នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) លោក ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប តំណាង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ពីការចុះអនុវត្តន៍ ផែនការ សកម្មភាពការងារ របស់អគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរទន្លេសាប ឆ្នាំ៣០១៥-២០១៧ ដល់មន្ត្រីក្រោមឱវាទ ដោយមានសមាសភាព ចូលរួមចំនួន៦០រូប។
ផែនការសកម្មភាព ការងារនេះ បានឆ្លុះបញ្ចាំពីសកម្មភាពសំខាន់ៗ ក្នុងការចុះអនុវត្តការងារ ប្រមូល ចងក្រងព័ត៌មាន ទិន្នន័យ ដើម្បីចូលរួមចំណែកជួយលើកកំពស់ដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ តំបន់ជុំវិញ បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធប្រកបដោយចីរភាព។
ផែនការសកម្មភាព ការងារបានចែកចេញជា៥ ផ្នែកសំខាន់ៗ ហើយផែនការសកម្មភាព ២០១៥-២០១៧ ចែកចេញជា៦ ទិសដៅ ១៥ ផែនការ សកម្មភាព និង៥១សកម្មភាព ដែលនឹងត្រូវអនុវត្តន៍ ដោយអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញទាំង៤។
លោកបានបញ្ជាក់ផងដែរថា ផែនការសកម្មភាពនេះ គឺជាឧបករណ៍យ៉ាងសំខាន់សម្រាប់បង្ហាញ ទិសជូនដល់មន្ត្រី ក្រោមឱវាទ ក្នុងការអនុវត្តន៍សកម្មភាពប្រចាំឆ្នាំ និងបានយល់ដឹងពីបរិបទការងារទាំងឧបស័គ្គ បញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីឲ្យការអនុវត្តន៍សកម្មភាពឆ្នាំ២០១៥ នេះទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងមានការគាំទ្រ និងចូលរួមសហការពីក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តន៍ផែនការសកម្មភាពការងារនៅជំហ៊ានបន្តទៀត៕