ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានស្នើឲ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរា គមន៍បន្តផ្តល់ទិដ្ឋាការ ដល់ជនជាតិអេស្ប៉ាញ លោក Alejandro Gonzalez Davidson សកម្មជនការពារតំបន់អារ៉ែង ដែលនឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ។
នៅក្នុងលិខិតសុំកិច្ចអន្តរាគមន៍ផ្ញើជូនលោក ឧបនាយករដ្ឋមន្រ្តី ស ខេង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជា បានបញ្ជាក់ថា រូបលោក និងប្រជាពលរដ្ឋខ្មែរជាច្រើនផ្សេងទៀត យល់ឃើញថា លោក Alejandro Gonzalez Davidson មិនមែនជាឧក្រិដ្ឋជន ឬបានប្រព្រឹត្តបទល្មើសអ្វីធ្ងន់ធ្ងរ ដែលតម្រូវឲ្យបណ្តេញចេញពីប្រទេសកម្ពុជានោះទេ។
លោក សម រង្ស៊ី បានបន្តថា លោក Alejandro Gonzalez Davidson គ្រាន់តែជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែលបានជួយឲ្យសាធារណមតិមានការចាប់អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឲ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីសិទ្ធិរបស់ខ្លួនកាន់តែច្បាប់។ ប្រធានបក្សប្រឆាំងនៅកម្ពុជារូបនេះ នៅបានការពារលោក Alejandro Gonzalez Davidson ទៀតថា ជាអ្នកស្រឡាញ់ និងគោរពវប្បធម៌ ប្រពៃណីខ្មែរ ហើយចេះនិយាយភាសាខ្មែរបានល្អប្រសើរ គ្រាន់បើជាងជនបរទេសដទៃទៀត ដែលកំពុងរស់នៅលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្ន។
បុរសជនជាតិអេស្ប៉ាញ លោក Alejandro Gonzalez Davidson បានមករស់នៅក្នុងប្រទេសកម្ពុជាជាង១០ឆ្នាំមកហើយ ទិដ្ឋាការរបស់លោកនឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ។ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានបដិសេធមិនបន្តទិដ្ឋាការឲ្យរូបលោករស់នៅក្នុងប្រទេសកម្ពុជាបន្តទៅទៀតនោះទេ។ ការមិនបន្តទិដ្ឋាការ គឺបានធ្វើឡើង បន្ទាប់ពីបុរសអេស្ប៉ាញរូបនេះ បានធ្វើសកម្មភាពតវ៉ាប្រឆាំងយ៉ាងខ្លាំង និងគម្រោងសាងសង់វារីអគ្គីសនីនៅតំបន់អារ៉ែង ខេត្តកោះកុង ៕