ភ្នំពេញ៖ កម្លាំងនគរបាល ល្បាតរបស់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅមុខ ភោជនីយដ្ឋាន ពិភពថ្មី សង្កាត់ ស្រះចក ខណ្ឌដូនពេញ ក្រោយពី ជនសង្ស័យ រូបនេះ បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ពីស្រ្តីរងគ្រោះម្នាក់ កំពុងជិះម៉ូតូតែម្នាក់ឯង។
មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេល កើតហេតុ ខណៈស្រ្តី ម្នាក់កំពុង បើកម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុង ទិស ដៅពី ត្បូងទៅជើង ហើយពេលមកដល់ មុខធនាគារ អេស៊ីលីដា បានបត់ម៉ូតូ ចូលទៅតាម ផ្លូវខាងស្តាំដៃ លុះពេលដល់មុខ ភោជនីយដ្ឋាន ពិភពថ្មី ស្រាប់តែលេចមុខ ជនសង្ស័យ បើក ម៉ូតូមកអែប ជនរងគ្រោះ ហើយក៏ឆក់យកទូរស័ព្ទ។
ភ្លាមៗនោះ បានធ្វើឲ្យ ស្រ្តីរងគ្រោះស្រែ ឆោឡោ ខណៈកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងល្បាត តាមដងផ្លូវ ក៏ចេញ ជួយអន្តរាគមន៍ ទាន់ពេលវេលា ចាប់បានជនសង្ស័យបានតែម្តង ។
សម្រាប់បទ ល្មើស មួយនេះ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានដកហូតម៉ូតូម៉ាកហុង ដាសេ១២៥ គ្មានស្លាកលេខ មួយគ្រឿងផងដែរ ដែលជិះធ្វើសកម្មភាព ។
ជនល្មើសរូបនេះ ត្រូវបាន បញ្ជូនទៅកាន់ ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បន្ដការសួរនាំ និងចាត់វិធានការ តាមនីតិវិធី ។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌមួយរូប បាននិយាយថា មុខ សញ្ញាឆក់ មានទាំងមុខចាស់ និងមុខសញ្ញាថ្មី ហើយក្រុមនេះ ពេលខ្លះ បានបង្កើតដៃជើង របស់ខ្លួន ជាបន្ដបន្ទាប់។
តែយ៉ាងណា ក៏ដោយ កម្លាំងនគរបាល បាននិងកំពុង បញ្ចេញប្រតិបត្តិការ បង្ក្រាបបទល្មើសទាំងនេះ តាមគ្រប់រូបភាព៕