ត្បូងឃ្មុំ ៖ អភិបាលរងខេត្ដត្បូងឃ្មុំ លោក ហាក់ សុខមករា នៅរសៀលថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៥នេះ បានដឹកនាំ ក្រុមការងារ និងគណៈកម្មាការផ្សារសួង ចុះទៅរៀបចំប្រព័ន្ធលូ ដោយជួលកម្មករឱ្យចុះស្ដារនៅក្នុងផ្សារនិង ជុំវិញផ្សារសួង ក្រុងសួង គោល បំណងកាត់ បន្ថយនិងបញ្ជៀសការជន់លិចនៅរដូវវស្សា និងមានភ្លៀងធ្លាក់ ។
លោក ហាក់ សុខមករា បានថ្លែងឱ្យដឹង ថា ក្រុមការងារបានពិនិត្យមើលបញ្ហានិង ការស្ដារលូនៅក្នុងផ្សារ ទាំងតូច ទាំងធំ ព្រម ទាំងការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវនៅ ជុំវិញផ្សារ ពីព្រោះបើគ្មានការរៀបចំទេ និងធ្វើឱ្យមាន ការជន់លិចជាក់ជាមិនខានឡើយនារដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ។
អភិបាលរងខេត្ដរូបនេះ បានបន្ដថា ក្រោយពីបញ្ចប់ការត្រួតពិនិត្យនិងស្ដារលូ នៅក្នុងផ្សាររួចមក លោក នឹងក្រុម ការងារ បានចុះពិនិត្យបន្ដនៅជុំវិញក្រុង គឺកន្លែងដែលត្រូវបង្ហូរទឹកចេញក្រៅក្រុង ។
លោក ហាក់ សុខមករា បានបន្ដទៀតថា លោកនឹងក្រុមការងារក៏បានចុះទៅពិនិត្យមើលនិងរៀបចំធ្វើប្រព័ន្ធលូ នៅជុំវិញបេន រថយន្ដព្រមទាំងជួសជុលផ្លូវនៅមុខបេន ដែលចាប់ផ្ដើមឡើងនៅខែមេសាខាងមុខនេះ ។
លោក ហាក់ សុខមករា បានលើកឡើង ទៀតថា អាជ្ញាធរខេត្ដត្បូងឃ្មុំ បាននឹងកំពុង ខិតខំរៀបចំហេដ្ឋារចនា សម្ព័ន្ធនៅក្នុងក្រុង ដើម្បីបង្កើនសោភ័ណភាពក៏ដូចជាការទាក់ ទងពីភ្ញៀវជាតិនិងអន្ដរជាតិផងដែរ ។
ចំពោះការងារទាំងនេះ អភិបាលរង ខេត្តត្បូងឃ្មុំ បានជំរុញឲ្យគណៈកម្មាការផ្សារសួង និងខាងបេនរថយន្ត ត្រូវរៀប ចំស្តារ ប្រព័ន្ធលូទាំងនេះឲ្យបានល្អ ខាងអាជ្ញាធរជាអ្នកត្រួតពិនិត្យមើលពីលើ៕