រតនគិរី៖ លោកឧកញ៉ា ទ្រី ភាព បន្ទាប់ពីការវិនិយោគដាំកៅស៊ូ លូតលាស់អាចប្រមូលផលបានហើយនោះ នៅ ពេលនេះ បានបោះទុន ៣,៧លានដុល្លារ ដំឡើងរោងចក្រកែច្នៃកៅស៊ូ ផលិតជ័រក្រែប លើតំបន់សេដ្ឋកិច្ចពិសេស អូយ៉ាដាវ ក្នុងខេត្តរតនគិរី ជាមួយការរំពឹងថា អាចជួយកែច្នៃផលិតផលកៅស៊ូក្នុងស្រុក ឲ្យមានតម្លៃខ្ពស់នៅលើទី ផ្សារ។
តំណាងក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ រោងចក្រកែច្នៃកៅស៊ូនេះ ចំណាយពេលសាងសង់រយៈពេល ១៥ខែ។ តំណាងក្រុមហ៊ុន បានបញ្ជាក់ បន្ថែមទៀតថា រោងចក្រមួយនេះ នឹងធ្វើការកែច្នៃកៅស៊ូទៅជាជ័រក្រែប។
តំណាងក្រុមហ៊ុន ក៏បានសម្តែងការរំពឹងផងដែរថា រោងចក្រកែច្នៃកៅស៊ូតម្លៃជិត ៤លានដុល្លារនេះ នឹងជួយធ្វើ ឲ្យផលិតផលកៅស៊ូរបស់ខ្មែ មានតម្លៃខ្ពស់នៅលើទីផ្សារ។
បើតាមការបង្ហើបរបស់តំណាងក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ក្រៅពីការផលិតរោងចក្រកែច្នៃកៅស៊ូទៅ នៅ លើតំបន់សេដ្ឋកិច្ចអូយ៉ាដាវនេះ ក៏កំពុងផលិតរោងចក្រសំងួតម្រេច និងពោតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលវិនិយោគលើផ្ទៃដីជាច្រើន ពាន់ហិកតា ដើម្បីដាំដំណាំកៅស៊ូ និងម្រេច ព្រមទាំងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ ផែស្ងួត សណ្ឋា គារ កាស៊ីណូ ក្រោមតម្លៃវិនិយោគជិត រាប់សិបលានដុល្លារ។
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រុមហ៊ុនទើបតែបើកសម្ពោធដាក់ឲ្យដំណើរ ការសណ្ឋាគារ និងកាស៊ីណូ មានតម្លៃប្រមាណ ១៥,៨លានដុល្លារអាម៉េរិក៕