ហូជីមិញ៖ ក្រុមហ៊ុន Samsung អេទ្បិចត្រូនិក បានស្នើឲ្យប្រទេសវៀតណាម បន្ធូបន្ថយពន្ធនាំចូល ១៥,៥ លានដុល្លារ អាម៉េរិក សម្រាប់រោងចក្រ ក្រុមហ៊ុនរបស់ខ្លួន ក្នុងទីក្រុងហូជីមិញ ដោយសារតែ សម្ភារៈក្នុងស្រុក របស់វៀតណាម មិនមានស្ដង់ដារ ល្អគ្រប់គ្រាន់ តាមតម្រូវការ ក្នុងការផលិតផលិតផល របស់ខ្លួនទ្បើយ។
តាមសារព័ត៌មាន Thanhnien ចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០១៥ ឲ្យដឹងថា ក្រុមហ៊ុន Samsung អេទ្បិចត្រូនិក បានស្នើសុំប្រហែល ៨លានដុល្លារអាម៉េរិក ក្នុងការលើក លែងពន្ធនាំចូល សម្ភារៈសំណង់ សម្រាប់ រោងចក្រ របស់ខ្លួននេះ និង៧,៥លានដុល្លារ ក្នុងការលើកលែងពន្ធសម្ភារៈផលិតផល រួមទាំងប្រើ រយៈពេលប្រាំឆ្នាំ ខាងមុខបន្ថែមទៀត ដើម្បីឈានទៅដល់ការអនុវត្តគោលនយោបាយអនុគ្រោះពន្ធរបស់ខ្លួន។
ក្រុមហ៊ុន Samsung បាននិយាយថា ក្រុមហ៊ុនបានធ្វើការស្នើសុំការលើកលែងពន្ធចាប់ពី ផលិតផលរបស់ខ្លួន ប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយបំផុត ហើយរំពឹងថា នឹងបង្កើតប្រាក់ វិនិយោគចំនួន៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងរោងចក្រ នៅពេលអនាគតដែលនឹងប្រែជា ប្រាក់ចំណូលដ៏ធំសម្រាប់ប្រទេសវៀតណាម ផ្ទាល់តែម្ដង។
ព្រមជាមួយគ្នានោះ ក្រុមហ៊ុនដ៏ធំរបស់កូរ៉េ បានចេញសេចក្ដីថ្លែងការណ៍មួយដោយ បាន និយាយថា រោងចក្រនេះ ត្រូវតែបំពេញតាមស្ដង់ដារអន្ដរជាតិ ដោយក្រុមហ៊ុន មិនមានពេល វេលាគ្រប់គ្រាន់ក្នុងការបង្កើត សង្វាក់ផ្គត់ផ្គង់ ដែលមានគុណភាព ដោយផ្ទាល់ នៅក្នុងប្រទេស វៀតណាមនោះទេ។
ក្រុមហ៊ុន Samsung ក៏បានស្នើសុំមិនឲ្យបង់ពន្ធលើការនាំចូលដោយសារតែ វាលំបាកសម្រាប់ អាជីវកម្មព្រោះក្នុងអំទ្បុង ពេលប៉ុន្មានឆ្នាំ ដំបូងការចំណាយផ្សេងៗ ជុំវិញការបង្កើតក្រុមហ៊ុន Samsung នៅទីនេះ ចំនួន ៧០០លានដុលា្លរអាម៉េរិកឯណោះ។
ទន្ទឹមនឹងនោះផងដែរ មន្រ្ដីរដ្ឋបាលហូជីមិញ បានអនុម័តឲ្យសាងសង់ រោងចក្រអេទ្បិចត្រូនិកកាលពីខែកញ្ញា ឆ្នាំ២០១៤ ដោយរោងចក្រនេះបានចំណាយអស់១,៤ពាន់លានដុល្លារ លើផ្ទៃដី ៧០ហិកតា នៅក្បែរ ឧទ្យាន ហាយតិចសាយហ្គន ក្នុង សង្គាត់ ៩ និងផ្ដល់ការងារដល់បុគ្គលិកចន្លោះពី ៤.០០០-៥.០០០នាក់។
ក្រុមហ៊ុនន Samsung បាននិយាយថា ខ្លួនមានគម្រោងសហប្រតិបត្ដិការ រោងចក្រ ក្នុងរយៈពេល៥០ឆ្នាំ ដែលចាប់ផ្ដើម ក្នុងត្រីមាសទីមួយឆ្នាំ២០១៦ ហើយ តំណាងក្រុមហ៊ុន បានសន្យាថា នឹងប្រើសមាសភាគក្នុងស្រុកផលិត ពី៣០-៤០ ភាគរយនៅក្នុង ការផលិត ផលិតផលសម្រេចរបស់ខ្លួន បន្ទាប់ពី៣ឆ្នាំនៃការផលិតឲ្យ រោងចក្រនេះមានសេ្ថរភាព៕