- ស្នងការខេត្តជំរុញឲ្យមន្ត្រីនគរបាលមូលដ្ឋាន បង្កើនការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ
កំពង់ចាមៈ ករណីពុលត្រីកំពត រហូតដល់ស្លាប់ និងត្រូវជួយសង្គ្រោះដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យនៅរាជធានីភ្នំពេញ បានកើតឡើងទៀតថា នៅក្នុងទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្តាលឲ្យស្លាប់ម្នាក់ និងកំពុងសង្រ្គោះ៣នាក់ ក្នុងនោះមានក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ផងដែរ។
ករណីពុលត្រីកំពតលើកទី២ ត្រឹមរយៈពេល១ថ្ងៃ នៅក្នុងស្រុកស្រីសន្ធរ ខាងលើនេះបានកើតឡើង នៅល្ងាចថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកោះគោ ឃុំមានជ័យ បន្ទាប់ពីករណីទី១ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ដែលបណ្តាលឲ្យជនរងគ្រោះ២នាក់ស្លាប់ និង៤នាក់ កំពុងសង្គ្រោះនៅឡើយ។
យោងតាមមន្ត្រីនគរបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នា ហូបត្រីកំពត ស្រាប់តែស្ពឹកដៃ ស្ពឹកជើង និងមានអាការៈមិនស្រួល ទើបភ័យស្លន់ស្លោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យមើលភ្លាមៗ។
តាមន្រី្តនគរបាលដដែល ដោយសារស្ថានភាពធ្ងន់ធ្ងរពេក បានធ្វើឲ្យបុរសម្នាក់ជាមេគ្រួសារ អាយុ៤៤ឆ្នាំ បានស្លាប់ភ្លាមៗ ហើយសមាជិកគ្រួសារ៣នាក់ផ្សេងទៀត ក្នុងនោះមានកូនប្រុស អាយុ៨ឆ្នាំម្នាក់ត្រូវ បានដឹកបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ។
លោក ឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា នេះជាករណីពុលត្រីកំពត លើកទី២ហើយ ក្នុងរយៈពេលរំលងបានមួយថ្ងៃ បណ្តាលឲ្យស្លាប់៣នាក់ និងត្រូវជួយសង្គ្រោះ៧នាក់ នៅក្នុងស្រុកស្រីសន្ធរ។
លោកឧត្តមសេនីយ៍ស្នងការ បានជំរុញឲ្យមន្ត្រីនគរបាលមូលដ្ឋានសហការជាមួយមន្ត្រីជលផល បង្កើនការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងកាន់តែខ្លាំងពីប្រភេទត្រីកំពត ថាតើប្រភេទណាអាចហូបបាន និងប្រភេទណា ដែលមិនអាចហូបបានដូចមន្ត្រីជលផល ធ្លាប់បាន ប្រកាសនាពេលកន្លងទៅនោះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ៦នាក់ រស់នៅភូមិព្រែកដំបូងក្រោម ឃុំព្រែកដំបូង បាននាំគ្នាយកត្រីកំពត និងខ្យង មកស្ងោហូបក្លែមស្រា-ស កាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី ១៨ ខែមីនា ស្រាប់តែមួយសន្ទុះ ក្រោយមកជនរងគ្រោះ មានអាការៈមិនស្រួល ស្ពឹកដៃ ស្ពឹកជើង ត្រូវបានសាច់ញាតិនិងសមត្ថកិច្ចជួយដឹកយកទៅសង្គ្រោះ ប៉ុន្តែជាអកុសល ជនរងគ្រោះ២នាក់ បានស្លាប់ រីឯ៤នាក់ផ្សេងទៀត កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុក និងនៅមន្ទីរពេទ្យកាល់ម៉ែត៕