ភ្នំពេញ៖ ចាងហ្វាងផលិតកម្ម វេហា «Veha Entertainment Production» លោក ផាត សុផល បានបង្ហាញ មហិច្ឆតារបស់ខ្លួនថា ទៅថ្ងៃអនាគត ចង់អភិវឌ្ឍភាពយន្តខ្មែរ ទៅជាគំនូជីវចល 3D ដែលជាការតាំងចិត្តថ្មីមួយ ពុំធ្លាប់មានពីមុនមក ក្នុងចំណោមអ្នកសិល្បៈទូទៅ។ ការបង្ហាញបំណងប្រាថ្នាធំនៅពេលនេះ គឺស្របទៅនឹងផលិតកម្ម Veha Entertainment បានដាក់បញ្ចាំងភាពយន្តថ្មី ជាស្នាដៃដំបូង របស់ខ្លួន នៅរោងភាពយន្តលុច្ស មានចំណងជើងថា «បេសកកម្មមរណៈ» ដោយផលិតកម្មមួយនេះ បានរំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនទូទៅ ព្រោះផ្ទៃរឿងទាំងមូល ពោរពេញដោយឈុតឆាកប្លែកៗ ចម្លែកអារម្មណ៍ ត្រូវចិត្តអ្នកទស្សនា កំប្លុកកំប្លែង វាយប្រហារ ព្រឺព្រួច និងតួសម្ដែងប្រកបដោយ ទេពកោសល្យខ្ពស់ ។
ក្នុងពិធីបើកសម្ពោធ បញ្ចាំងជាផ្លូវការនេះ គេសង្កេតឃើញមានតារាល្បី ដែលបានសម្ដែងក្នុងរឿង «បេសកកម្មមរណៈ» បានមកចូលរួមយ៉ាងច្រើន ក្នុងនោះទស្សនិកជន ក៏បានមកទស្សនាយ៉ាងកកកុញ មុខរោងភាពយន្ត ធ្វើឲ្យបរិយាកាស នៃការដាក់បញ្ចាំងដំបូង កាន់តែសប្បាយរីករាយ។
ចាងហ្វាងផលិតកម្ម Veha Entertainment លោក ផាត សុផល បានថ្លែងឲ្យដឹងថា រឿង «បេសកកម្មមរណៈ» ជាវណ្ណទី១របស់ផលិតកម្មលោក ដោយក្នុងផ្ទៃរឿងចង់បង្ហាញអំពី ក្នុងការងារថតរឿងមួយដែល បានចេញទៅថតនៅតំបន់ដាច់ស្រយាល ហើយបានជួប ឧបសគ្គជាច្រើន ក្នុងនោះមានទាំងគ្រោះធម្មជាតិ ហើយតម្រូវឲ្យពួកគេ ឆ្លងកាត់ឧបសគ្គទាំងនោះ។ រឿង«បេសកកម្មមរណៈ» បានបង្កប់ឈុតឆាក ភ័យរន្ធត់ កំប្លុកកំប្លែង និង បានប្រើរយៈពេលថតចំនួន៣ខែ ដោយបានសម្រិតសម្រាំង ឡើងយ៉ាងពិសេស ។
លោកបានបន្តថា ដោយសារតែចិត្តស្រឡាញ់វិស័យសិល្បៈខ្មែរ ចង់ឲ្យសិល្បៈខ្មែរ មានភាពរីកចំរើន ទើបលោកបានបោះទុនជាច្រើន ដើម្បីថតភាពយន្តនេះឡើង ។ មិនតែប៉ុណ្ណោះ លោកចង់ឃើញភាពយន្តខ្មែរ មានការវិវឌ្ឍន៍ជឿនលឿនជាងនេះបន្ថែមទៀត ជាពិសេស លោកចង់វិវឌ្ឍ ភាពយន្តខ្មែរ ទៅជាភាពយន្តគំនូជីវចល 3D ទៅថ្ងៃអនាគត បើទោះបីជាយើងនៅខ្វះ ធនធានមនុស្ស ដើម្បីធ្វើការងារនេះ បន្តិចក្ដី។ ការបង្ហាញបំណង ប្រាថ្នាបែបនេះ ដោយសារតែលោក ជាអ្នកផលិតកម្មភាពយន្ត គំនូជីវចលស្រាប់ អាចថា មិនមែនជាការលំបាក សម្រាប់លោកឡើយ។
សូមបញ្ជាក់ថា រឿង «បេសកកម្មមរណៈ» ចូលរួមសម្ដែងដោយ តារាជាច្រើនដួង រួមមាន កញ្ញា ហង្ស ម៉ារីនី លោក ម៉េង ប៊ុនឡូ លោក PeyPey Dy អ្នកនាង ហង្ស ម៉ារីណា កញ្ញា ស៊ឹម សេរីរ័ត្នមនី និងតារាល្បីជាច្រើនដួងទៀត។ រឿង «បេសកកម្មមរណៈ» ចាប់ផ្ដើមបញ្ចាំងពីថ្ងៃនេះតទៅ នៅរោងភាពយន្តលុច្ស ។ ផលិតកម្ម Veha Entertainment បង្កើតឡើង ដើម្បីអភិវឌ្ឍន៍រឿងព្រេងខ្មែរ ឲ្យទៅជាគំនូជីវចល រួមចំណែក ផលិតខ្សែភាពយន្ត ដែលមានគុណភាព ដើម្បីផ្សព្វផ្សាយសមិទ្ធផល និងវប្បធម៌ខ្មែរ គាំទ្រស្នាដៃខ្មែរ និងរួមចំណែក បង្កើតការងារសម្រាប់ខ្មែរ ៕
លោក ផាត សុផល ចាងហ្វាងផលិតកម្ម វេហា «Veha Entertainment Production»