ភ្នំពេញ ៖ បន្ទាប់ពីបញ្ជីមួយសន្លឹក ដែលមានលេខទូរស័ព្ទ និងឈ្មោះរបស់ សមត្ថកិច្ចចម្រុះ ដែលឈរជើងនៅ តាមផ្លូវជាតិលេខ៥ តាំងពីស្រុកវាលវែង ខេត្ដពោធិ៍សាត់ រហូតដល់ព្រែកក្ដាម ខេត្ដកណ្ដាលចំនួន៤៩នាក់ ត្រូវ បានគេទម្លាយឱ្យដឹងថា បានយកលុយពីឈ្មួញដឹកឈើ តាមបណ្ដោយផ្លូវជាតិលេខ៥ ធ្វើឲ្យអង្គភាពប្រឆាំង អំពើពុករលួយលំបាកក្នុងការធ្វើការងារមួយនេះ នេះជាការលើកឡើងរបស់លោក ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមរយៈទូរស័ព្ទ នៅថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០១៥ថា «អង្គភាពប្រឆាំង អំពើពុករលួយ (អបព) អរគុណចំពោះព័ត៌មាននេះ តែការបែកធ្លាយព័ត៌មានបែបបនេះ បង្កការលំបាក យ៉ាងខ្លាំងដល់ការប្រមូលភស្តុតាង សាក្សី ដែលប្រការនេះ មិនបើកផ្លូវឲ្យ អបព កសាងបានសំណុំរឿងបញ្ជូនទៅតុលាការ។ ការបែកធ្លាយព័ត៍មាននេះ ជួយដល់សាម៉ីខ្លួន ម្ចាស់លេខ ទូរស័ព្ទទាំងនោះគេចខ្លួនយ៉ាងស្រួលពីសំណាញ់ច្បាប់។ អាចប្រកែក ដោះសារបានយ៉ាងស្រួល អាចជីកកប់បំបាត់ភស្តុតាង... ដូចឃើញចម្លើយ បន្តបន្ទាប់ របស់អ្នកទាំងនោះតាមសារព័ត៌មានស្រាប់»។
លោកបន្តថា អបព (នាយកដ្ឋានបច្ចេកទេស និងកោសល្យវិច័យ) បានស្រាវ ជ្រាវ រកឃើញ ៥ ព័ត៌មានទៀត (ពីផ្លូវជាតិលេខ២ដល់ផ្លូវជាតិលេខ៦) ដែលគេ បាំងបិទ។
លោកបន្ថែមទៀតថា «តែការរកឃើញនេះ បានប្រយោជន៍អី បើការរុកយក ភស្តុតាង ត្រូវគាំងគ្រប់ច្រក? អបព ដាក់ចូលលេខទូរស័ព្ទ ទាំងនោះចូល ក្នុងបញ្ជីប្រផេះ របស់ខ្លួនហើយ» ។
សូមបញ្ជាក់ថា មន្ដ្រីចម្រុះ ទាំង៤៩រូបនោះ បាន ឈរជើងនៅគោលដៅនីមួយៗ ដូចជានៅកំពង់ត្រឡាចនៅ ឧដុង្គ នៅកំពង់ហ្លួង នៅព្រែកក្ដាម នៅផ្សារត្រាច នៅស្រុកវាលវែង នៅស្រុកក្រគរ នៅដំណាក់តាគ្រាំ នៅក្រវ៉ាញ នៅស្រែញំង នៅទួលគ្រួស នៅអូរលាក់មាស និងនៅចំណុចគីឡូម៉ែត្រលេខ៤២ជាដើម៕