Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ នឹងលើករបៀប វារៈអំពី សមាហរណកម្ម អាស៊ាន ក្នុងវេទិកាសេដ្ឋកិច្ច នៅស្វីស

$
0
0

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខ ទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តោតសំខាន់ លើរបៀបវារៈ អំពីសមាហរណកម្មអាស៊ាន និងសករាជថ្មីនៃកំណើន និងឱកាសសម្រាប់ ប្រទេសកម្ពុជា ។

សម្តេចនាយករដ្ឋមន្រ្តី នឹងចូលរួមពិភាក្សា ក្នុងតុគណៈប្រតិភូ ជាមួយនឹង លោក ម៉ូហាម៉ាត់ ណាជីបប៊ិនទុន អាប់ឌុលរ៉ាហ្សាក់ នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ប្រទេសម៉ាឡេស៊ី លោក ផាំ ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស វៀតណាម និង លោក ព្រិទ្ធយ៉ាថន ទេវកុល ឧបនាយករដ្ឋមន្រ្តីថៃ ។

សម្តេចតេជោ និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងថ្លែងសុន្ទរកថា នៅឱកាសកម្មវិធីភោជនាហារថ្ងៃត្រង់ ដែលរៀបចំដោយ សភាពាណិជ្ជកម្ម អន្តរជាតិនៃកម្ពុជា (IBC) និងសភាពាណិជ្ជកម្ម ស្វ៊ីស-អាស៊ី ដែលជាវេទិកាសម្រាប់អ្នកដឹកនាំ វិស័យឯកជនប្រទេសស្វីស នាយកប្រតិបត្តិក្រុមហ៊ុន និងប្រតិភូចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក ពិភាក្សាអំពីឱកាសអាជីវកម្ម និងការវិនិយោគនៅកម្ពុជា ។

សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា តែងតែបានគាំទ្រ រដ្ឋាភិបាលកម្ពុជា នៅក្នុងការចូលរួមជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក និងតែងបានចូលរួម យ៉ាងសកម្មជាមួយ នឹងរដ្ឋាភិបាល ក្នុងកិច្ចប្រជុំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅកម្រិតតំបន់អាស៊ី ។ នេះជាលើកទីមួយហើយ ដែលថ្នាក់ដឺកនាំកំពួល និង ជាន់ខ្ពស់របស់ ប្រទេសកម្ពុជា មានសមាសភាព នៅក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោក នៅទីក្រុងដាវ៉ូស ដែលជាកិច្ចប្រជុំដ៏សំខាន់មួយ សម្រាប់មេដឹកនាំ ផ្នែកពាណិជ្ជកម្ម និងនយោបាយ ទូទាំងពិភពលោក ។

គណៈប្រតិភូផ្នែកអាជីវកម្ម រួមមាន លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិ ធនាគារអេស៊ីលីដា លោក Bretton Sciaroni ប្រធានសភាពាណិជ្ជកម្ម អន្តរជាតិនៃកម្ពុជា លោក Peter Sok ប្រធានសហព័ន្ធអង្ករកម្ពុជា (CRF) និងលោក Pierre Tami សហគ្រិនសង្គម និងជាសមាជិករបស់សភាពាណិជ្ជកម្ម អន្តរជាតិនៃកម្ពុជា និងវេទិកាសេដ្ឋកិច្ច ពិភពលោក ។

បន្ថែមពីលើពីកិច្ចការប្រជុំ ការពិភាក្សាជាក្រុម និងកម្មវិធីភោជនាហារថ្ងៃត្រង់ ក្រុមប្រតិភូកម្ពុជា ក៏នឹងជួយលើកកម្ពស់ វិស័យនាំចេញអង្ករ នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចនៅប្រទេស ស្វ៊ីសនេះផងដែរ ដោយក្រុមគណៈប្រតិភូ នឹងជួបជាមួយនាយក ប្រតិបត្តិក្រុមហ៊ុននាំចូល និងកែច្នៃអាហារធំៗ នៅប្រទេសស្វីស ដើម្បីជួយលើកកម្ពស់អង្ករ ឈ្នះពានរង្វាន់របស់កម្ពុជា ។

កាលពីខែវិច្ឆិកាឆ្នាំមុន អង្ករក្រអូបរំដួល របស់ប្រទេសកម្ពុជា បានជាប់ឈ្មោះ ជាអង្ករល្អបំផុត នៅលើពិភពលោក ដែលនេះជាជ័យជំនះបីឆ្នាំជាប់គ្នា នៅក្នុងកម្មវិធីពានរង្វាន់ អង្ករពិភពលោក ។ កិច្ចប្រជុំ និងទស្សនកិច្ច រៀបចំដោយសភាពាណិជ្ជកម្ម អន្តរជាតិនៃកម្ពុជា នឹងជួយឲ្យសហព័ន្ធអង្ករកម្ពុជា កសាងបន្ថែមលើ ភាពជោគជ័យនេះ និងពង្រីកសក្តានុពល ទីផ្សារមានតម្លៃ ថ្មី សម្រាប់ស្រូវអង្កររបស់ខ្លួន ៕


Viewing all articles
Browse latest Browse all 8042

Trending Articles