ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនកុមាររស់ នៅតាមមណ្ឌលឲ្យមកនៅត្រឹម ៣០ភាគរយនាឆ្នាំ២០១៧ខាងមុខនេះ ក្នុងបំណងឲ្យកុមារទទួលបានការថែទាំពី ឪពុក-ម្តាយ និងក្រុមគ្រួសារ ឬសហគមន៍របស់ពួកគេផ្ទាល់តែម្តង។ ក្រសួងក៏ជំរុញឲ្យមានការពិនិត្យឲ្យបានល្អិត ល្អន់មុនបញ្ជូនកុមារឲ្យទៅរស់នៅក្នុងមណ្ឌល។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយរូបភាព និងព័ត៌មានស្តីពី «ការរក្សាកុមារឲ្យរស់នៅជួបជុំគ្រួសារ» នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងសង្គមកិច្ចថា ក្រុមគ្រួសារ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់កូនៗធំលូតលាស់ឡើង ក្រោមការថែ រក្សា ដោយសេចក្តីស្រឡាញ់ពីឪពុកម្តាយ និងគ្រួសារ។ ទោះបីជាមណ្ឌល បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋាន និងគោលនយោបាយ នៃការថែទាំជំនួសយ៉ាងណាក៏ដោយ ក៏ពុំមានស្ថានភាពដូចការរស់នៅជួបជុំជាមួយក្រុម គ្រួសារឡើយ។
លោករដ្ឋមន្រ្តី វង សូត បានឲ្យដឹងថា ទោះបីកម្ពុជាទទួលបានសុខសន្តិភាព និង បានផ្លាស់ប្តូរទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតទាបយ៉ាងណាក្តី តែចំនួនមណ្ឌលបានកើនឡើងពី១៥៥ នៅឆ្នាំ២០០៥ រហូតដល់ ២២៥ នៅឆ្នាំ២០១៤ ដែលមណ្ឌលទាំងនោះ បានចុះបញ្ជី និងគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាល។ ដោយឡែកមណ្ឌលកុមារកំព្រារបស់រដ្ឋាភិបាលមានចំនួន ២៣ ដដែល។ នេះមិនទាន់រាប់បញ្ចូលមណ្ឌល ដែល មិនបានចុះបញ្ជីជាមួយក្រសួង នៅឡើយនោះទេ។
យោងតាមរបាយការណ៍ធ្វើអធិការកិច្ចឆ្នាំ២០១៤ មានកុមារជាង ១២.០០០នាក់ កំពុងរស់នៅក្នុងមណ្ឌលកុមារ កំព្រារដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើរាប់តែចំនួនកុមារក្នុងអង្គការ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ក្រសួង តែប្រសិនបើរាប់បញ្ជូលទាំងកុមារនៅមណ្ឌលថែទាំកុមារ ពុំបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងចំនួន កុមារអាចនឹងមានចំនួនទ្វេដង។ គេបានរកឃើញទៀតថា កុមាររស់នៅក្នុងមណ្ឌលថែទាំជាង ៧០ភាគរយ មាន ឪពុក ឬម្តាយនៅរស់ និងមួយចំនួនទៀតមានជីដូនជីតា។
លោករដ្ឋមន្រ្តី វង សូត បានប្រកាសថា ក្រសួងគ្រោងកាត់បន្ថយចំនួនកុមារ រស់នៅក្នុងមណ្ឌលថែទាំឲ្យនៅសល់ ប្រមាណតែ ៣០ភាគរយ នៅក្នុងរយៈពេល ៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៥-២០១៧ ដើម្បីឈានដល់គោលដៅ ក្រសួងនឹងបង្កើតគណៈកម្មាធិការបង្រួបបង្រួមគ្រួសារ និងគ្រប់គ្រងករណីនៅខេត្តបាត់ដំបង រាជធានីភ្នំពេញ ដោយប្រើប្រាស់ទម្រង់ដូចនៅខេត្តសៀមរាប ដែលបានបង្កើតរួចហើយនាពេលកន្លងមក។
ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកស្រី រ៉ាណា ផ្លាវ័រ បានមានប្រសាសន៍ថា កុមារមានសិទ្ធិរស់រៀនជុំជា មួយគ្រួសារ និងបញ្ចៀសការបំពាបំពានផ្សេងៗ។ លោកស្រីបន្តថា ការបញ្ជូនកុមារទៅរស់នៅតាមមណ្ឌលជា ជម្រើសចុងក្រោយ។
ប្រធានអង្គការយូនីសេហ្វប្រចាំនៅកម្ពុជារូបនេះ បានធ្វើការគត់សម្គាល់របស់ខ្លួនថា ប្រទេសកម្ពុជានាពេលបច្ចុ ប្បន្នបានក្លាយជាប្រទេសមានប្រាក់ចំណូលធម្យមកម្រិតទាប មានសាលារៀន មណ្ឌលសុខភាព កន្លែងផ្តល់សេ វាសុខាភិបាលជាច្រើន ហើយចំនួនកុមារកំព្រា ក៏បានថយចុះផងដែរ តែបែរជាមណ្ឌលកុមារកំព្រាកើនឡើងទៅ វិញ។ ជាពិសេសមណ្ឌលកុមារកំព្រាទាំងនោះ មានច្រើននៅតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា ដែល នេះប្រាកដណាស់ថា កុមារត្រូវបានគេធ្វើអាជីវកម្ម។
លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះយើងមានសាលារៀន មានទីតាំងសុខាភិបាល ប៉ុន្តែកុមារត្រូវបានគេ នាំចេញពីគ្រួសារអត់ឲ្យចូលរៀន និងទទួលការអប់រំ ដូច្នេះយើងត្រូវបញ្ឈប់វា»។
លោកស្រី រ៉ាណា ផ្លាវ័រ បានជំរុញឲ្យមានការគិតគូរឲ្យបានល្អិតល្អន់បំផុតមុននឹងសម្រេចចិត្តយកកុមារទៅដាក់ តាមមណ្ឌលថែទាំ។ លោកស្រី ក៏បានសំណូមដល់ក្រសួងសង្គមកិច្ច និងអ្នកពាក់ព័ន្ធចាត់ការឲ្យបានតឹងរឹងបំផុត ទៅលើមណ្ឌល ដែលធ្វើអាជីវកម្មលើកម្លាំងពលកម្មរបស់កុមារ។
លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបញ្ជាក់ថា ការគ្រប់គ្រងមណ្ឌល ជាកត្តាសំខាន់បំផុត ពិសេសការត្រួតពិនិត្យលក្ខណៈសម្បត្តិ និង ស្ថានភាពកុមារ មុនទទួលឲ្យចូលទៅរស់នៅក្នុងមណ្ឌល ដោយត្រូវបញ្ចៀសឲ្យបានការទទួលកុមារ ដែលមាន ឪពុក ឬម្តាយ ឬក្រុមគ្រួសារ ដែលមានលទ្ធភាពចិញ្ចឹមបីបាច់ថែរក្សានោះ៕