Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាឡិច ត្រូវបានបញ្ជូនចេញ ពីកម្ពុជាហើយ

$
0
0

ភ្នំពេញ៖ ជើងហោះហើរថៃអ៊ែរវេ TG 585 ដែលដឹកលោក អាឡិច នៅម៉ោង ៨ និង៥៨នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានវិលកង់ហោះហើរបោះពួយទៅលើវេហារចាកចេញពីប្រទេសកម្ពុជាហើយ ជាមួយការស្រែកតវ៉ា ពីក្រុមអ្នកគាំទ្រប្រមាណ ១០០នាក់ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

បើតាមការបញ្ជាក់ពីមន្រ្តីអាកាសចរណ៍បានឲ្យដឹងថា ជើងហោះហើររបស់លោកអាឡិច នឹងចុះចតនៅទីក្រុងបាងកក បន្ទាប់មកទើបមានការផ្លាស់ប្តូរជើងហោះហើរ ហោះឆ្ពោះទៅកាន់ទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

លោក អាឡិច អ្នកប្រឆាំងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីតំបន់អារ៉ែង នៅខេត្តកោះកុង ហើយត្រូវបានគេប្រសិទ្ធនាម ថាជាអ្នកការពារបរិស្ថាន ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅម៉ោងប្រមាណ ១ និង៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងភោជនីយដ្ឋានមួយកន្លែងក្បែរផ្សាររាត្រី បន្ទាប់ពីទិដ្ឋាការរបស់លោកផុតសុពលភាពកាល ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងផងដែរថា លោក អាឡិច មិនត្រឹមតែមិនស្តាប់អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជានោះទេ សូម្បីតែអាណាព្យាបាលរបស់ខ្លួន ពោលឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅកម្ពុជាប្រាប់ ឲ្យចេញពីកម្ពុជា ក៏លោកមិនស្តាប់ផងដែរ។

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះចែកសញ្ញាប័ត្រ ដល់និស្សិតសកល វិទ្យាល័យជាតិគ្រប់គ្រង បានគាំទ្រដល់ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្ពុជា។ សម្តេច បានឲ្យលោក អាឡិច ចាកចេញពីកម្ពុជាមួយរយៈពេលសិន កុំនៅបង្កព្យុះភ្លៀងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «គ្រាន់តែរឿងចឹងសោះ ឆ្លេឆ្លា សរសេរលិខិតថ្វាយ ព្រះមហា ក្សត្រ ហើយមករវល់ជាមួយនាយករដ្ឋមន្រ្តី រកតែពេលដេកគ្មាន ផ្តាំផ្ញើតាមមាត់អត់ទេ។ លិខិតរបស់អគ្គនាយក អន្តោប្រវេសន៍ប្រាប់ថា លោកឯងអស់វីសារហើយ វីសារគេគង់តែធ្វើទេកុំឆ្ងល់ពេក។ បើអ្នកឯងអស់ទិដ្ឋាការហើយ ត្រូវតែចេញ»។

បុរសជនជាតិអេស្ប៉ាញ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន បានមករស់នៅក្នុងប្រទេសកម្ពុជាជាង ១០ឆ្នាំ មកហើយ ហើយទិដ្ឋាការរបស់លោកផុតកំណត់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបដិសេធមិនបន្តទិដ្ឋាការឲ្យរូបលោករស់នៅក្នុងប្រទេស កម្ពុជា បន្តទៅទៀតនោះទេ។

ការមិនបន្តទិដ្ឋាការ គឺបានធ្វើឡើង បន្ទាប់ពីបុរសអេស្ប៉ាញរូបនេះ បានធ្វើសកម្មភាពតវ៉ាប្រឆាំងយ៉ាងខ្លាំង និង គម្រោងសាងសង់វារីអគ្គីសនីនៅតំបន់អារ៉ែង ខេត្តកោះកុង របស់ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ។

ការមិនផ្តល់ទិដ្ឋការនេះ បានធ្វើឲ្យប្រធានបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា ចេញមុខស្វែងរក កិច្ចអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងព្រះមហាក្សត្រខ្មែរ ព្រះករុ ណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ។ ទោះជាយ៉ាងណា កិច្ចអន្តរាគមន៍របស់លោក សម រង្ស៊ី និង លោក កឹម សុខា មិនមានប្រសិទ្ធភាពនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ជាប្រទេសមាន អធិបតេយ្យភាពរបស់ខ្លួន មិនថាជនបរទេស ឬ ប្រជាពលរដ្ឋខ្មែរនោះទេ អ្នកដែលធ្វើខុសច្បាប់ត្រូវតែមានទោស៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>