Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក កែវ រតនៈ ចុះបើកប្រតិបត្តិការ តបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ជូនកម្មករ

0
0

ភ្នំពេញ ៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅម៉ោង ៥ និង២០នាទី ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នេះ បានដឹកនាំមន្រ្តីអគ្គិសនីកម្ពុជា ចុះប្រតិបត្តិការតបណ្តាញអគ្គិសនី និង ដំឡើងកុងទ័រ ជាលើកដំបូងជូនកម្មករ-កម្មការិនី នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រតិបត្តិការ តបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់ជួលរបស់កម្មករ-កម្មការិនី ក្រោយការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទទួលបានការសាទរ និងស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ កម្មករ- កម្មការិនី ក៏ដូចជាអ្នកប្រកបអាជីវកម្ម ក្នុងតំបន់រោងចក្រផងដែរ ។

ប្រតិបត្តិការចុះតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ដើម្បីជួយឲ្យកម្មករ-កម្មការិនី បានប្រើប្រាស់អគ្គិសនី ត្រឹមតម្លៃ ៦១០រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង ដែលចាប់ផ្តើមនៅរសៀលថ្ងៃនេះ និងធ្វើឡើងនៅខណ្ឌចំនួន ៣ គឺខណ្ឌឬស្សីកែវ, ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលជាតំបន់ប្រជុំទៅដោយរោងចក្រ និងមានចំនួនកម្មករច្រើនជាងគេក្នុងរាជធានីភ្នំ ពេញ ។

កម្មករ ទាំងអ្នកជួលបន្ទប់ បានថ្លែងថា ពួកគាត់សុទ្ធតែសប្បាយចិត្តចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរអគ្គិសនីកម្ពុជា ហើយពួកគាត់ សុទ្ធតែយល់ព្រមនឹងការបង់ប្រាក់កក់ តម្លៃប្រមាណ ៣ម៉ឺនរៀល តាមការកំណត់របស់អគ្គិសនីកម្ពុជា ។ តែពួកគាត់ក៏បានសំណូមពរឲ្យម្ចាស់ផ្ទះជួល កុំបន្តឡើង ថ្លៃបន្ទប់ ឬក៏ផ្ទះជួល ។

យោងតាមលិខិតជម្រាបជូន ទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នេះ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមនិយោជិត របស់អគ្គិសនីកម្ពុជា នឹងចុះទៅទទួលពាក្យស្នើសុំបន្តចរន្ត និងធ្វើការតភ្ជាប់ចរន្តអគ្គិសនី នៅទីតាំងស្នាក់នៅរបស់ កម្មករ-កម្មការិនី នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥នេះតទៅ ។

ក្រុមនិយោជិត នឹងចាប់ផ្តើមធ្វើការ ពីម៉ោង ៤ និង៣០នាទីល្ងាច ដល់ម៉ោង ៨ និង៣០នាទីយប់សម្រាប់ថ្ងៃចន្ទ  ដល់ ថ្ងៃសៅរ៍ ។ សម្រាប់ថ្ងៃអាទិត្យវិញ នឹងធ្វើចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ។ តាមរយៈលិខិតផ្ញើជូនអភិបាល រាជធានីនេះ លោក កែវ រតនៈ បានបញ្ជាក់ថា ក្រុមការងារចុះទៅបណ្តាខណ្ឌនីមួយៗ មានចំនួន ១០ក្រុម និង មាន សមាជិកសរុប ៨០នាក់ ។

អគ្គនាយកអគ្គិសនីកម្ពុជា បានស្នើសុំអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយចូលរួមសហការ និង ចាត់ កម្លាំងប្រដាប់អាវុធម្នាក់ ទៅអមតាមក្រុមការងារនីមួយៗ ព្រមទាំងសុំការចូលរួមពីមន្រ្តីសាលាខណ្ឌ/សង្កាត់ ចំនួន ៤ រូបទៅចូលរួមផងដែរ ។

តាមរយៈលិខិតដដែលនេះ បានឲ្យដឹងផងដែរថា ចាប់នៅថ្ងៃទី២៩ ខែមករា នេះតទៅ ក្រុមការងាររបស់អគ្គិសនីកម្ពុជា ក៏នឹងចុះទៅជួបម្ចាស់ដី ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ជួល នៅក្នុងខណ្ឌទាំង ៣ខាងលើផងដែរ ដើម្បីធ្វើការវាយតម្លៃ សំណង និងពិនិត្យបណ្តាញខ្សែ ក៏ដូចជាកុងទ័រ ដែលមានស្រាប់នៅតាមផ្ទះ ឬបន្ទប់ជួលរបស់កម្មករ និយោជិត ។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធវារីអគ្គិសនីឬស្សីជ្រុំ នៅខេត្ត កោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ កន្លងទៅ បានបញ្ជាឲ្យអគ្គិសនីកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធរិះរកវិធាន ការ ដើម្បីផ្តល់ឱកាសឲ្យកម្មករ-កម្មការិនី បានប្រើប្រាស់ថាមពលអគ្គិសនី ក្នុងតម្លៃដូចប្រជាពលរដ្ឋទូទៅ ពោលមិន ស្ថិតក្រោមតម្លៃវិនិយោគបន្តពីម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួល ដែលមានតម្លៃថ្លៃនោះឡើយ ។

ក្រោយទទួលបានបទបញ្ជានេះ អគ្គិសនីកម្ពុជា ដែលដឹកនាំដោយ លោក កែវ រតនៈ បានបើកកិច្ចប្រជុំជាមួយ មន្រ្តី ពាក់ព័ន្ធ អាជ្ញាធរ មន្រ្តីសហជីព ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ឬបន្ទប់ជួលផងដែរ ។ លោក កែវ រតនៈ បាន សម្រេចចំណាយថវិកាជាង ២លានដុល្លារ ដើម្បីតបណ្តាញខ្សែភ្លើង និងដំឡើងកុងទ័រដល់ផ្ទះ ឬបន្ទប់ ជួល របស់ កម្មករ-កម្មការិនីតែម្តង ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images