ហ្វៃហ្សាបាដ៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀត ទទួល រងរបួស បន្ទាប់ពីផ្ទាំង ទឹកកក ដ៏ធំមួយ បានរលំចុះមកពីលើកំពូលភ្នំ ស្ថិតនៅខេត្ត បាដាដស្ថាន ភាគខាងជើងប្រទេស អាហ្វហ្គានីស្ថាន។ នេះតាមបើតួលេខអ្នកស្លាប់ ដែលចេញដោយ អាជ្ញាធរ គ្រប់គ្រងគ្រោះធម្មជាតិ នៅរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ គិតមកដល់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីរបស់លោក សាយេដ អាប់ឌុលឡាហ៍ ប្រធានគ្រប់ គ្រងគ្រោះមហន្តរាយខេត្ត បាដាដស្ថាន ឲ្យដឹងថា “អាជ្ញាធរបានរកឃើញសាក សព ១៨នាក់ និង អ្នករងរបួស ១០នាក់ បន្ទាប់ពីផ្ទាំងទឹកកក បានបាក់សង្កត់មកលើផ្នែកមួយ នៃភូមិ តាំង សេវ៉ា ស្ថិតនៅក្នុងស្រុក ម៉ាហ៍ម៉ាយ កាលពីព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ តែម្តង"។
ដោយឡែកក្រុមសង្គ្រោះក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផងដែរ ដើម្បីជួយរំដោះ ប្រជាជនជាង ១០០នាក់ ដែលកំពុងជាប់ខ្លួននៅក្នុងភូមិ ដែលត្រូវបានផ្ទាំងទឹកកក បិទបាំង ជិតពិបាក នឹងធ្វើដំណើរចេញ មកក្រៅនោះ។ ចំពោះចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយ សារព្រិលធ្លាក់ខ្លាំងនៅភាគខាងជើង ប្រទេស អាហ្វហ្គានីស្ថាន បានកើនឡើងដល់ជាង ២០០ នាក់ហើយ ស្របពេលដែលមនុស្សជាប់ខ្លួន និង បាត់ខ្លួន មានរាប់រយនាក់ផ្សេងទៀត៕