បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងសេរីសោភ័ណ ឃាត់ខ្លួនបានសម្រេច នៅសល់តែបក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន ដោយសុវត្ថិភាព បន្ទាប់ពីធ្វើសកម្មភាព យកកាំបិតសាំម៉ូរៃ កាប់លើជនរងគ្រោះម្នាក់ បណ្តាលរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ នៅចំណុចក្បាលស្ពាន ស្ថិតនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក សុិវ សុជាតិអធិការក្រុងសេរីសោភ័ណ បានអោយដឹងនៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ថា ក្រោយពីទទួល ពាក្យបណ្តឹងពីក្រុមគ្រួសាររងគ្រោះ និងយោងតាមបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត និងធ្វើការតាមដានស្រាវជ្រាវ រកមុខសញ្ញា រហូតដល់វេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ទើបឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ចំណែកឯបក្ខពួក២នាក់ទៀត បានរត់គេចខ្លួនបាត់ ។
លោកបានបន្តថា ជនរងគ្រោះមានឈ្មោះ យឹម តុលា ហៅមៀវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើនេះ បណ្តាលអោយជនដៃ ដល់យកកាំបិតសាំម៉ូរៃ កាប់បណ្តាលអោយរងរបួសធ្ងន់ បច្ចុប្បន្នកំពុង សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅឡើយទេ ។ រីឯជនសង្ស័យមានឈ្មោះ សួន សុខសៀងហៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានសារភាពចំពោះមុខច្បាប់ថា មូលហេតុឈានមកការប្រើអាវុធកាប់ គឺជនរងគ្រោះបានសើចដាក់ពួកខ្លួន ស្មានតែគេសើចឌឺដង ភ្លាមនោះបក្ខពួក ខ្លួនបានយកកាំបិតសាំម៉ូរៃ កាប់លើជនរងគ្រោះតែម្តង ។
បច្ចុប្បន្នសមត្ថកិច្ច បានសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ រីឯបក្សពួក២នាក់ទៀត សមត្ថកិច្ចក៏កំពុងតាមដានបន្តទៀត ចាប់យកមកផ្តន្ទាទោសតាមច្បាប់៕