ភ្នំពេញ៖ អគ្គលេខាធិការ រដ្ឋសភាបានអំពាវនាវ ដល់សមាជិក-សមាជិកា រដ្ឋសភា និងមន្ត្រីរាជ ការនៅអគ្គលេខា ធិការដ្ឋានរដ្ឋសភា ទាំងអស់ដែលមានអាយុ តិចជាង៦០ ឆ្នាំឱ្យចូលរួម ស្តាប់ការផ្សព្វផ្សាយ និងធ្វើការបរិច្ចាគឈាមជូន ដល់មជ្ឈ មណ្ឌលជាតិផ្តល់ឈាម ទៅតាម ការស្ម័គ្រចិត្ត ដែលនឹងប្រព្រឹត្តទៅនៅ វិមានរដ្ឋសភានាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ បើយោងតាមសារព័ត៌មានAKP។
លោក ឡេង ប៉េងឡុង បានថ្លែងតាមរយៈលិខិតអំពាវនាវថា ការបរិច្ចាគឈាមគឺជាអំណោយ មនុស្សធម៌ដ៏ថ្លៃថ្លា ដើម្បីជួយសង្រ្គោះជីវិតមនុស្សដែលស្ថិតនៅ ក្នុងភាពអាសន្នចាំបាច់ ត្រូវការឈាម។ ការបរិច្ចាគនេះពុំធ្វើឱ្យទន់ខ្សោយ ឬប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគ បន្តិច សោះឡើយ ផ្ទុយទៅវិញវាជាគុណបុណ្យដ៏ធំមួយ ដែលជាកាយវិការសប្បុរស ក្នុងការជួយ ដល់ញាតិមិត្តជិតឆ្ងាយ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ ឈាមមានប្រសាសន៍ ក្នុងលិខិតផ្ញើជូនទៅ អគ្គលេខាធិការដ្ឋានរដ្ឋសភា សុំសហការធ្វើការផ្សព្វផ្សាយ និងទទួល អំណោយឈាមដោយស្ម័គ្រចិត្តថា អ្នក ជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុង រាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ១០០ប្លោកជារៀងរាល់ថ្ងៃ ដើម្បី ព្យាបាល និងជួយសង្គ្រោះជីវិត ជាបន្ទាន់ ក្នុងនោះអ្នកជំងឺមួយចំនួនធំបានបញ្ជូនមក ពីបណ្តាខេត្តនានាទូទាំង ប្រទេស។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងថា « យើងខ្ញុំតែងសុំឱ្យមានកិច្ចសហការ ដ៏សប្បុរសធម៌ ពីគ្រប់ ស្ថាប័ន អង្គភាព ជាពិសេសអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីទទួល បាននូវអំណោយឈាម ដ៏សប្បុរសធម៌ សម្រាប់សេចក្តីត្រូវការរបស់ ជនរងគ្រោះ និងអ្នកជំងឺទាំងអស់។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា នៅឆ្នាំ២០១៣ មានអ្នក ស្ម័គ្រចិត្តបរិច្ចាគ ឈាមចំនួនជាង៤ម៉ឺននាក់ មានការកើនឡើង៥ភាគរយ បើប្រៀបធៀប នៅឆ្នាំ២០១២ ដែលនេះជាចំនួនកើន ឡើងតិចតួចតែប៉ុណ្ណោះ ដោយសារតែប្រជាពលរដ្ឋមួយ ចំនួនគិតថា ការបរិច្ចាគឈាមធ្វើឱ្យប៉ះពាល់ដល់ សុខភាព និងមិនមានតម្លាភាពក្នុងការចែកចាយ៕