ភ្នំពេញ៖ បន្ទាប់ពីជួបគ្នា ប្រមាណ២០លើក ក្នុងរយៈពេលជិត៣ខែ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្គ្រោះជាតិ (CNRP) ជិតបានឈានដល់ការបិទ បញ្ចប់កិច្ចពិភាក្សាលើវិសោធនកម្ម ច្បាប់បោះឆ្នោតហើយ ពោលក្រុមការងារ សម្រេចបានជំពូកទី១ ដល់ទី៩។ ក្រុមការងារបានសម្រេចលើកយកចំណុច ខ្វែងគំនិតគ្នាចំនួន ១០មាត្រា ស្មើនឹង ១០ចំណុច ដាក់ជូនថ្នាក់ដឹកនាំដោះស្រាយ ដើម្បីបើកផ្លូវទៅពិភាក្សាលើមាត្រាបន្ទាប់។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោត នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នាវិមានរដ្ឋសភា ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ក្រុមការងារទាំងពីរ រហូតមកដល់បច្ចុប្បន្ននេះ ពិភាក្សាទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោតបានចំនួន ៩ជំពូក ស្មើនឹង១៣៨មាត្រា ចំណុចខ្វែងគំនិតគ្នា មានចំនួន ១០មាត្រា និងចំណុចធ្វើការកែតម្រូវចំនួន ១៨មាត្រា និងរក្សាខ្លឹមសារដើម ១១០មាត្រា។
លោកបន្តថា «ចំណុចដែលខ្វែងគំនិតគ្នាទាំង ១០ចំណុចនោះ មាននៅក្នុងជំពូកទី២ មាន១ចំណុច ត្រង់មាត្រាទី៦, ជំពូកទី៧ មាន ៨ចំណុច ត្រង់មាត្រាទី ៦៨, ៧២, ៧៥, ៧៨, ៧៩, ៨៣, ៨៧, និងមាត្រា៩១ ហើយ១ចំណុចទៀត គឺក្នុងជំពូកទី៨ ត្រង់មាត្រា ១៣៧»។
លោក គួយ ប៊ុនរឿនបានបញ្ជាក់ថា ចំណុចទាំងនោះ រួមមាន ទី១. ការចែងអំពីការកំណត់អាសនៈរដ្ឋសភា, ទី២. ការចែងអំពី សកម្មភាព នៃការឃោសនាបោះឆ្នោត, ទី៣. ការចែងអំពីរយៈពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត, ទី៤, ការចែងអំពីការផ្សព្វផ្សាយព័ត៌មានអប់រំអ្នកបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ, ទី៥. ការចែងអំពីការ សុំជួលរោងមហោស្រព មណ្ឌលកីឡា ឧទ្យានសាធារណៈ សាលសាធារណៈ សម្រាប់បម្រើការឃោសនាបោះឆ្នោត, ទី៦. ការចែងអំពីការដាក់ពាក្យសុំជួលទីតាំង ដូចមានចែងនៅក្នុងមាត្រា ៧៨, ទី៧. ក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា បានដក់ស្រង់ពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត មកបញ្ចូលក្នុងមាត្រានេះ (មាត្រា៨៣) ដើម្បីផ្តល់ឱកាស ដល់មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងធ្វើការ ឬមិនស្ថិតក្នុង ពេលបំពេញការងារក្នុងសមត្ថភាពផ្លូវការ ដើម្បីធានាការពារសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ, ទី៨. ការចែងអំពីការ ផ្តល់កិច្ចសហប្រតិបត្តិការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគ.ជ.ប គ្រប់លំដាប់ថ្នាក់ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយ ក្នុងសម័យបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការរាប់ សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត, ទី៩. ការចែងអំពីគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោត ត្រូវផ្ញើសៀវភៅគណនី និងរបាយការណ៍ចំណូលចំណាយសម្រាប់ការឃោសនាបោះឆ្នោត មក គ.ជ.ប យ៉ាងយូរ ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត និងទី១០. ការចែងអំពីការប្រកាន់ជំហរអព្យាក្រឹតភាពឥតលម្អៀងរបស់អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិ ដែលបំពេញការងារនៅក្នុងប្រទេសខ្មែរ ឬជនបរទេស នៅក្នុងអំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត។
ប្រធានក្រុមការងារ និងសមាជិករដ្ឋសភា របស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានមានប្រសាសន៍ថា ក្រុមការងារទាំងពីរ នឹងលើកយកចំណុចទាំង ១០នេះ ដាក់ជូនថ្នាក់ដឹកនាំទាំងពីរសិន ក្រោយថ្នាក់ដឹកនាំ បក្សទាំងពីរពិនិត្យរួចហើយគាត់ នឹងជួបគ្នាពិភាក្សា។
លោកបានបញ្ជាក់ថា «យើងមិនទាន់ដឹងថា ថ្នាក់ដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅពេលណានោះទេ ប៉ុន្តែថ្ងៃនេះ ក្រុមការងារទាំងពីរចុះហត្ថលេខាជាមួយគ្នា ដើម្បីលើកយកចំណុចខ្វែងគ្នាទៅដាល់ថ្នាក់ដឹកនាទាំងពីរ»។
លោក ប៊ិន ឈិន បន្ថែមថា ក្រុមការងារទាំងពីរ នឹងពិភាក្សា ក្នុងជំពូកទី១០ និងទី១១ ដែលមានប្រមាណជា ២៥ ទៅ២៦មាត្រាទៀត ដែលត្រូវពិភាក្សាបន្ត។
សូមបញ្ជាក់ថា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមពិភាក្សាគ្នា ទៅលើសេចក្តីព្រាងច្បាប់បោះឆ្នោតនេះ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ មកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ បានជួបប្រជុំគ្នាចំនួន ២០លើក ដោយក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាមានគ្នាចំនួន ៨រូប ដែលមានលោក ប៊ិន ឈិន ជាប្រធាន, លោក ជាម យៀប សមាជិក, លោក ស៊ិក ប៊ុនហុក សមាជិក, លោកស្រី គ្រួច សំអាន សមាជិក, លោក ព្រុំ សុខា សមាជិក, លោក ហ៊ី សោភា សមាជិក, លោក សក់ សេដ្ឋា សមាជិក លោក កើត រិទ្ធ សមាជិក និងក្រុមជំនួយការ, និងក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ ក៏មាន៨រូបផងដែរ ដែលមានលោក គួយ ប៊ុនរឿន ជាប្រធាន, លោក សុន ឆ័យ សមាជិក, លោក អេង ឆៃអ៊ាង សមាជិក, លោក យ៉ែម បុញ្ញាឫទ្ធិ សមាជិក, លោក អ៊ូ ច័ន្ធដសឫទ្ធិ សមាជិក, គីមសួរ ភិរិទ្ធិ សមាជិក, លោក ហូរ វ៉ាន់ សមាជិក, កញ្ញា កឹម មនោវិទ្យា សមាជិក និងក្រុមជំនួយការ៕