ត្បូងឃ្មុំ ៖ ឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តខេត្តវ័ន ហៅវត្តទួលអង្គុញ ឃុំដូនតី ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធឆ្លងបើកឲ្យប្រើប្រាស់ ជាផ្លូវការនាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ។
ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភាទីប្រឹក្សា មន្ត្រី រាជការ អាជ្ញាធរដែនដីខេត្ត ស្រុក ឃុំ ភូមិ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក នៅ សំអឿន អភិបាលស្រុកពញាក្រែកស្តីទីថ្លែងថា ឧបដ្ឋានសាលាទំហំ១៥មx២១ម រួមនឹងសមិទ្ធផល នានាដូចជាបង្គោលភ្លើង រូបសំណាកកិន្ន ផ្លូវបេតុង បានចាប់ដំណើរការសាងសង់ក្នុងឆ្នាំ២០០៩ ហើយបាន បញ្ចប់រួចរាល់ជាស្ថាពរនៅឆ្នាំ២០១៤ ក្រោមការគ្រប់គ្រងដឹកនាំកសាងដោយព្រះចៅអធិការចំនួន ០៥អង្គ គឺព្រះ តេជគុណ ឈាក ឈាង ព្រះតេជគុណ ធឿន សុធន ព្រះតេជគុណ ប៊ុ ប៊ិត ព្រះតេជគុណ ប៉ា គុណ និងព្រះតេជ គុណ អ៊ុយ និរន្ត ដោយចំណាយថវិកាសរុបចំនួន ៣៥៤.៦៣០.០០០រៀល ដែលសុទ្ធសឹងជាថវិកា កើតឡើង ដោយកម្លាំងសាមគ្គីរបស់សប្បុរសជន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយតាមរយៈការធ្វើបុណ្យផ្កាសាមគ្គី និង កឋិនទាន។ល។ ក្នុងនោះមានថវិកាដែលឧបត្ថម្ភ ដោយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធ សភា ចំបនួន ៣៦.៥៦០.០០០រៀល លោក សាយ បូរិន និងលោកស្រីចំនួន ៣៩.០០០.០០០រៀល ព្រះគ្រូចៅ អធិការ អ៊ុយ និរន្ត ចំនួន ៤.០០០.០០០រៀល និងថវិការបស់លោក លោកស្រីជាសមាជិកសមាជិកា គណបក្ស ប្រជាជនកម្ពុជាមួយចំនួនទៀតផងដែរ។
មានមតិសំណេះសំណាលទៅកាន់ ប្រជាពលរដ្ឋក្នុងពិធីនោះលោក វង សូត ថ្លែងថា វត្តខេត្តវ័ន ហៅវត្ត ទួលអង្គុញ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះជាវត្តថ្មីមួយកសាងក្នុងអំឡុងឆ្នាំ១៩៩០ ប៉ុន្តែវត្តនេះ មានការរីកចម្រើនកសាងបាននូវសមិទ្ធផលនានាជាច្រើនជាបន្តបន្ទាប់ ដែលទាំងអស់នេះបង្ហាញឲ្យ ឃើញពីការ ខិតខំរបស់អាជ្ញាធរដែនដី រួមជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្នាននេះ គួរឲ្យសរសើរ។ ជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងជំរាបជូនថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខ ដឹកនាំ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ហើយបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានសុខ សន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន ប្រជាជនការជីវភាពសម្បូណ៌សប្បាយមានសាលារៀន មន្ទីរពេទ្យ មាន ស្ពានផ្លូវថ្នល់ មានវត្តអារាមគ្រប់ទីកន្លែង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា វត្តអារាមជាកន្លែងអប់រំផ្លូវចិត្តសំខាន់ណាស់ ជាកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យសន្សំកុសល តាមផ្លូវព្រះពុទ្ធសាសនាជាពិសេសជួយជនគ្មានទីពឹង ជួយ អប់រំយុវជនឲ្យមានសីលធម៌រស់នៅល្អក្នុងសង្គមមានវិន័យត្រឹមត្រូវ ដើម្បីជួយលើកតម្កើងព្រះពុទ្ធសាសនា។ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លោករដ្ឋមន្ត្រី វង សូត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានរួមគ្នាជាកម្លាំងកសាងបានសមិទ្ធផល ជាប្រយោជន៍ដល់សង្គមជាតិជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំ នៅតែបន្តគាំទ្រប្រជាពលរដ្ឋជានិច្ច។
លោករដ្ឋមន្ត្រី ក៏បានរំលឹកដល់មាតា បិតា អាណាព្យាបាលធ្វើយ៉ាងណាត្រូវចេះតាមដាន អប់រំកូនចៅ ឲ្យដើរតាម គន្លងផ្លូវល្អ ជាយុវជនមានក្រមសីលធម៌ល្អសម្រាប់សង្គមជាតិ។
ក្នុងពិធីនោះដែរលោករដ្ឋមន្ត្រី វង សូត និងលោកស្រីក៏បានប្រគេនបច្ច័យដល់វត្តទួលអង្គុញចំនួន ១០លានរៀល រួមជាមួយបច្ច័យដែលបានមកពិការ ចូលរួមរបស់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលជាសហការី អញ្ជើញចូលក្នុងពិធីនោះចំនួន ១៦០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ជាប្រយោជន៍កសាងវត្តផងដែរ។
បន្ទាប់មកលោករដ្ឋមន្ត្រីក៏បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនដល់អ្នកមានស្នាដៃល្អក្នុងការ កសាងភូមិ ឃុំ ចំនួន ៧៥នាក់ និងបាននាំយកអំណោយ និងសម្ភារៈចែកជូនតាជី យាយជី កងកម្លាំងប្រដាប់ អាវុធ និងសិស្សានុសិស្សជាច្រើននាក់ទៀត៕