កំពត៖ មន្ទីរព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថខេត្ត បាននឹងកំពុងកសាងសំណុំរឿង បញ្ជូន ខ្លួនប្រធាន ស្នាក់ការ អង្គការម្នាក់ ទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ពាក់ព័ន្ធ ករណី ដាក់កុងត្រូលជជុះ ជំរិតទារប្រាក់ពីអ្នក រកស៊ីដឹកឈើ។
មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ជនសង្ស័យឈ្មោះ តឹក សែន ភេទប្រុស ជាប្រធាន ទីស្នាក់ការ អង្គការការពារបរិស្ថាន ដើម្បីសិទ្ធិពលរដ្ឋកម្ពុជា មាន ទីស្នាក់ការ នៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ មន្ត្រីកងរាជអាវុធហត្ថដដែល ឲ្យដឹងទៀតថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ លោកយី សុខឿន ប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងសភា ព្រឹទ្ធសភាខេត្តកំពត បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថ ស្រុកឈូក ចេញល្បាតរុករក និងត្រួតពិនិត្យកុងត្រូល អាណាធិបតេយ្យ តាមដងផ្លូវក្នុងភូមិសាស្ត្រ ស្រុកឈូក រហូតដល់ម៉ោង ០១រំលងអាធ្រាត្រ ចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក៏បានប្រទះឈ្មោះតឹក សែន កំពុងតែធ្វើសកម្មភាព ជំរិតទារលុយ ពីប្រជាពលរដ្ឋ ដែលកំពុងដឹកឈើតាមគោយន្តកន្ត្រៃចំនួន ២ម៉ឺនរៀល ក្រោយពីសាកសួររួច ក៏ធ្វើការឃាត់ និងនាំខ្លួន មកឃុំបណ្តោះអាសន្ន នៅកងរាជអាវុធហត្ថស្រុកឈូក ហើយព្រឹកថ្ងៃទី០៥ ក៏បញ្ជូនបន្ត មកសាកសួរ នៅឯទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងឡើងតុលាការ។
គួរបញ្ជាក់ថា ឈ្មោះតឹក សែន និងសហការី បានដាក់ទីស្នាក់ការ ខាងលើអស់រយៈពេលជាង ០៦ឆ្នាំមកហើយ អង្គការមួយនេះ តែងតែដើរធ្វើសកម្មភាព ជំរិតទារប្រាក់ពីពួកប្រជាពលរដ្ឋរកស៊ី ដឹកឈើគ្រប់ រូបភាព នៅក្នុងភូមិសាស្ត្រនោះ ហើយធ្លាប់មានកើតរឿងជាច្រើនករណី ជុំវិញនឹងការដាក់កុងត្រូលជជុះនេះ រហូតមកដល់ថ្ងៃ មុនបោះឆ្នោតក្នុងអាណត្តិនេះ ដោយសារមានបាតុភាពច្រើន ទើបលោកអភិបាលខេត្តកំពត ខូយ ឃុនហ៊ួរ បានបិទជាផ្លូវការ មិនអនុញ្ញាតឲ្យ អង្គការមួយនេះធ្វើសកម្មភាពបន្តទៅទៀតឡើយ រួមនឹងអង្គការមួយចំនួន ផ្សេងទៀតផងដែរ។
ដោយឡែក លោកតឹក សែន មិនបានអនុវត្តតាមលោកអភិបាលខេត្តនោះទេ តែងតែប្រើគ្រប់រូបភាព ក្នុងសកម្មភាព ល្មើសប្រាស់ចាកពីច្បាប់ នៅតែលបលួចដាក់កុងត្រូលអាណាធិបតេយ្យ បង្កើតកម្លាំងខុសច្បាប់ ដើរទារលុយ អ្នករកស៊ីឈើ ក្នុងក្របខ័ណ្ឌ ដើម្បីបំរើផលប្រយោជន៍ផ្ទាល់ ខ្លួនតែប៉ុណ្ណោះឯង៕