-ជនសង្ស័យទើប បោកលុយពីអាជីវករ នៅខេត្តរតនគីរី បានជាង៣ម៉ឺនដុល្លារ
-ស្នងការ ខេត្តកំពង់ចាម អំពាវនាវ ដល់ប្រជាពលរដ្ឋ និងក្រុមអាជីវករ ត្រូវប្រុងប្រយ័ត្នខ្ពស់
កំពង់ចាម ៖ នគរបាល ខេត្តកំពង់ចាម បាន និងកំពុងស្វែង រកចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលជំនាញ ប្រើស្ទីលយក មាសសុទ្ធទៅលក់ ប៉ុន្តែពេលទទួលបានលុយ ពីជនរងគ្រោះ រួចហើយ ជននេះបានបន្លំដូរ ដាក់លោហៈ ជំនួសវិញ មុនពេលគេចខ្លួន ។
ជនសង្ស័យរូបនេះ បានបរាជ័យនូវ ផែនការរបស់ខ្លួន ដោយបំរុងធ្វើ សកម្មភាព ទៅលើអាជីវករ លក់មាស ប្តូរ ប្រាក់ នៅផ្សារបឹងកុក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥នេះ ប៉ុន្តែបានបរាជ័យ ព្រោះតែនគរបាល ដឹងពីគម្រោងទាន់ពេលវេលា ហើយ ក៏រត់គេចខ្លួនដោយសុវត្ថិភាព ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យរូបនេះ ធ្លាប់បាន ធ្វើសកម្មភាព ដោយជោគជ័យ ទៅលើអាជីវករ នៅខេត្តរតនគីរី ដោយបន្លំយកប្រាក់ ពីល្បិចកលបែបនេះ បានជាង៣ម៉ឺនដុល្លារ ។
ជុំវិញល្បិចបោកប្រាស់ បែបនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជា ទៅអធិការ នគរបាលតាម បណ្តា ក្រុង-ស្រុក និងនាយប៉ុស្តិ៍ទាំងអស់ ត្រូវផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ក្រុមអាជីវករ តាមរយៈ ការបង្ហាញរូបថត និងរឿងរ៉ាវ ដោយបន្ទាន់បំផុត ។
លោកឧត្តមសេនីយ៍ បានបញ្ជាឲ្យសមត្ថកិច្ចរបស់ខ្លួន តាមស្វែងរក និងចាប់ខ្លួនជាបន្ទាន់ ហើយនៅជាប់នឹងខ្លួន ជនសង្ស័យរូបនេះ មានមាសសុទ្ធ១គីឡូក្រាម កាត់ជា៤ដុំ និងមានដុំដែក ៤ដុំ ផងដែរ ។
ស្នងការ នគរបាល ខេត្តកំពង់ចាម បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនអាជីវករ ប្រយ័ត្ន ជននេះបាន និងកំពុង ដើរយក មាស លក់ ពេលលក់ គឺមាសសុទ្ធ ពេលទទួលប្រាក់ហើយ វាមានល្បិចប្តូរ យកមាសនេះវិញ ដោយដាក់ លោហៈធាតុផ្សេងជំនួស ។ រសៀលនេះ វាបំរុងធ្វើសកម្មភាព នៅផ្សារបឹងកុក តែត្រូវខូចផែនការទៅវិញ ព្រោះបែកការ ដល់នគរបាល ។ ប៉ុន្មានថ្ងៃមុននេះ វាធ្វើបានជោគជ័យ នៅរតនគិរី យកប្រាក់គេបាន៣ម៉ឺន ពេលវាចេញផុត មាសនោះ វាបានប្តូរទៅដុំដែកវិញ»។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កាលពី២ខែមុន នៅផ្សារស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានជនសង្ស័យ ម្នាក់ បានប្រើស្ទីល បោកដូចរូបភាព ខាងលើនេះ ផងដែរ ដោយជនសង្ស័យ បានយកលុយ១ម៉ឺនដុល្លារ ទៅដូរ យកលុយខ្មែរ ហើយធ្វើជាយក លុយរបៀប១ម៉ឺនដុល្លារទៀត ប៉ុន្តែក្រដាស់ ១០០ដុល្លារ នៅ ខាងក្រៅ រីឯក្រដាស ១ដុល្លារ នៅខាងក្នុង ។ ក្រោយពេលដូរលុយរួច ជនសង្ស័យបានប្រើល្បិច បន្លំចុះ បន្លំឡើង ដោយធ្វើផ្ញើរ លុយនេះ នៅនឹងអ្នកលក់សិន លុះពេលចេញទៅផុត អ្នកលក់ យកមកមើល ស្រាប់តែលុយមានត្រឹម ១៩៩ដុល្លារប៉ុណ្ណោះ ។
លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ផងដែរថា តាមការសន្និដ្ឋាន រហូតមកដល់ល្ងាចថ្ងៃទី៤ ខែមករា នេះ ជនសង្ស័យ ខាងលើ មិនទាន់ចេញផុតពី ក្រុងកំពង់ចាមនៅឡើយទេ៕