រីយ៉ាដ៖ លោកប្រធានាធិបតី សហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរមកដល់ទីក្រុង រីយ៉ាដ របស់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ហើយនៅថ្ងៃអង្គារ ទី២៧ ខែមករា ដើម្បីជួបពិភាក្សា ជាមួយនឹងព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌុឡាស៊ីស អាល់ សូដ ដែលជា អធិរាជថ្មី នៃអាណាចក្រប្រេង ធំបំផុតទីពីរលើកលោកនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហា មានប្រយោជន៍ ជាច្រើននៃចំណង ទាក់ទងបែបសម្ព័ន្ធមិត្ត ជាពិសេសនោះគឺបញ្ហា នុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់, ការប្រយុទ្ធប្រឆាំង អំពើភេរវកម្ម, ព្រមទាំងវិបត្តិនៅស៊ីរី និង យ៉េមែន ជាដើម។ បន្ទាប់ពីកិច្ចពិភាក្សាគ្នានោះ លោកអូបាម៉ា អមដោយ មន្ត្រីជាន់ខ្ពស់អាម៉េរិកជាង ៣០រូបទៀត នឹងចូលពិធីជប់លៀង អាហារស្វាគមន៍ពីសំណាក់រាជវង្សានុវង្ស និង មន្ត្រី រដ្ឋាភិបាល អារ៉ាប៊ី សាអូឌីត ជាច្រើនរូប។
នេះជាលើកទីមួយហើយ នៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាម៉េរិក និង អារ៉ាប៊ី សាអូឌីត បន្ទាប់ ពីព្រះចៅ អាប់ឌុលឡាហ៍ បានសោយទីវង្គត់ កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ដោយអការៈ ហើមសួត។ លោក អូបាម៉ា បានកាត់បន្ថយពេល នៃដំណើរទស្សនកិច្ចនៅឥណ្ឌា ដើម្បី មកសម្តែងការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះចៅ អាប់ឌុលឡាហ៍ ព្រមទាំងពិភាក្សាបញ្ហា រាលដាលក្នុងតំបន់ និងសកលលោកជាច្រើនទៀត៕