បាត់ដំបង៖ កម្លាំងនគរបាលស្រុកភ្នំព្រឹកបានឃាត់ខ្លួន ជនសង្ស័យ ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធការចែកចាយ និង ប្រើប្រាស់ថ្នាំញៀនកាលពីម៉ោង ៩ និង៤៥នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចក្រុមទី៩ ភូមិអូរឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយរឹបអូសបានយ៉ាម៉ាចំនួន ១៣គ្រាប់ និងសម្ភារៈមួយចំនួន រួចកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។
លោក សារ៉េត វិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំង នគរបាលទទួលបានព័ត៌មានថា មានករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀន។ ភ្លាមៗនោះ លោកបាននាំកម្លាំង ១ក្រុមចុះបង្រ្កាប និងចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់មានទី១. ឈ្មោះ ឆែម ឆូត ភេទប្រុស អាយុ ២៨ឆ្នាំ ទី២. ឈ្មោះ សេក ដា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ព្រមទាំងរឹបអូសបានថ្នាំញៀនចំនួន ៦គ្រាប់ លាក់ទុកក្នុងកញ្ចប់បារី។ បន្ទាប់ពីការសាកសួរជនសង្ស័យទាំងពីរ នាក់ កម្លាំងនគរបាលបានឈានទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ ភួង សំអាត ភេទប្រុស អាយុ ៣១ឆ្នាំ រស់ នៅភូមិជាមួយគ្នាខាងលើ ព្រមទាំងរឹបអូសបានថ្នាំញៀនយ៉ាម៉ាចំនួន ៧គ្រាប់ទៀត នាំយកមកអធិការស្រុក ដើម្បី សហការសួរចម្លើយ។
បន្ទាប់ពីសួរចម្លើយជនសង្ស័យទាំង៣នាក់ ត្រូវបាន សមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមច្បាប់៕