ដោយ ៖ នាយខ្វែក
ភ្នំពេញ ៖ មិនថា រាស្រ្ត មន្រ្តី អ្នកមានអ្នកក្រនោះទេ បច្ចុប្បន្ននេះ សូម្បីតែមន្រ្តីថ្នាក់ដឹកនាំធំៗភាគច្រើន ក៏នាំគ្នារអ៊ូរទាំ ពីរឿងស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញដែរ ជាពិសេសពេលម៉ោងចេញ-ចូល ធ្វើការ និងពេលព្រលប់ៗតែម្តង ។
ពិធីមង្គលការនៅតាមកន្លែងទទួលរៀបចំពិសារភោជនាអាហារធំៗ ភាគច្រើនដូចជា នៅកោះពេជ្រ នៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ និងកន្លែងមួយចំនួនទៀត ដែលពីមុនមក តែម៉ោង ៥-៦ល្ងាច ភ្ញៀវចូលពេញៗ ឥឡូវត្រូវបានពន្យាររហូត ដល់ម៉ោង ៧-៨ យប់ ទើបមានភ្ញៀវចូលពេញៗ ដោយសារតែការស្ទះចរាចរណ៍ ភ្ញៀវភាគច្រើនខ្ជិលទៅហូបពីក្បាល ព្រលប់ ព្រោះខ្លាចស្ទះចរាចរណ៍ទុករហូតដល់ម៉ោងជាង ៧ ជាង ៨យប់ ទើបនាំគ្នាទៅដោយយល់ថា ចរាចរណ៍រៀង ធូរស្បើយ ។
នៅតុការ នៅរោងបុណ្យ ឬក៏ការណាត់ជួបណាមួយ នៅក្នុងរាជធានីភ្នំពេញ ឲ្យតែអ្នកណាទៅយឺតជាងគេ អ្នកនោះ តែងតែយកលេសពីការស្ទះចរាចរណ៍ ទើបនាំឲ្យយឺតយូរសម្រាប់ធ្វើការដោះសារប្រាប់ដៃគូណាត់ជួប ឬក៏មិត្តភក្តិ និង ក្រុមគ្រួសារជាដើម ។ តាមពិតការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជារឿងគួរ ឲ្យឈឺក្បាលមែន មិនថា រាស្រ្ត មិនថា មន្រ្តី មិនថា ថ្នាក់ដឹកនាំធំៗនោះទេ អ្នកណាក៏ទទួលស្គាល់ និងរអ៊ូរទាំដែរ តែ ចំពោះរាស្រ្តសាមញ្ញ ពួកគាត់បានត្រឹមតែរអ៊ូរទាំប៉ុណ្ណោះ គឺគ្មានសមត្ថភាព និងសិទ្ធិអំណាចក្នុងការដោះស្រាយនោះ ទេ យ៉ាងច្រើនបានត្រឹមមានស្មារតីភ្ញាក់រលឹកចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ តាមរយៈការបើកបរគោរពច្បាប់ ចរាចរណ៍ដោយខ្លួនឯងប៉ុណ្ណោះ ។ ប៉ុន្តែ ចំពោះមន្រ្តីអាជ្ញាធរ ថ្នាក់ដឹកនាំវិញ គឺពួកគាត់មានសិទ្ធិ មានអំណាចក្នុងការ ធ្វើឲ្យបាត់ ឬកាត់បន្ថយការកកស្ទះចរាចរណ៍បាន តាមរយៈចំណាត់ការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ តាម រយៈការអនុវត្តច្បាប់ នៃការប្រើប្រាស់ផ្លូវថ្នល់ឲ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមាន របៀបរៀបរយជាដើម ។
គេឆ្ងល់ថា បើមន្រ្តី និងថ្នាក់ដឹកនាំមានសិទ្ធិអំណាច ក្នុងការលុបបំបាត់ និងកាត់បន្ថយការកកស្ទះចរាចរណ៍បាន ចុះ ហេតុអ្វីក៏មិននាំគ្នាធ្វើ ចាំនាំគ្នាអង្គុយរអ៊ូពីរឿងស្ទះចរាចរណ៍ពេលខ្លួនធ្វើដំណើរធ្វើអី ?
