បន្ទាយមានជ័យ៖ នៅល្ងាច ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៥នេះ ក្រុមការងារយុវជន គណបក្ស ប្រជាជន ក្រុងប៉ោយប៉ែត បាននាំ យកសម្ភារៈ មួយចំនួនទៅផ្តល់ជូន បងប្អូនគ្រួសារ កំព្រាឪពុកម្តាយ តាំងពីតូចៗ និងគ្មានលំនៅដ្ឋាន ពិតប្រាកដ ដោយអស្រ័យនៅ លើដីក្បែរអណ្តូងទឹក ដែលមេភូមិអោយសង់ផ្ទះ ស្នាក់នៅបណ្តោះអាសន្ន ដែល ដឹកនាំដោយ លោកអ៊ុយ ច័ន្ទរិទ្ធ ប្រធានយុវជនក្រុង និងសមាជិកយុវជន ក្រុងជាច្រើននាក់ នៅក្នុងមណ្ឌលទី៩ ភូមិប្រជាធម្មកើត សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុយ ច័ន្ធរិទ្ធ ប្រធានយុវជន ក្រុងបានប្រាប់អោយដឹងថា ក្រោយពីមានក្រុមការងារយុវជនក្រុងបានរាយការណ៍ ប្រាប់ ថាមានក្មេងកំព្រាមានបងប្អូនប្រុស ស្រី៧នាក់ ឪពុកម្តាយស្លាប់តាំងពីក្មេងមកម្ល៉េះ ដោយសារតែមានជំងឺឈឺ គ្មានថវិកា សំរាប់ព្យាបាលជំងឺ ដូច្នេះទើបបណ្តាល អោយស្លាប់បាត់បង់ជីវិត ម្តាយឪពុកតែម្តង។
លោកបានបន្តថា សព្វថ្ងៃនេះមានបងប្រុសម្នាក់ ជាអ្នករកលុយកាក់មកចិញ្ចឹមប្អូនៗ ហើយសព្វថ្ងៃនេះផ្ទះសំបែង បានខូចខាត និងទ្រុតទ្រោម ដោយគ្មានថវិកាសាងសង់ ដូច្នេះហើយលោក និងក្រុមការងារទាំងអស់ បានអំពាវនាវ សប្បុរសជនដើម្បីចូលរួម។
លោក សុខ ពេញណន សមាជិកយុវជន ក្រុងប៉ោយប៉ែត បានប្រាប់អោយ ដឹងថា ក្មេងៗកំព្រាមានបង ប្រុសម្នាក់ឈ្មោះ ពេជ្យ ភក្តី រស់នៅភូមិប្រជាធម្មកើត ដែលត្រូវឪពុកម្តាយ ស្លាប់ចោល បន្សល់ទុកសមាជិក គ្រួសារ៧ នាក់ក្នុងបន្ទុក ហើយប្អូនត្រូវ អូសរទេះយក ប្រាក់មកផ្គុតផ្គង់គ្រួសាររាល់ថ្ងៃ ម្ដាយឈ្មោះ យឺន កែវស្លាប់ដោយជំងឺប្រចាំកាយ ឪពុក ឈ្មោះប៊ូ ប៉ិច ស្លាប់ដោយជំងឺប្រចាំកាយ ។ មិនតែប៉ុណ្ណោះ ខ្ទមស្នាក់នៅត្រូវរលំទៀត ដោយមើលឃើញ ពីទុក្ខលំបាក របស់ប្អូនក្រុមការងារ និងសប្បុរសជន បានចូលរួមឧបត្ថម្ភគ្រឿងសាងសង់ផ្ទះ និងគ្រឿងអាហារបរិភោគ រួមមាន ឈើផ្លាន១០ ដើម រនៀបឬស្សី ២០បាច់ ដែកគោល ៣គីឡូ អង្ករ៥០ គីឡូក្រាម ក្នុងនោះ លោកតាន់ គិមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង និងលោក គាត ហ៊ុលចៅសង្កាត់ផ្សារកណ្តាល បានឧបត្ថម្ភសង្ក័សី ចំនួន២០សន្លឹកផងដែរ៕