មូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារ បានព្រមានទៅរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ដែលគ្រោងនឹងបញ្ជូនសព្វាវុធ ទៅផ្គត់ផ្គង់រដ្ឋាភិបាលទីក្រុង កៀវ ដែលទំាងនេះ នឹងអាចនាំមកនូវអស្ថិរភាពសម្រាប់ស្ថានការណ៍ នៅអ៊ុយក្រែនបន្តទៀត។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក ឌីមីទ្រី ផេស្កូវ អ្នកនាំពាក្យវិមានក្រឹមឡំាងរុស្ស៊ី ដែលបានផ្តល់យោបល់ លើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ាថា «រុស្ស៊ីពិតជាមានការ ចាប់អារម្មណ៍ខ្លំាង នៅក្នុងការដោះស្រាយវិបត្តិ ចំណែកគម្រោងការទំាងអស់ផ្សេងទៀត ដើម្បីបង្កើនទណ្ឌកម្ម ឬក៏ផ្គត់ផ្គង់អាវុធនោះ គឺមានតែនាំមកនូវបញ្ហាអស្ថិរភាពដល់ស្ថានការណ៍នៅ អ៊ុយក្រែនតែប៉ុណ្ណោះ»។
ពាក់ព័ន្ធនឹងការផ្តល់យោបល់នេះ បានកើតឡើងបន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាមួយ ជាមួយលោកស្រីអធិការ បតីអាល្លឺម៉ង់ អេងជឺឡា ម៉ាហ្គែល ដែលបានទស្សនកិច្ចនៅទីក្រុង វ៉ាស៊ីនតោនថា ប្រសិនបើរុស្ស៊ីនៅតែបន្តតួនាទី របស់ខ្លួននៅក្នុងស្ថានការណ៍អ៊ុយក្រែនទៀត ប្រទេសនេះនឹងត្រូវដាក់ឲ្យនៅដាច់ពីគេកាន់តែឆ្ងាយថែមទៀត ទំាងផ្នែកសេដ្ឋកិច្ច នយោបាយ រួមទំាងភាពដែលអាចទៅរួចនៃការពិនិត្យលើការផ្គត់ផ្គង់សព្វាវុធដើម្បីការពារខ្លួនដល់អ៊ុយក្រែនផងដែរ។
ចំណែកលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក នីកូឡៃ ផាត់ត្រាស់ស៊ីវ ក៏បានបន្ទរក្រោយការលើកឡើង របស់លោក ផេស្កូវដែរថា សក្តានុពលនៃការផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន នឹងនាំឲ្យលទ្ធផលកាន់តែ តានតឹងឡើង ក្នុងជម្លោះនៅទីនោះ។
នៅក្នុងវិបត្តិអ៊ុយក្រែននេះដែរ ប្រទេស ប៉ូឡូញឯនោះវិញ បានលើកឡើងថា ខ្លួនគ្មានគម្រោងនឹងបញ្ជូនសព្វាវុធ ធុនធ្ងន់ទៅឲ្យអ៊ុយក្រែននោះទេ។ គ្មានកម្មវត្ថុ ដែលស្ថិតនៅក្នុងរង្វង់កិច្ចសហប្រតិបត្តិការការពាររវាងប៉ូឡូញ និងអ៊ុយក្រែននោះទេ គឺមានតែការត្រៀមផ្តល់ជំនួយដូចជា ភួយ និងម្ហូបអាហារតែប៉ុណ្ណោះដល់ភាគីអ៊ុយក្រែន។