ហ្សាការតា៖ មន្រ្តីទទួលបន្ទុកការរុករក យន្តហោះរបស់អាកាសចរណ៍ AirAsia បាននិយាយនៅថ្ងៃពុធថា ក្រុមសង្គ្រោះ និងស្រាវជ្រាវរបស់ប្រទេស ឥណ្ឌូនេស៊ី បានកំណត់ទីតំាងនៃកន្ទុយយន្តហោះ ដែលបានធ្លាក់ចូលក្រោមផ្ទៃទឹក។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០៧ ខែមករា ឆ្នាំ២០១៥ ដោយផ្អែកតាមការលើកឡើងរបស់លោក បាំបាំង សូលីស្តូ ប្រធានទីភ្នាក់ងាររុករក នៅក្នុងសន្និសីទសារព័ត៌មានថា «យើងជោគជ័យដោយទទួលបានបំណែករបស់យន្តហោះ ដែលជាការកំណត់គោលដៅរបស់យើងហើយ។ បំណែកនៃកន្ទុយ យន្តហោះ ត្រូវបានបញ្ជាក់ថារកឃើញ»។
ការរកឃើញផ្នែកខាងក្រោយរបស់យន្តហោះនេះ ត្រូវបានគេគិតថាគឺជារឿងសំខាន់មួយដើម្បីឈានទៅរកប្រអប់ខ្មៅនៃយន្តហោះ ដែលផ្ទុកទិន្នន័យ និងថតសំឡេង ដើម្បីបញ្ជាក់អំពីមូលហេតុពិតប្រាកដដែលនាំឲ្យយន្តហោះធ្លាក់។
ពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់យន្តហោះនេះដែរ សាកសពចំនួន ៣៩នាក់ ត្រូវបានគេរកឃើញ ហើយបំណែកធំៗចំនួន ៥នៃយន្តហោះ ក៏ត្រូវបានគេរកឃើញដែរ ខណៈប្រតិបត្តិការរុករកត្រូវបានរារំាងដោយសារបញ្ហាអាកាសធាតុ៕