- លោកទេសរដ្ឋមន្រ្តី ប្រកាសបង្កើតក្រុមកីឡាករហែលទឹកឈ្មោះ «ហែម ថុន» និង ពានរង្វាន់កីឡាហែលទឹក ដើម្បីជាការចងចាំ ដល់រូបលោក ហែម ថុន
ភ្នំពេញ៖ លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធ កីឡាហែលទឹកកម្ពុជា និងជាអតីតកីឡាករឆ្នើមនាទសវត្សរ៍ ឆ្នាំ៦០-៧០ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នាគេហដ្ឋានរបស់លោក ក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មរណភាពរបស់អតីតកីឡាហែលទឹកដ៏ឆ្នើមរបស់កម្ពុជា បានធ្វើឲ្យមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង កីឡាករ កីឡាការិនីខ្មែរជំនាន់ក្រោយសោកស្តាយជាពន់ពេក។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន ដែល ធ្វើការពាក់ព័ន្ធនិងកីឡា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជាបន្ត បន្ទាប់។
ក្រៅពីការចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពា ណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នៅលើទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម បានសរសេរបង្ហាញពីការសោកស្តាយ និងរំលឹកនូវគំរូវីរភាពជាច្រើនរបស់លោក ហែម ថុន ដែលបានបន្សល់ទុកកាលពីនៅមានជន្មាយុ។
លោក ស៊ុន ចាន់ថុល ដែលមានតួនាទីជាប្រធានសហព័ន្ធកីឡាហែលទឹកខ្មែរនោះ បានរៀបរាប់ថា លោក ហែម ថុន គឺជាកីឡាករហែលទឹកមួយរូប ក្នុងចំណោមកីឡាករហែលទឹក ដែលទទួលបានមេដាយ និង គួរឲ្យស្ងើចសរ សើរ នៅកំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ និងបានដឹងរឿងរ៉ាវជាច្រើន ទាក់ទងនឹងប្រវត្តិកីឡាកម្ពុជា ក្នុង ទសវត្សរ៍ឆ្នាំ១៩៦០ ហើយត្រូវបានចាត់ទុក ជាបណ្តាល័យរស់មួយសម្រាប់អ្នកសិក្សាស្រាវជ្រាវស្តីពីកីឡាកម្ពុជា។
មិនតែប៉ុណ្ណោះ លោក ហែម ថុន ក៏បុគ្គលមួយរូប ដែលបានបំផុសឲ្យលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រៃអង្គាសប្រាក់ ដើម្បីកសាងកីឡដ្ឋានហែលទឹកនៅក្នុងខេត្តកំពង់ចាមផងដែរ។
សារដែលរំលេចជាមួយអារម្មណ៍ក្តុកក្តួល លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះ «លោកគ្រូ ហែម ថុន បាន បំផុសគំនិតឲ្យខ្ញុំធ្វើការរៃអង្គាសប្រាក់ ដើម្បីកសាងកីឡដ្ឋានហែលទឹកមួយនៅខេត្តកំពង់ចាម។ កីឡដ្ឋានហែល ទឹកនេះ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងខែឧសភាខាងមុខនេះ។ លោកគ្រូបានចូលរួមយ៉ាងច្រើន ក្នុងការរចនា ប្លង់ និងការត្រួតពិនិត្យគ្រប់គ្រងកីឡដ្ឋានហែលទឹកនេះ។ វាជាសេចក្តីទុក្ខក្រៀមក្រំ និង សោកស្តាយជាពន់ពេក ដែលរូបលោកមិនបាននៅមើលឃើញ សមិទ្ធិផល នៃការខិតខំប្រឹងប្រែងរបស់ខ្លួន»។
លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងថា លោក ហែម ថុន គឺជាមនុស្សម្នាក់ ប្រកបដោយសុចរិត និងសេចក្តីថ្លៃថ្នូរ ហើយ លោកទេសរដ្ឋមន្រ្តី ក៏ធ្លាប់មានភ័ព្វសំណាងណាស់ ទទួលបានការហ្វឹកហាត់ពីលោក ហែម ថុន កាលពីនៅក្នុង ក្រុមហែលទឹក របស់លោក ហែម ថុន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
លោក បានបន្តថា «ភរិយា កូន ចៅ មិត្តភ័ក្តរបស់លោកគ្រូ និងយើងទាំងអស់គ្នា ដែលមានភ័ព្វសំណាងបានទទួល ការហ្វឹកហាត់ពីរូបគាត់ និងប្រជាជាតិខ្មែរ មានការនឹករលឹកចំពោះរូបលោកជាពន់ពេក។ កេរ្តិ៍ដំណែល និងឥទ្ធិពល របស់លោកគ្រូ បន្តកើតមានជានិច្ចនិរន្តរ នៅក្នុងវិស័យកីឡាហែលទឹក និង កីឡាយុវជនកម្ពុជា»។
ប្រធានសហព័ន្ធកីឡាហែលខ្មែររូបនេះ បានប្រកាសបង្កើតក្រុមកីឡាករហែលទឹកមួយឈ្មោះថា «ហែម ថុន» និង ពានរង្វាន់កីឡាហែលទឹក ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងដើម្បីជាកិត្តិយស ជាការចងចាំដល់រូបលោក ហែម ថុន៕