ភ្នំពេញ ៖ ថ្នាក់ដឹកនាំរបស់ធនាគារ ឈានមុខគេនៅកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នំា២០១៥ នេះ បានចុះ ហត្ថលេខាលើ « ក្រមស្ដីពីការប្រតិបត្ដិសេវាធនាគារ» ថ្មី របស់សមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ ប្រតិបត្ដិ ល្អ ក្នុងវិស័យធនាគារ និងបង្កើនភាពជឿជាក់ លើប្រព័ន្ធធនាគារ ទៅដល់អតិថិជន ។
ពីធីចុះហត្ថលេខា បានប្រព្រឹត្ដទ្បើង ក្រោមអធីបតីភាព លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោក ពុង ឃាវសែ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និង គណៈអធិបតីជាច្រើននាក់ផ្សេងទៀត ។
លោក ជា ចាន់តូ បានមានប្រសាសន៍ថា ការចុះហត្ថលេខានេះ ជាសក្ខីភាពថ្មីមួយទៀត សម្រាប់សហប្រតិបត្ដិការ កាន់តែរលូន តាមរយៈដាក់ចេញនូវបទដ្ឋាន សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ឲ្យអនុវត្ដតាម បង្កើនតម្លាភាពក្នុងវិស័យធនាគារ បង្កើនភាពជឿនជាក់លើប្រព័ន្ធធនាគារ និងជំរុញវប្បធម៌ នៃការដោះដូរត្រឹមត្រូវក្នុងប្រព័ន្ធធនាគារ ។
លោកបន្ថែមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាល់បណ្ដាកន្លែងកម្ចីប្រាក់ទាំងអស់ ត្រូវគោរពតាមច្បាប់ត្រឹមត្រូវ កុំឲ្យខុស ច្បាប់ ដើម្បីផលប្រយោជន៍របស់ខ្លួនក្នុងការទទួលបានការប្រាក់ខ្ពស់នោះ ។
ព្រមជាមួយគ្នានោះ លោក ពុង ឃាវសែ បានមានប្រសាសន៍ផងដែរថា វិស័យធនាគារ កំពុងរីកលូតលាស់យ៉ាងឆាប់ រហ័ស នៅក្នុងប្រទេសកម្ពុជា ហេតុនេះហើយទើបក្រមស័្មគ្រចិត្ដ សម្រាប់ ការប្រតិបត្ដិធនាគារនេះ មានសារៈសំខាន់ ឲ្យអតិថិជនដឹងថា ស្ថាប័នហិរញ្ញវត្ថុរបស់គាត់ បានប្ដេជ្ញាចិត្ដ ចំពោះការប្រតិបត្ដិការ ដែលមានភាពបើកទូលាយ និង តម្លាភាព ។
លោកបន្ថែមទៀតថា «ប្រព័ន្ធធនាគារមួយ ដែលមានប្រសិទ្ធភាព អាស្រ័យលើភាពជាដៃគូល្អ រវាងស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនរបស់ខ្លួន ដោយនៅក្រោមលក្ខខណ្ឌ នៃក្រមស្ដីពីការប្រតិបត្ដិសេវាធនាគារយើង មិនត្រឹមបានគូស បញ្ជាក់នូវការប្ដេជ្ញាចិត្ដ និងទទួលខុសត្រូវរបស់ធនាគារប៉ុណ្ណោះទេ តែអតិថិជនក៏តម្រូវឲ្យមានការទទួលខុសត្រូវ ជុំវិញសុក្រឹតភាពនៃការផ្ដល់ព័ត៌មាននៅដល់ធនាគារផងដែរ ។
គួរបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា ចុះហត្ថលេខា លើក្រមស្ដីពីការប្រតិបត្ដិសេវាធនាគារ នឹងត្រូវធ្វើបច្ចុប្បន្នភាព ទៅតាមពេលវេលាទៀងទាត់ ឲ្យស្របទៅតាមការវិវត្ដនៃឧស្សាហកម្ម ធនាគារនៅកម្ពុជា ធ្វើយ៉ាងណា ដើម្បីកសាង ប្រព័ន្ធទំនើបមួយ ដែលរឹងមាំ ដោយផ្ដោតលើអតិថិជនជាធំ និងអាចជឿទុកចិត្ដបាន ៕