍លេខ៤ តំបន់អភិរក្សបឹងទន្លេសាទ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ជាដើម គឺនៅមានបទល្មើសនាសាទទ្រង់ទ្រាយធំផងដែរ នៅពេលយប់នាពេលនេះ ហើយការដែលក្រុមជនល្មើសនេសាទទាំងនេះ ប្រព្រឹត្តទៅបាន គឺអាស្រ័យលើការឲ្យភ្លើងខៀវ និងការបិទភ្នែកពីសមត្ថកិច្ចពាក់ព័ន្ធ ផងដែរ ។

លោកប្រធានក្រុមប្រឹក្សាឃុំម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ដែលមានទីតាំងនៅតំបន់បឹងទន្លេសាទ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានដើមអម្ពិលយើងថា លោកបានទទួលព័ត៌មានពីប្រជាសហគមន៍នេសាទ ថា នៅពេលយប់ៗ នាពេលបច្ចុប្បន្ននេះ គឺមានបទល្មើសនេសាទធំៗជាច្រើន ដែលហាក់មានការឲ្យដៃពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងភូមិសាស្ដ្រ ផ្ទៃបឹងទន្លេសាប ដែលស្ថិតនៅក្នុងភូមិឃុំ របស់គាត់ ។

ជាក់ស្ដែងទាក់ទងនិងបញ្ហានេះ មានប្រជាសហគមន៍នេសាទ (សុំមិនបញ្ចេញឈ្មោះ) បាន ប្រាប់អ្នកយកព័ត៌មានដើមអម្ពិលយើងថា ប៉ុន្មានយប់នេះ គឺមានជើងខ្លាំងខាងប្រព្រឹត្តិបទល្មើសនេសាទយ៉ាងគឃ្លើនម្នាក់ មានឈ្មោះថា ”ជីវ” ដែលបានផ្អើលមកពីការបង្ក្រាបយ៉ាងក្ដៅរបស់អភិបាលខេត្តពោធិ៍សាត់ លើផ្ទៃបឹងទន្លេសាប ដែលក្រុមគេបានប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់នោះ ឥឡូវបានមកបន្ដប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ក្នុងផ្ទៃបឹងទន្លេសាប ភូមិសាស្រ្ដសៀមរាប យ៉ាងរំភើយ ។

ពួកគាត់បានបញ្ជាក់ថា ទីតាំងនៃផ្ទៃបឹងទន្លេសាទ ដែលមានឈ្មោះ ”ជីវ” ជាមេខ្លោងនោះ ដែលកំពុង និងបានប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់នោះ គឺនៅចន្លោះផ្ទៃបឹង រវាងខ័ណ្ឌព្រំប្រទល់ខេត្តសៀមរាប-ពោធិ៍សាត់ និងទីតាំងមួយចំនួនទៀត គឺនៅពេជ្រជីក្រីយ៍ អតិតឡូតិ៍លេខ៦ ជាដើមនោះ ហាក់មិនមានការរំខាន់ដល់ក្រុមសមត្ថកិច្ច ឡើយ ឬហាក់ទំនងដោយសារតែមានភ្លើងខៀវ និងការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធ ។
សូមបញ្ជាក់ថា យោងបទបញ្ជាលេខ ០០១បប របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងទៅនៅខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត បានដាក់បញ្ជា និងការណែនាំដល់អាជ្ញាធរ សមត្ថកិច្ច អង្គភាព មន្ត្រីជំនាញ និងប្រជាសហគមន៍ពាក់ព័ន្ធ ឲ្យចូលរួមគោរព និងអនុវត្តន៍តាមគោលនយោបាយ និងយុទ្ធសាស្រ្ដ ច្បាប់ លិខិតបទដ្ឋានគតិយុត្ថ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការគ្រប់គ្រងធនធានជលផល (មច្ឆាជាតិ) និងចុះផ្សព្វផ្សាយ អប់រំ ពិនិត្យ បង្រ្កាបរាល់បទល្មើសនេសាទ លើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ជាប្រចាំ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

ទន្ទឹមនិងនោះ ប៉ុន្មានខែមុននេះក្រោមការដឹកនាំរបស់លោក ឃឹម ប៊ុនសុង ជាអភិបាលខេត្ត កាលនោះ លោក នូ ផល្លា ជាអភិបាលខេត្តរង (ដែលបច្ចុប្បន្ន ជាប្រធាន ក្រុមប្រឹក្សាខេត្តសៀមរាប) លោកបានដឹកនាំ កងកម្លាំងរាជអាវុធហត្ថខេត្ត បានចុះពិនិត្យ សង្កេតករណីបទល្មើសនេសាទខុសច្បាប់ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួន អ្នកជាប់ពាក់ព័ន្ធជាបន្តបន្ទាប់ ផងដែរ ។ ហើយកាលពីដើមខែតុលា ឆ្នាំ២០១៤កន្លងទៅនេះ សមត្ថកិច្ច អ.ហ ខេត្តសៀមរាប បានចាប់ឃាត់ខ្លួន មន្ត្រីនគរបាលជាតិ ៥រួប ដែលបានជាប់ពាក់ព័ន្ធ និងការដែលពួកគាត់មិនបានអនុវត្តតាមតួនាទី រួមទាំងច្បាប់ លិខិតបទដ្ឋានគតិយុត្ថនានានោះ ។

ទោះជាយ៉ាងណា មានប្រជាសហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលរស់នៅ និងប្រកបរបរនេសាទស្របច្បាប់ ដើម្បីចិញ្ចឹមជីវិត នៅក្នុងភូមិសាស្ដ្រនោះ បានលើកឡើងជាសំណូមពរ ដល់គ្រប់ថ្នាក់ដឹកនាំ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បន្តចូលរួមទប់ស្កាត់នូវរាល់បទល្មើសនេសាទខុសច្បាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់ បើមិនដូច្នោះទេ ផលមច្ឆាជាតិនឹងត្រូវហិនហោចជាពុំខាន់ឡើយ។ ទាក់ទងនិងបញ្ហានេះអ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយើងមិនទាន់ អាចទាក់ទងជាមួយមន្ត្រី ជលផល បាននៅឡើយទេ រហូតដល់ពេលរសៀលនេះ ។

ហើយពួកគាត់ក៏បាន សំណូមពរដល់ថ្នាក់ដឹកនាំ និងក្រុមអធិការកិច្ច ក៏ដូចជា អង្គភាពប្រឆាំងអំពើរពុករលួយ ជួយពិនិត្យ និងដុះក្អែលរាល់បុគ្គល និងមន្ត្រី សមត្ថកិច្ច ដែលជាប់ពាក់ព័ន្ធនិងភាពអសកម្ម ហើយខកខានមិនបានបំពេញការងារ មិនបានអនុវត្តន៍តាមគោលការណ៍ ច្បាប់ តែបែជាឆ្លៀតឱកាស ឃុបឃិត ចូលដៃចូលជើង ជាមួយក្រុមជនប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ក្នុងទ្រង់ទ្រាយធំៗទៅវិញនោះ ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច ពិសេសការគ្រប់គ្រងធនធានជលផល (មច្ឆាជាតិ) ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles