ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ថា លោកអតីត អ្នកវិទ្យាសាស្ត្រ អាម៉េរិកមួយរូប ដែលបម្រើការងារ នៅឯមន្ទីរពិសោធន៍ជាតិ Los Alamos សហរដ្ឋអាម៉េរិក ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ ចំនួន០៥ឆ្នាំ បន្ទាប់ពីរូបលោកបាន ប៉ុនប៉ងផលិតគ្រាប់បែក នុយក្លេអ៊ែរ ដោយសម្ងាត់បញ្ជូន ទៅឲ្យប្រទេស វេនីហ្ស៊ូអេឡានោះ ។
គេបានដឹងថា លោក Pedro Leonardo Mascheroni បានប្រព្រឹត្តទោសកំហុសកាលពីឆ្នាំ២០១៣ ក្រោមការសើុបអង្កេត ឃើញពីក្រុម FBI ដោយរកឃើញថា អ្នកវិទ្យាសាស្ត្ររូបនេះបានប្រព្រឹត្តខុស ហើយមានទំនាក់ទំនង ជាមួយមន្ត្រី នៅក្នុងប្រទេស វេនីហ្ស៊ូអេឡា ។
គួរបញ្ជាក់ថា លោក Pedro Mascheroni មានអាយុ៧៩ឆ្នាំ ហើយលោកមានដើមកំណើត មកពីប្រទេសអាហ្សង់ទីន ។ភរិយាររបស់លោកក៏ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារចំនួន០១ឆ្នាំដែរ ។
ប្រភពព័ត៌មានបានចុះផ្សាយថា លោក Mascheroni បានត្រូវបានសើុបអង្កេត អស់រយៈពេល០១ឆ្នាំ មុនពេលចោទ ប្រកាន់ពីទោសកំហុស របស់គាត់ ។
សូមបញ្ជាក់ថា ទីភ្នាក់ងារ FBI សហរដ្ឋអាម៉េរិក បានរឹបអូសកុំព្យូទ័រ សំបុត្រ រូបថត និងសៀវភៅ កំណត់ត្រា ផ្សេងនៅផ្ទះរបស់ អ្នកទោសមួយនេះ ។
ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលសហរដ្ឋអាម៉េរិក មិនទាន់ជឿថា វេនីហ្ស៊ូអេឡា កំពុងតែព្យាយាម ទទួលយកនូវ នុយក្លែអ៊ែរដោយ សម្ងាត់ពីសហរដ្ឋអាម៉េរិក នោះនៅឡើយទេ ៕