ភ្នំពេញ ៖ ក្រោយបញ្ចប់ការសាកសួរ ជាង៣ម៉ោងរួចមក នៅវេលា ម៉ោងប្រមាណ ១១៖៣០នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥នេះចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកា សម្រេចឃុំខ្លួន លោកផ្កាយ១ ពេជ្រ ព្រហ្មមុន្នី ដាក់ពន្ធនាគារហើយ។ ក្រោយការសម្រេចភ្លាម លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានកម្លាំង សមត្ថកិច្ចនាំខ្លួន ទៅកាន់ពន្ធនាគារផងដែរ។
បើតាមប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក ពេជ្រ ព្រហ្មមុនី ក្រៅពីការចោទប្រកាន់ពី បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬយោធា លោកក៏ត្រូវបានលោកព្រះរាជអាជ្ញារង ជជីកសួរដេញដោលជាច្រើនផងដែរ ពាក់ព័ន្ធការដោះលែងឪពុក-ម្តាយរបស់លោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅនេះ លោក ពេជ្រ ព្រហ្មមុនី មនុស្សជំនិត លោក អាំង មាលតី បានបែកធ្លាយរូបភាពមួយសន្លឹកអង្គុយស្រស់ស្រូបអាហាររួមគ្នាជាមួយ លោក ថោង ចំរើន និងអ្នក ស្រី កែវ សារី ក្រោយពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខលេង ដោះលែងឲ្យនៅក្រៅឃុំជា បណ្តោះអាសន្នកាលពីថ្ងៃទី០៧ ខែកុម្ភៈ។
រូបភាពមួយសន្លឹកបង្ហាញពីការស្រស់ស្រូបអាហារដ៏ស្និទ្ធស្នាលជាមួយជនជាប់ចោទ ពីការប្រើប្រាស់អាវុធខុស ច្បាប់ ធ្វើឲ្យមានការសង្ស័យជាច្រើនថា ការដោះលែងឪពុក-ម្តាយ លោកថោង សារ៉ាត់ ឲ្យនៅក្រៅឃុំអាចជាថ្នូរនឹង លាភសក្ការៈយ៉ាងក្រាស់ក្រែល។
លោក ពេជ្រ ព្រហ្មមុនី ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមចាប់ខ្លួនបានកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ នៅម្តុំភ្នំជីសូរ ខេត្តតាកែវ។ ការចាប់ខ្លួនបានធ្វើឡើងតាមដីការរបស់សាលាដំបូងរាជធានី ភ្នំពេញ ដែលចោទប្រកាន់ពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងប្រើប្រាស់ ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬយោធា។
យោងតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ បទល្មើសជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារ ណៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ រីឯ មាត្រា ៦១៥ នៃក្រមព្រហ្មទណ្ឌ បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ ដោយនគរបាល ឬ យោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ១ ឆ្នាំ និង ពិន័យជាប្រាក់ពី ១សែន ទៅ២ លានរៀល៕