គែរ៖ ក្រសួងសាមគ្គីភាព សង្គមរបស់ប្រទេស អេហ្ស៊ីប នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បានចេញបញ្ជា ឲ្យមានការរំលាយ អង្គការក្រៅរដ្ឋាភិបាល ចំនួន ១៦៩ ដែលត្រូវជាសម្ព័ន្ធ នៃពួកភាតរភាពម៉ូស្លីម ឬម៉ូស្លីមប្រាដឺហ៊ូដ របស់អតីតរបប ដឹកនាំលោក ម៉ូហាម៉េដ ម៉ូស៊ី ដើម្បីចៀសវាងភាពចលាចល និង អសន្តិសុខក្នុងសង្គមតទៅមុខទៀត។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការបោះជំហានក្តៅជាថ្មីនេះ គឺយោង តាមសេចក្តីសម្រេច របស់តុលាការ អេហ្ស៊ីប ដែលទទួលខុសត្រូវដោះស្រាយកិច្ចការបន្ទាន់ បន្ទាប់ពីការស៊ើបអង្កេតឲ្យដឹងថា អង្គការម៉ូស្លីមទាំងនោះកំពុងតែរៀបចំគម្រោង និង សកម្មភាព នានាបន្ថែមទៀតក្នុងការអុកឡុកសង្គម។ ក្រៅពីនេះនៅក្នុងសេចក្តីថ្លែងការណ៍ ពីក្រសួងខាងលើ ទ្រព្យសម្បត្តិទាំងអស់នៃអង្គការទាំង ១៦៩នោះ ក៏ត្រូវរឹបអូស មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋផងដែរ។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៣ រដ្ឋាភិបាលអេហ្ស៊ីប បានសម្រេចដាក់ឈ្មោះអតីត រដ្ឋាភិបាល និង ក្រុមអ្នកគាំទ្រទាំងអស់ ដែលមានឈ្មោះថា ក្រុមភាតរភាពម៉ូស្លីម ដឹកនាំ ដោយលោក ម៉ូហាម៉េដ ម៉ូស៊ី ថាជាអង្គការភេរវកម្ម ដែលបានបង្កការវាយប្រហារអត្តឃាត ជាច្រើនកន្លែងទូទាំងប្រទេស។ កន្លងមក មេដឹកនាំ និងក្រុមអ្នកគាំទ្របក្សនេះ រាប់ពាន់នាក់ ត្រូវបានកាត់ទោសប្រហារជីវិត និង ជាប់ឃុំឃាំងរង់ចាំការកាត់ក្តី៕