មូស្គូ៖ វិមានក្រឹមឡំាង រុស្ស៊ី បានឲ្យដឹងនៅថ្ងៃពុធថា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជានិត្យកូរ៉េ ឬកូរ៉េខាងជើង បានបញ្ជាក់ថា មេដឹកនាំកំពូលរបស់ខ្លួន គឺលោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅទីក្រុង មូស្គូ នៅក្នុងខែឧសភា ខាងមុខ ដើម្បីចូលរួមពិធីខួបលើកទី៧០ នៃជ័យជំនះរបស់សហភាពសូវៀត លើរបបណាស៊ីអាល្លឺម៉ង់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ផ្សាយរបស់សារព័ត៌មាន អ៊ិនធ័រហ្វាក់ ដែលស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡំាងលោក ឌីមីទ្រី ផេស្កូវថា «មេដឹកនាំរបស់កូរ៉េខាងជើង បានបញ្ជាក់ថា ចូលរួមក្នុងពិធីនេះ ហើយយើងក៏បានត្រៀមរួចរាល់ហើយដែរ ចំពោះការមកដល់នៃមេដឹកនាំកំពូលរូបនេះ»។
ជាមួយគ្នានោះដែរ កាលពីដើមសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡារ៉ូវ បាននិយាយថា រុស្ស៊ីបានទទួលសញ្ញាណវិជ្ជមានលើកដំបូងពីប្រទេស កូរ៉េខាងជើង អំពីទស្សនកិច្ចមកកាន់ទីក្រុង មូស្គូ របស់លោក គីម នៅខែឧសភាខាងមុខ។
សូមបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ី បានប្រារព្ធពិធីថ្ងៃជ័យជំនះ ០៩ឧសភា ជារៀងរាល់ឆ្នាំ ដែលជាទិវាជ័យជំនះ លើរបបពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមសម្រាប់អ្នកស្នេហាជាតិដ៏មហស្ចារ្យ អំឡុងសង្គ្រាមលោកលើកទី២ របស់ប្រទេសរុស្ស៊ី៕