សៀមរាប ៖ កាលពីរសៀលថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សានាយក របស់សមាគម សហគ្រិនវ័យក្មេងកម្ពុជា (YEAC) ប្រចាំខេត្តសៀមរាប នៅទីក្រុងសៀមរាប ដើម្បីពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ និងការទទួលអនុសាសន៍ ទាក់ទងនឹង ផលប៉ះពាល់របស់សហគមន៍ សេដ្ឋកិច្ឋអាស៊ាន មកលើប្រទេសកម្ពុជា ។
ក្នុងនាមតំណាងឲ្យ YEAC និងជានាយកសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា សៀមរាប លោក ផាន់ គីរ៉ា បានមាន ប្រសាសន៍ថា គោលបំណងសម្រាប់ជំនួប ជាមួយលោករដ្ឋមន្ត្រី ក្នុងពេលនេះ គឺដើម្បីសម្ដែងការគួរសម និងការស្វា គមន៍ កោតសរសើរ នូវរាល់កិច្ចការដឹកនាំ និងឆន្ទៈ ក្នុងការកំណែទម្រង់របស់លោករដ្ឋមន្ត្រី សម្រាប់ក្រសួងពាណិជ្ជ កម្ម នៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ដើម្បីមានឱកាស សម្រាប់ការរាយការណ៍ អំពីសកម្មភាព និងលទ្ធផលដែល សម្រេចបានរបស់ YEAC ប្រចាំខេត្តសៀមរាបផងដែរ ។
លោកបានមានប្រសាសន៍បន្តថា ក្នុងនោះផងដែរ គឺដើម្បីសុំអនុសាសន៍ ពីលោករដ្ឋមន្ត្រី ជាមួយនឹងការលើកឡើង ជម្រាបជូន ក៏ដូចជាសំណូមពរ ចំពោះលោករដ្ឋមន្ត្រី នូវធាតុផ្សំដែលពាក់ព័ន្ធមួយចំនួន ក្នុងការសុំឲ្យរាជរដ្ឋាភិបាល កម្ពុជា ជួយសម្រាប់ការផ្ដល់ឱកាស និងលើកទឹកចិត្ត ចំពោះ YEAC ការជួយទំនុកបម្រុងជាធនធាន និងទុន សម្រាប់ ការចាប់ផ្ដើមអាជីវកម្ម របស់សហគ្រិនវ័យក្មេង រួមទាំងការជួយណែនាំផ្លូវ ពិគ្រោះយោបល់ សម្រាប់ពួកគាត់ផងដែរ ។
ក្នុងជំនួបនោះផងដែរ ក្រុមប្រឹក្សាសមាគម សហគ្រិនវ័យក្មេងកម្ពុជា ក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាល មេត្តាពិនិត្យ និង ពិចារណាក្នុងការប្រមូលផ្ដុំ នូវរាល់អាជីរកម្ម ពាណិជ្ជកម្ម ដែលមានភាពស័ក្ដិសម និងមានសក្ដានុពល សម្រាប់ខេត្តសៀមរាបផងដែរ ដែលបច្ចុប្បន្ន ខេត្តសៀមរាប ហាក់បីដូចជាមានការផ្ដោតតែទៅលើវិស័យទេសចរណ៍ជាចម្បង មិន ទាន់បានគិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងករណីមានហានិភ័យណាមួយ ដែលអាចនឹង កើតមានឡើង ចំពោះវិស័យទេសចរណ៍ ក្នុងពេលណាមួយនោះ ។
លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនក្រុមប្រឹក្សានាយក YEAC អំពីយុទ្ធសាស្រ្ដ និងឆន្ទៈនយោបាយដ៏ពិតប្រាកដរបស់ រាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៥នេះ សម្រាប់កំណែទម្រង់នានា ក្នុងនោះក្រសួងពាណិជ្ជកម្ម បាន និងកំពុងចូល រួមចំណែក ក្នុងការអនុវត្ត ដើម្បីសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា រួមនឹងអនុវត្តនូវអភិបាលកិច្ចល្អ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ ។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមទៀត អំពីយុទ្ធសាស្ត្រប្រកបដោយសក្តានុពល និងប្រកបដោយ កាលា នុវត្តន៍ភាពរបស់កម្ពុជា សម្រាប់កំណើនសេដ្ឋកិច្ច និងទីផ្សារវិនិយោគ នៅក្នុងតំបន់អាស៊ាន និងពិភពលោក ។ ហើយ សម្រាប់កម្ពុជាយើងផ្ទាល់ គឺយើងបាន និងកំពុងខិតខំប្រឹងប្រែង ក្នុងការពង្រីក និងពង្រឹង នូវការសក្ដានុពលរបស់ខ្លួន និងមានការលើកទឹកចិត្ត សម្រាប់ការចូលរួមពីគ្រប់បណ្ដាវិស័យឯកជន សមាគម សហគមន៍ សហគ្រិន សិប្បករ ពាណិជ្ជករ អ្នកវិនិយោគ និងដៃគូរអភិវឌ្ឍន៍នានា សម្រាប់ការលើកស្ទួយ នូវកំណើនសេដ្ឋកិច្ចនៅគ្រប់បណ្ដាខេត្ត/ក្រុង រាជធានី និងសង្គមជាតិទាំងមូលផងដែរ ៕