-បិទបញ្ចប់ មហាស្រពប្រឡង ចំរៀងសម័យ អបអរសាទរ ថ្ងៃជ័យជំនះ៧មករា នៅខេត្តព្រះវិហារ មានអ្នកចូលរួម យ៉ាងណែនតាន់តាប់
ព្រះវិហារ ៖ បេក្ខជន បេក្ខនារី ទាំង៦នាក់ ដែលជាប់ចំណាត់ ថ្នាក់លេខ១ លេខ២ និងលេខ៣ (ស្រី៣នាក់ និងប្រុស៣នាក់) នៅក្នុងកម្មវិធីប្រឡង ចំរៀង សម័យប្រចាំខេត្តព្រះវិហារ នារសៀល និងល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ បានមកទទួលពានរង្វាន់ និងទឹកប្រាក់ពីអភិបាល ខេត្ត ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ក្រោយពីពួកគេ ត្រូវបានគណៈកម្មការ បានធ្វើការ វាយតម្លៃ និងជ្រើសរើស ជាអ្នកទទួលជ័យលាភី ពិតប្រាកដនោះ។
នៅថ្ងៃ ទី១១ ខែមករា ឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តព្រះវិហារ ដែលមានមន្ទីរវប្បធម៌ និងសាសនា បានរួមសហការជាមួយ ស្ថានីយ៍ ទូរទស្សន៍ អប្សរា ប៉ុស្តិ៍ លេខ១១ បានរៀបចំមហាស្រព ប្រឡងចំរៀងសម័យ ដើម្បី អបអរ សាទរ នៃថ្ងៃជ័យជំនះ៧មករា លើកទី៣៦ និងជាថ្ងៃបិទបញ្ចប់ នៃការតាំងពិព័រណ៌ ទំនិញពាណិជ្ជកម្ម រវាងអាជ្ញាធរខេត្ត ទាំង៣របស់ខ្មែរ (ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប) និងខេត្តទាំង៥ ភាគឥសាន របស់ប្រទេសថៃ នារយះពេល៥ ថ្ងៃមកនេះ។
នៅក្នុងពិធីមហាស្រព ប្រឡងចំរៀងសម័យ ដែលធ្វើឡើងនៅ ក្នុងបរិវេណពហុកីឡដ្ឋាន ខេត្តព្រះវិហារខាង លើនេះ ត្រូវបានអភិបាល ខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ដែលជាគណៈអធិបតីនោះ បញ្ជាក់ថា មានអ្នកចូលរួម យ៉ាងច្រើនតាន់តាប់ ប្រកបដោយ ក្តីសប្បាយ រីករាយយ៉ាងខ្លាំង។
បើតាមលោកអភិបាលខេត្ត សម្រាប់ការប្រឡង ចំរៀងសម័យ នៅក្នុងកម្មវិធីនេះ មានបេក្ខជន បេក្ខនារី ចំនួន ៤០នាក់ មកពីតាម បណ្តាភូមិ នៃសង្កាត់ ឃុំ ក្រុង ស្រុក ទាំង៨ របស់ ខេត្តព្រះវិហារ ចូលរួមបញ្ចេញទឹកដមសំឡេង ដើម្បីឲ្យគណៈកម្មការ ជាអ្នក សម្រេច និងជ្រើសរើស ចុងក្រោយ រកឲ្យឃើញម្ចាស់ជ័យលាភីពិតប្រាកដ ដែល មានលេខ១ លេខ២ និងលេខ៣ ។
លោក អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ បន្តទៀតថា ក្រោយបញ្ចប់នៃការឡើងច្រៀង បញ្ចេញទឹកដម សំឡេងរួចមក គណៈកម្មការ ដែលជាមេប្រយោគ បានសម្រេចជ្រើសរើស បេក្ខជន៣នាក់ និងបេក្ខនារី៣នាក់ ដើម្បីទទួលពានរង្វាន់ និងប្រាក់រង្វាន់។
លោកអភិបាល ខេត្ត បានអញ្ជើញប្រគល់ពាន និងប្រាក់រង្វាន់ ដល់អ្នកទទួល បានជ័យ លាភីទាំង៦នាក់ ដោយអ្នកជាប់លេខ១ ទាំងបេក្ខជន និងបេក្ខនារី ទទួល បានពានមួយ និងថវិកាចំនួន៨០ម៉ឺនរៀល អ្នកជាប់លេខ២ ទាំងបេក្ខជន និងបេក្ខនារី ទទួលបានពានមួយ និងថវិកា ចំនួន៥០ម៉ឺនរៀល និងអ្នក ជាប់លេខ៣ ទាំងបេក្ខជន និងបេក្ខនារី ទទួលបានពានមួយ និងថវិកា ចំនួន៣០ ម៉ឺនរៀល។
ដោយឡែក បេក្ខជន និងបេក្ខនារី ដែលមិនមាន ឱកាស ទទួលបានចំណាត់នោះ ក៏ត្រូវលោកអភិបាលខេត្ត ផ្តល់ជូនថវិកា ក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀលផងដែរ ។
លោក អ៊ុំ ម៉ារ៉ា បានលើកឡើងថា សម្រាប់កម្មវិធី ដ៏ធំប្រចាំខេត្តព្រះវិហារ ខាងលើនេះ ពិតជាបានធ្វើឲ្យ ប្រជាពលរដ្ឋ ដែលចូលរួម មានក្តីសប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំង ហើយ បញ្ហាសន្តិសុខវិញ បានដំណើរការទៅដោយរលូន ពុំមានអ្វីកើតឡើង គួរឲ្យចាប់ អារម្មណ៍នោះទេ ៕
អភិបាលខេត្តព្រះវិហារ ប្រគល់ប្រាក់រង្វាន់ ដល់បេក្ខនារី