រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបណ្តាញព័ត៌មាននានា បានផ្សព្វផ្សាយជាបន្តបន្ទាប់ ចំពោះបទល្មើសបំផ្លាញព្រៃឈើតាមបណ្តាឃុំមួយចំនួន នៃស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ នេះបើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងតំបន់នោះ។ ជាក់ស្តែងថ្មីៗនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកផុស នៃសហគមន៍បាណន់ បានគ្រោងប្រមូលផ្តុំគ្នាដង្ហែក្បួនទៅកាន់សាលាស្រុកទឹកផុស ដើម្បីជំរុញឲ្យអភិបាលស្រុកចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ និងសកម្មភាពកាប់ព្រៃទន្រ្ទានយកដីដែលកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។ ប្រជាពលរដ្ឋក្នុងឃុំក្រាំងស្គា និង ឃុំក្បាលទឹក ស្រុក ទឹកផុសបានឲ្យដឹងថា ព្រៃឈើក្នុងមូលដ្ឋានរបស់ពួកគាត់ជៀសមិនផុតពីសេចក្តីវិ នាសសាបសូន្យនោះទេ ព្រោះមន្រ្តីអា ជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឡើយ បើទោះបីពួកគាត់រាយការណ៍ជាបន្តបន្ទាប់ឲ្យ ចាត់វិធានការទៅលើក្រុមជនល្មើសយ៉ាងណាក៏ដោយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុសបានឲ្យដឹងទៀតថា មួយរយៈពេលចុងក្រោយនេះ ព្រៃឈើតាមតំបន់ព្រំប្រទល់នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ និងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកំពុងប្រឈមនឹងការកាប់បំផ្លាញធ្វើអាជីវកម្មខុសច្បាប់យ៉ាងគគ្រឹកគគ្រេង។ ជារៀងរាល់ថ្ងៃពួកគាត់តែងឃើញរទេះគោក្របី គោយន្តកន្រ្តៃ និង គោយន្តច្នៃ ព្រមទាំងរថយន្តជាដើមដឹកឈើហ៊ុប ឈើមូល និងឈើអារជាគ្រឿងសំណង់រួចចេញពីព្រៃខេត្តពោធិ៍សាត់ចូល មកស្រុកទឹកផុសទាំងយប់ទាំងថ្ងៃ។ មន្រ្តីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និង មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ដែលឈរជើងក្នុងតំបន់នេះ មិនយកចិត្តទុកដាក់បង្រ្កាបបទល្មើសទេ គឺពួកគេបែរជានាំគ្នាឃុបឃិតប្រមូលយកលុយពីអ្នកកាប់ឈើ និង ដឹកជញ្ជូនឈើខុសច្បាប់តាមអំពើចិត្ត ។ ហេតុនេះហើយទើបកាលពីយប់ថ្ងៃទី២៤ និងទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ មានគោយន្តច្នៃ គោយន្តកន្រ្តៃ និង រទេះគោក្របីរាប់សិបគ្រឿងដឹកឈើឆ្លងកាត់ចំណុចតំបន់១០៤ និង១០៦ ក្នុងឃុំក្រាំង ស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
បញ្ហាដែលគួរឲ្យកត់សម្គាល់នោះ ក្រុមអ្នករកស៊ីដឹកឈើហ៊ុប និង ឈើមូល ក៏ដូចជាឈើអារច្រៀករួចតាមរទេះគោក្របី បានប្រាប់អ្នកយកព័ត៌មានថា ក្នុងពេលចូលព្រៃដឹកឈើមួយជើង ពួកគាត់ត្រូវបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នប្រមាណ៣០ម៉ឺនរៀល ហើយសមត្ថកិច្ច ដែលជំរិតយកលុយច្រើនជាងគេគឺមន្រ្តីរដ្ឋបាលព្រៃឈើ និងមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ។ ទាក់ទងនឹងបញ្ហានេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះ មួយរយៈពេលចុងក្រោយនេះ បទល្មើសកាប់ឈើនៅព្រំប្រទល់ស្រុកក្រគរ និង ស្រុកទឹកផុសកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ដោយសារតែមន្រ្តី រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតគិតតែរឿងផលប្រ យោជន៍ ។ ប្រជាពលរដ្ឋនៅឃុំក្រាំងស្គារបានឲ្យដឹងថា នៅពេលពួកគាត់ឃើញបទល្មើសបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ហើយរាយការណ៍ទៅមន្រ្តីរដ្ឋបាល ព្រៃឈើក្នុងមូលដ្ឋាន គឺសមត្ថកិច្ចរដ្ឋបាលព្រៃឈើឆ្លើយថា ជាប់រវល់រហូត ។
ទាក់ទងនឹងបញ្ហានេះដែរក្រសួង និងស្ថាប័នពាក់ព័ន្ធមិនត្រូវមើលរំលងតទៅទៀតទេ ព្រោះបច្ចុប្បន្នព្រៃសហគមន៍ក្នុងស្រុកទឹកផុសកំពុងប្រឈមនឹងការបំផ្លាញយ៉ាងពេញបន្ទុក ហើយព្រៃនៅតាមព្រំប្រទល់រវាងស្រុកក្រគរនិង ស្រុកទឹកផុសក៏ប្រឈមនឹងមហន្តរាយដែរ ។ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នដែលឈរជើងក្នុងតំបន់នេះគិតតែរាប់ចំ នួនរទេះគោក្របី គោយន្តកន្រ្តៃ គោយន្តច្នៃ និងរថយន្តដឹកឈើដើម្បីប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ ចង់ជនល្មើសបំ ផ្លាញព្រៃឈើឲ្យរលាយក៏ពួកគេធ្វើមិនដឹងមិនឮដែរ ។ ករណីនេះអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងប្រហែលជា ទទួលបានផលប្រយោជន៍ពីបទល្មើសបំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ទើបបណ្តោយឲ្យមន្រ្តីរដ្ឋបាលព្រៃ ឈើឈរជើងក្នុងស្រុកទឹកផុសធ្វើអ្វីៗតាមអំពើចិត្ត ។
មិនមែនតែនៅខេត្តកំពង់ឆ្នាំងទេដែលបទល្មើសបំផ្លាញព្រៃឈើបន្តកើតឡើងឥតឈប់ឈរ គឺនៅខេត្តកំពត ខេត្ត បាត់ដំបង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរីក៏បទ ល្មើសបំផ្លាញព្រៃឈើកំពុងកើតឡើងឥតឈប់ឈរដែរ ។ ជាក់ស្តែងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅតាមបណ្តា ស្រុកនានាក្នុងខេត្តស្ទឹងត្រែងបានឲ្យដឹងថា ព្រៃសហគមន៍របស់ជនជាតិដើមភាគតិចកំពុងទទួលរងនូវការកាប់បំផ្លាញ យ៉ាងមហន្តរាយ ហើយសូម្បីតែដើមច្បោះជ័ររបស់ពួកគាត់ក៏ត្រូវជនល្មើសលបលួចកាប់រំលំ និងអារច្រៀកធ្វើអាជីវកម្ម ខុសច្បាប់យ៉ាងពេញបន្ទុកដែរ ។ នៅក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ព្រៃដែនជម្រកសត្វ និងព្រៃសហគមន៍ប្រឈមនឹង ការបំផ្លាញកាន់តែខ្លាំងចាប់តាំងពីខែតុលា ឆ្នាំ២០១៤រហូតដល់បច្ចុប្បន្ន ដែលបញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់បំផុតដើម្បីឲ្យព្រៃឈើនៅគង់វង្សយូរអង្វែងតទៅទៀត ៕