ព្រះសីហនុ៖ លោក ឈិត សុខុន អភិបាលខេត្ដ ព្រះសីហនុ កាលពី រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ បានដឹកនាំ មន្រ្តីរាជការក្រោមឱវាទ អញ្ជើញចុះពិនិត្យផ្លូវ ចាក់ក្រាលកៅស៊ូ១ខ្សែ នៅវិថី៧មករា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកំពុងស្ថាបនាឡើង ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ អស់រយៈកាលប្រមាណជាបីខែ កន្លងមក ។
លោក ឈិត សុខុន អភិបាលខេត្ដព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ផ្លូវចាក់ក្រាលកៅស៊ូប្រភេទ AC មួយខ្សែលើដងវិថី៧មករានេះ មានបណ្ដោយផ្លូវប្រវែង១០០០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ស្មើនឹង១៥០០០ម៉ែត្រការ៉េ ដោយប្រើប្រាស់ថវិកាជាតិ និងថវិការបស់សាលាខេត្ដ ។
លោកអភិបាល ខេត្ដព្រះសីហនុបានបន្ដថា ក្រៅពីវិថី៧មករានេះ ក៏មានការអភិវឌ្ឍ លើហេដ្ឋារចនាសម្ពន័ ជាច្រើនទៀតដូចជាការជួសជុលឡើងវិញ នូវផ្លូវវិថីឯករាជ្យ ត្រង់ចំណុចមុខមន្ទីរឧតុនិយម ក្នុងភូមិ៣ សង្កាត់លេខ៣ជាដើម ។ លោកអភិបាលខេត្ដព្រះសីហនុ បានថ្លែងបន្តទៀតថា កិច្ចការងារអស់ទាំងនេះ គឺដើម្បីជាការឆ្លើយតប ទៅនឹងកំណើនវិស័យទេសចរណ៍ដែលកំពុងតែកើនឡើង ជារៀងរាល់ឆ្នាំ ៕