ភ្នំពេញ៖ និស្សិតវិទ្យាស្ថានភាសាបរទេស (IFL) ឆ្នាំទី៤ម្នាក់ មានគំនិត ផលិតក្រដាសសែន សម្រាប់ថ្ងៃបុណ្យប្រពៃណី របស់បងប្អូន ចិន-វៀតណាម ដូចជា ថ្ងៃសែនក្បាលទឹក និង បុណ្យចូល ឆ្នាំជាដើម ។
អ្វីដែលគួរឲ្យចាប់ អារម្មណ៍នោះគឺ ទ្រង់ទ្រាយ និង តិចនិចរចនា ក្រដាសដែល យុវជនរូបនេះ នឹកឃើញបង្កើតនោះ គឺមានទំហំធំជាង ក្រដាសសែនធម្មតា បុន្តែបង្កប់ នូវរូបភាព និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយរំលេចនូវ ភូមិគ្រឹះដ៏ធំស្កឹមស្កៃ ក្រដាសប្រាក់ គ្រប់ប្រភេទ គ្រឿងអលង្ការ យានជំនិះទំនើបៗគ្រប់ប្រភេទ។
យុវជន ស្រ៊ឺ រិទ្ធីយ៉ា ជានិស្សិតរៀនភាសា អង់គ្លេសនៅវិទ្យាសា្ថន IFL បានរៀបរាប់ប្រាប់ថា រូបគេច្នៃប្រឌិតបង្កើត ក្រដាសសែននេះ ឡើងក្នុងគោលបំណងកាត់ បន្ថយអត្រាគ្រោះអគ្គីភ័យ និង ផលប៉ះពាល់ ដល់បរិស្ថានដែលបណ្តាល មកពីការដុតក្រដាស យ៉ាងច្រើនលើសលុប ។
ពិសេសជាងនេះ គឺកាត់បន្ថយការ ចំនាយថវិកាទិញក្រដាសសែន ដ៏ច្រើនសន្ធឹកសន្ធាប់ ។ ក្រដាសសែនរបស់ លោកមានតែ ៥សន្លឹក ដោយមួយសន្លឹកមានតម្លៃត្រឹម១០០០ រៀលតែប៉ុណ្ណោះ។ យុវជនអាយុ ២០ឆ្នាំ សិក្សាផ្នែកទំនាក់ទំនង អន្តរជាតិបន្តថា រូបគេសម្រេចចិត្ត ធ្វើក្រដាសសែននេះឡើង ដើម្បីចូលរួមការថែរក្សា បរិស្ថានតាមរយៈការ បន្ថយនូវចំនួនក្រដាស ដែលត្រូវដុត និងការមិនប្រើបា្រស់ ថង់ប្លាស្ទិច ដែលជាកត្តាចម្បង ក្នុងការបំផ្លាញបរិស្ថាន ។
មិនត្រឹមតែប៉ុណ្ណោះ គឺចង់លើកកម្ពស់ គំនិតច្នៃប្រឌិតរបស់យុវជនខ្មែរ ដោយជម្រុញឲ្យកូនខ្មែរ រៀនបង្កើតអ្វីៗ ដោយខ្លួនឯង ជួយលើកកម្ពស់ផលិតផល ក្នុងស្រុកដោយកាត់បន្ថយ ការនំាចូលពីបរទេស ។
យុវជននេះជឿជាក់យ៉ាងមុតមាំថា «ក្រដាសសែនសេរ៊ីថ្មីនេះ នឹងអាចចូលរួមប្រគួត ប្រជែងជាមួយផលិតផល របស់ប្រទេសជិតខាងបាន»។ យុវជន ស្រ៊ឺ រិទ្ធីយ៉ា បានបន្តទៀតថា ក្រដាសសែននេះបាន រចនាឡើងតាម យុទ្ធសាស្រ្តពិសេសមួយ ដែលអាចជួយសន្សំសំចៃថវិកា ពេលវេលា និងកម្លំាងរបស់លោកអ្នក ព្រមទាំងជួយកាត់ បន្ថយហានិភ័យ នៃគ្រោះអគ្គីភ័យគ្រប់យ៉ាង ។
យុវជននេះបានបន្តថា ការបង្កើតក្រដាសសែននេះ មិនអាចផ្តល់ចំណូលបានទេ ហើយថែមទំាងខាតបង់ ពេលវេលារៀន សូត្រទៀតផង។ តែអ្វីដែលសំខាន់នោះគឺ ប្រយោជន៍រួម ដោយចង់ឃើញការ រីកសាយភាយ នៃផលិតផលក្នុងស្រុក និងគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ហើយអ្វីដែលសំខាន់ជាងគេបង្អស់គឺ ការចូលរួម ថែរក្សាបរិស្ថាន ដើម្បីនិរន្តភាព នៃការអភិវឌ្ឍប្រទេស។ ទូរស័ព្ទយុវជន ស្រ៊ឺ រិទ្ធីយ៉ាៈ ០១០៣៦២៤៣៦ ឬ ០៨៩៨៤៩៦៩៥៕