បច្ចុប្បន្ននេះ មានកត្តាបីដែលគេមើលឃើញថា នាំឲ្យមានការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ជាពិសេស តំបន់ទីប្រជុំជន និងដងវិថីធំៗ ដោយកត្តាទី១ បណ្តាលមកពីកំណើនមនុស្ស កំណើនយានយន្ត នៅក្នុងទីក្រុងដែល កត្តាទី១នេះ គេពិបាកនឹងធ្វើការលុបបំបាត់ ឬកាត់បន្ថយបានណាស់ ។ កត្តាទី២ គឺការបើកបរមិនគោរពច្បាប់ មិន គោរពសិទ្ធិក៏ពិបាកនឹងលុបបំបាត់បានភ្លាមៗដែរ គឺគេអាចធ្វើការកាត់បន្ថយបានជាបណ្តើរៗ ។ កត្តាទី៣ គឺបញ្ហា រំលោភច្បាប់ នៃការប្រើប្រាស់ផ្លូវថ្នល់ រួមទាំងបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គឺជាឧបសគ្គដ៏ធំមួយ ក្នុងការធ្វើឲ្យមានការកកស្ទះចរាចរណ៍ តែកត្តាទី៣នេះ បើមន្រ្តីអាជ្ញាធរ សមត្ថកិច្ចរួមទាំងថ្នាក់ដឹកនាំ មានឆន្ទៈធ្វើការ លុបបំបាត់ គឺមិនពិបាកនោះទេ ហើយអាចកាត់បន្ថយការស្ទះចរាចរណ៍បានមួយចំណែកធំទៀតផង ។
បច្ចុប្បន្ននេះ កន្លែងប្រកបអាជីវកម្មខ្លះ ដោយសារទីតាំងគ្មានចំណតឯកជន គាត់បានយកកៅអី ឬក៏របាំងទៅដាក់លើ ដងផ្លូវមុខកន្លែងអាជីវកម្ម ហើយសរសេរអក្សរហាមចត ឬសរសេរថា សម្រាប់រថយន្តអតិថិជន ហាងរបស់ខ្លួនចត ដោយមិនឲ្យអ្នកផ្សេងចតឡើយ ។ កន្លែងអាជីវកម្មខ្លះទៀត គាត់បានដាក់សម្ភារៈ ដាក់របាំង ឬក៏រៀបតុកៅអីពេញលើ ចិញ្ចើមផ្លូវ ធ្វើអាជីវកម្មមិនឲ្យអ្នកថ្មើរជើងដើរ ឬទុកសម្រាប់ចតយានយន្តរបស់អតិថិជនឡើយ ដោយឲ្យអតិថិជនចត យានយន្តនៅលើទ្រូងផ្លូវកន្លែងខ្លះ រហូតដល់ពីរជួរ បីជួរ ធ្វើឲ្យទ្រូងផ្លូវនៅតូច បង្កការកកស្ទះចរាចរណ៍ស្ទើរពេញទី ក្រុង ។ ប៉ុន្តែ ករណីនេះប្រសិនបើមន្រ្តី សមត្ថកិច្ច និងថ្នាក់ដឹកនាំមានឆន្ទៈលុបបំបាត់គឺមិនពិបាកនោះទេ ព្រោះយកតែ ច្បាប់ ស្តីពីការប្រើប្រាស់ផ្លូវថ្នល់ និងវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ មកអនុវត្តគឺមានប្រសិទ្ធិភាពហើយ ចុះ ហេតុអ្វី ក៏គេមិននាំគ្នាចាត់វិធានការអនុវត្ត បែរជានាំគ្នាអង្គុយរអ៊ូពីរឿងស្ទះចរាចរណ៍រាល់ថ្ងៃ មិនខុសពីនាំគ្នាអង្គុយបក់ តែផ្សែង តែមិននាំគ្នាដងទឹកជះពន្លត់រងើកភ្លើងនោះឡើយ ! ឬមួយការរៀបចំសណ្តាប់ធ្នាប់ឲ្យល្អ ធ្វើឲ្យបាត់ប្រយោជន៍ ដល់មន្រ្តី អាជ្ញាធរសមត្ថកិច្ច ?៕
ស្លាកហាមចតត្រូវបានគេយកទៅដាក់នៅលើទ្រូងផ្លូវ បង្កការកកស្ទះ