ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូត សហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា លោក ចាយ រ៉ូម៉ាន់ បានមើលឃើញថា ទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កាន់តែប្រសើក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចពាក់ព័ន្ធកម្មវិធី អប់រំជាលើកដំបូង របស់ លោកស្រី Michelle Obama ភរិយាប្រធានាធិបតីអាម៉េរិកលោកអូបាម៉ា។
ថ្លែងប្រាប់អ្នកកាសែត ក្រោយជូនដំណើរត្រឡប់ ទៅសហរដ្ឋអាម៉េរិកវិញរបស់លោកស្រី Michelle Obama ពីព្រលានយន្តហោះសៀមរាប លោក ចាយ រ៉ូម៉ាន់ បន្តថា លោកស្រី Michelle Obama បានមើលឃើញ កាន់តែច្បាស់ពីការរស់នៅនិងការសិក្សារបស់កុមារីក្នុងខេត្តសៀមរាប។ លោកថា"ដំណើទស្សនកិច្ចនេះធ្វើឡើងតាមគំនិតផ្ដួចផ្ដើម របស់រដ្ឋាភិបាលអាម៉េរិក ដែលមានPeace Corp ស្ម័គ្រចិត្ត សម្រាប់ប្រទេសនានានៅទូទាំងពិភពលោក ដែលធ្វើឲ្យប្រជាពលរដ្ឋ មានលទ្ធភាពរៀនសូត្រ"។
លោក ចាយ រ៉ូម៉ាន់ បន្តថា ប្រទេសកម្ពុជាជាប្រទេសមួយ ដែលអាម៉េរិកធ្វើការស្ម័គ្រចិត្ត ជាមួយភាគីនិមួយៗ ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានការសិក្សាមួយដ៏ល្អ។ លោកបញ្ជាក់ថា " វត្តមានរបស់ លោកស្រី Michelle Obama ជាឱកាសដ៏ល្អសម្រាប់លោកស្រី បានជួបដោយផ្ទាល់ជាមួយជាមួយកុមារីនិងសាលារៀនមួយចំនួន និងបានដឹងតាមរយៈការរៀបរាប់របស់កុមារីទាំងនោះ ហើយក៏បានមើលឃើញដោយផ្ទាល់ពីការរស់នៅរបស់ ពួកគេ"។
ជាមួយគ្នានេះ តាងនាមលោកស្រី Michelle លោក ចាយ រ៉ូម៉ាន់បានថ្លែងអំណរគុណដល់រាជ រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចអស់ពីចិត្តសម្រាប់ទទួលស្វាគមន៍ ដំណើរ ទស្សនកិច្ច លោកស្រី Michelle។
បើតាម លោក ចាយ រ៉ូម៉ាន់ បទពិសោធន៍ដែលលោកស្រី Michelle ទទួលបានពីកម្ពុជានិងប្រទេស ជប៉ុនក្រោយ ដំណើរទស្សនកិច្ចលោកស្រី នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្ដាញសង្គមផ្ទាល់របស់លោកស្រី និងមធ្យោបាយផ្សេងៗ ទៀតដើម្បីឲ្យពិភពលោកបានស្គាល់ និងបានដឹងពីសាវតារបស់កុមារីនៅកម្ពុជា។
ដំណើទស្សនកិច្ច របស់លោកស្រី Michelle Obama មកកម្ពុជា សម្រាប់កម្មវិធី Let Girls Learn គឺជាគំនិត ផ្តួចផ្តើមរបស់រដ្ឋាភិបាល សហរដ្ឋអាម៉េរិកដើម្បី ជួយឱ្យសិស្សស្រី បានសិក្សាបានច្រើន។ លោកស្រី Michelle បានជំរុញឲ្យសិស្សស្រី បន្តការសិក្សាឲ្យ បានខ្ពង់ខ្ពស់ កុំខ្វល់នឹងការបន្ទុចបង្អាក់។ លោកស្រីបានបញ្ចប់ ដំណើរ ទស្សនកិច្ច នៅកម្ពុជា នៅថ្ងៃអាទិត្យនេះនិងបានធ្វើដំណើរ ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