ភ្នំពេញ៖ អគ្គនាយករោងចក្រកាត់ដេរ អប្សរា ហ្គាមិន (Apsara Garment) បានធ្វើការបដិសេធ ថាមិនបាន ជាប់ពាក់ព័ន្ធ ទៅនឹងការចាប់ខ្លួន លោក សៀង រិទ្ធិ ប្រធានសហជីព សហព័ន្ធសាមគ្គីការងារ កម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥នោះទេ។
ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត ពាក់ព័ន្ធនឹងការចាប់ខ្លួនរបស់លោក សៀង រិទ្ធី នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នាទីស្នាក់ការសមាគមកាត់ដេរកម្ពុជា (GMAC) លោក ខូវ ឆាយ អគ្គនាយករោងចក្រ អប្សរា ហ្គាមិន បានឲ្យដឹងថា លោក សៀង រិទ្ធិ កាលពីចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដឹកនាំកម្មករ ដែលបម្រើការងារនៅក្នុងរោងចក្រ អប្សរា ហ្គាមិន ប្រមាណជាង ៥០នាក់ បានធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយនូវចំណុចមួយចំនួន។ ការធ្វើកូដកម្មនេះ ក៏មានការសំឡុងគំរាម ពីភាគីសហជីព ថានឹងមានប្រើអំពើហិង្សានៅលើភាគីរោងចក្រផងដែរ បើគ្មានដំណោះស្រាយ តាមពួកគេនោះទេ។
លោកថា “លោក សៀង រិទ្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣កុម្ភៈ ពីសំណាក់អាជ្ញាធ មានសមត្ថកិច្ច រឿងរាវ នៃការចាប់ខ្លួននេះ គឺមិនមានការពាក់ព័ន្ធជាមួយភាគីរោងចក្រនោះទេ ដោយសារការធ្វើកូដកម្មរបស់ គាត់បានឈានទៅរកការធ្វើហួសពីច្បាប់ ដូច្នេះសមត្ថកិច្ចដែលជាអ្នករក្សាច្បាប់ គឺធ្វើការឃាត់ខ្លួន យកទៅសាក់សួរ រហូតដល់មានការឃុំខ្លួន”។
លោក ខូវ ឆាយ បានបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន លោក សៀង រិទ្ធីនេះ ដោយសារតែ ពេលគាត់ធ្វើកូដកម្មនោះ បានយកដំបងឫស្សីជាច្រើន ក្នុងបំណងអ្វីមួយ។ ពាក់ព័ន្ធនឹងបញ្ហានេះ នៅក្នុងសវនាការព្រឹកមិញនេះ លោក សៀង រិទ្ធី បានអះអាងថា ការយកដំបងឫស្សីមកក្នុងពេលធ្វើកូដកម្មនោះ គឺយកមកដើម្បីដោតទង់តែប៉ុណ្ណោះ។
លោកអគ្គនាយក បានបន្ថែមថា ចំណុចដែលកម្មករទាំងនោះបានធ្វើការទាមទារនោះ មាន បន្ថែមប្រាក់ ២៨ដុល្លារទៀត ទៅលើប្រាក់ខែគោលរបស់កម្មករ, ថែមលុយថ្លៃបាយថ្ងៃត្រង់ ចំនួន ៣.០០០រៀល លើប្រាក់បច្ចុប្បន្នចំនួន ១.០០០រៀល, ការបន្ថែមប្រាក់បំណាច់ឆ្នាំ, ស្ត្រីមានផ្ទៃពោះ អាចឈប់សម្រាក់ ១ថ្ងៃ ក្នុង១ខែ ដើម្បីបានទៅពិនិត្យផ្ទៃពោះ, កុំកាត់ប្រាក់ខែ បើកម្មករមកយឺត ចាប់ ១០ ទៅ២០នាទី, មិនកាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ពេលធ្វើកូដកម្ម និងការដាក់បញ្ចូលសហជីពរបស់លោក សៀង រិទ្ធី ទៅជាសហជីពរបស់រោងចក្រ អប្សរា ហ្គាមិននេះ ជាដើម។ ហើយចំណុចទាំងអស់នេះ មានចំណុច ជាច្រើនខាងភាគីរោងចក្រ បានយល់ព្រម និងខ្លះទៀតកំពុងធ្វើការចរចារគ្នា ប៉ុន្តែ ពេលកំពុងធ្វើការចរចារគ្នា ក៏មានរឿងដូចរៀបរាប់ខាងលើកើតឡើងតែម្តង។
លោក កាន់ មូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរ បានឲ្យដឹងថា លោក សៀង រិទ្ធី កន្លងមក មានប្រវត្តិជំរុញឲ្យមានអំពើហិង្សា និងលើកទឹកចិត្តឲ្យកម្មករធ្វើកូដកម្មខុសច្បាប់ នៅតាមរោងចក្រនានា ក្នុងប្រទេសកម្ពុជា។
លោក បន្តថា “សកម្មភាពប៉ុនប៉ងហិង្សាចុងក្រោយរបស់ ប្រធានសហជីពរូបនេះ នៅរោងកាត់ដេរ អប្សរា ហ្គាមិន ដែលសហជីពនេះ មិនមានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ផងនោះ គួរត្រូវថ្កោលទោសឲ្យ បានទូលំទូលាយ ថាជាអំពើខុសច្បាប់ និងបង្កអសន្តិសុខសាធារណៈ”។
លោក កាន់ មូលីកា ក៏បានអំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជា សូមជួយទប់ស្កាត់ចំពោះ សហជីពខិលខូចមួយចំនួន ដែលតែងតែដឹកនាំ ញុះញង់កម្មករឲ្យធ្វើកូដកម្ម និងបាតុកម្មខុសច្បាប់ផង។ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលកន្លងមកតែងតែបានជួយការពារសណ្តាប់ធ្នាប់ និងស្ថេរភាពបានយ៉ាងល្អ នៅពេលមានកូដកម្ម និងបាតុកម្ម តាមបណ្តារោងចក្រ ជាសមាជិករបស់ សមាគមកាត់ដេរកម្ពុជា។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់សមាគមកាត់ដេរកម្ពុជា បានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០១៥កន្លងទៅនេះ មានកូដកម្មកើតឡើងតាមបណ្តារោងចក្រនៅទូទាំងប្រទេសកម្ពុជា មានចំនួន ១៨ករណី ដែលកូដកម្មនេះ មានការធ្លាក់ចុះច្រើន បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤៕