Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងដាក់ចេញ នូវសកម្មភាព និងវិធានការ ៧ ចំណុច ដើម្បីផ្គត់ផ្គង់ខ្សាច់ ឲ្យបានទាន់ពេលវេលា

$
0
0

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានឲ្យដឹងថា យើងបានឯកភាព ដាក់ចេញនូវវិធានការ ចំនួន ៧ចំណុច ទៅលើសកម្មភាព និងវិធានជាបន្ទាន់ ដើម្បីធ្វើការផ្គត់ផ្គង់ខ្សាច់ ឲ្យបានទាន់ពេលវេលា នៅក្នុងទីផ្សារ កម្ពុជា ។

ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងរ៉ែខ្សាច់ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៥ នាទីស្តីក្រសួងរ៉ែ និងថាមពល លោករដ្ឋមន្ត្រី ស៊ុយ សែម បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាការ ផ្គត់ផ្គង់ខ្សាច់ឲ្យបានទាន់ពេលវេលា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បានចេញសេចក្តី សម្រេច ស្តីពីការកំណត់គោលការណ៍ ធ្វើអាជីវកម្មខ្សាច់ ដែលប្រគល់ភារកិច្ច ឲ្យក្រសួងរ៉ែ និងថាមពល ជាអ្នកចេញ អាជ្ញាប័ណ្ណ និងទទួលខុសត្រូវ គ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ ។

លោករដ្ឋមន្ត្រីបានបន្ថែមថា “ក្រោយទទួលបានភារកិច្ច ថ្នាក់ដឹកនាំក្រសួង បានបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៥ ដើម្បីជជែកពិភាក្សា ពីវិធានការ និងការកំណត់ធ្វើផែនការ ក្នុងការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងអាជីវ កម្មនេះ”។

លោក ស៊ុយ សែម បានបញ្ជាក់ថា នៅកិច្ចប្រជុំនោះ បានឯកភាពគ្នាទៅលើសកម្មភាព និងវិធានការមួយចំនួនជា បន្ទាន់ ហើយវិធានការនោះ រួមមាន ទី១-បន្តពន្យារអាជ្ញាប័ណ្ណ ដែលមានស្រាប់នៅក្នុងតំបន់ ដែលបានសិក្សារួចជា ស្រេចទៅលើផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន, ទី២-ត្រូវវាយតម្លៃ និងសិក្សាឲ្យបានច្បាស់លាស់សិន មុន ផ្តល់អាជ្ញាប័ណ្ណថ្មី, ទី៣-អន្តរក្រសួង នឹងត្រូវរៀបចំឡើង ដើម្បីសហការវាយតម្លៃសិក្សា ពីផលប៉ះពាល់បរិស្ថាន និង ផែនការកាត់បន្ថយការប៉ះពាល់បរិស្ថាន, ទី៤- ឆ្មាំទន្លេ ត្រូវប្រមូលផ្តុំ ដើម្បីការពារទន្លេ ប្រឆាំងទប់ស្កាត់ នឹងការធ្វើ អាជីវកម្មខ្សាច់ខុសច្បាប់, ទី៥-បង្កើតលេខទូរស័ព្ទ ដើម្បីទទួលបណ្តឹងទាក់ទង នឹងការបូមខ្សាច់អនាធិបតេយ្យ នៅ តាមសមុទ្រ ដងទន្លេ និងស្ទឹង, ទី៦-រៀបចំ និងពិនិត្យឡើងវិញ នូវរាល់លក្ខខណ្ឌ ក្នុងការផ្តល់អាជ្ញាប័ណ្ណ និងទី៧- នឹងធ្វើលទ្ធកម្មជ្រើសរើស អ្នកជំនាញបច្ចេកទេសបរិស្ថាន ដើម្បីជួយធ្វើការសិក្សា តំបន់ដែលអាចធ្វើអាជីវកម្មខ្សាច់។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល បានមានប្រសាសន៍ថា យើងត្រូវធ្វើការឲ្យបានច្បាស់ លាស់ មុនផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់ ដូចនៅក្នុងដងទន្លេជាដើម យើងត្រូវសិក្សានូវទន្លេទាំងមូលសិន ដើម្បីផ្តល់ យោបល់ជូនទៅក្រសួង មុននឹងធ្វើការចេញអាជ្ញាប័ណ្ណ ជូនទៅក្រុមហ៊ុនដែលចង់ធ្វើអាជីវកម្ម ។

លោករដ្ឋមន្ត្រីបានបន្តថា “នៅទន្លេមេគង្គមានពីររដូវ គឺរដូវប្រាំង និងវស្សា ហើយកម្ពស់ទឹក ក៏មានការខុសប្លែក រវាងរដូវទាំងពីរនេះ អីចឹងទេ ការកកដី ការដុះដីនៅតំបន់ខ្លះ ហើយក៏អាចថា វាខូងនៅកន្លែងផ្សេង បាក់ច្រាំងនៅកន្លែង ផ្សេង គឺជារឿងមួយដែលត្រូវសិក្សាឲ្យបានច្បាស់លាស់”។

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា ក្នុងការសហ ការគ្រប់គ្រងរ៉ែខ្សាច់ និងការអនុវត្តច្បាប់អាជីវកម្មរ៉ែ នៅក្នុងប្រទេសកម្ពុជា កងរាជអាវុធហត្ថមានតួនាទីមួយចំនួន។

លោកនាយឧត្តមសេនីយ៍ បានបន្តថា “តួនាទី ទី១-ត្រូវធ្វើការការពារនូវមន្ត្រីក្រសួងរ៉ែ និងបរិស្ថាន និងមន្ត្រីផ្សេងទៀត ដែលមានតួនាទី និងភារកិច្ចក្នុងការធ្វើអធិការកិច្ច ក្នុងការត្រួតពិនិត្យទៅលើអាជីវកម្មធនធានរ៉ែ ជាពិសេស ខ្សាច់ដែល កំពុងនិយាយនេះ, ទី២-ផ្តល់កម្លាំងមនុស្សជាក់ស្តែង ក្នុងការចូលរួមការពារ, ទី៣-ផ្តល់មធ្យោបាយ មានទូកលឿន (អូបរ) និង៤-គឺច្បាប់បានផ្តល់នូវអំណាច ផ្នែកនគរបាលយុត្តិធម៌ ដូច្នេះ ក្នុងប្រតិបត្តិការនេះ បើសិនជាមានជនណា ប្រព្រឹត្តបទល្មើស ដែលស្ថិតនៅក្នុងបទល្មើសឧក្រិដ្ឋ ដែលក្រមព្រហ្មទណ្ឌបានចែង ជាតួនាទីរបស់កងរាជអាវុធហត្ថ គឺអាវុធហត្ថមានតួនាទីបង្ក្រាប់តាមផ្លូវច្បាប់”។

បើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ មានអាជីវកម្មរ៉ែចំនួន ១៤២ក្រុមហ៊ុន បាន និងកំពុងធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនទាំងនោះ មាន នៅក្នុងរាជធានីភ្នំពេញ ចំនួន ៧ក្រុមហ៊ុន, ខេត្តកណ្តាល ៤១, ព្រៃវែង ៦, កំពង់ឆ្នាំង ៣, កំពង់ធំ ១២, កំពង់ស្ពឺ ១៣, កោះកុង ១០, កំពត ២២, ព្រះសីហនុ ៧, កែប ៣, តាកែវ ៣, ពោធិ៍សាត់ ៩, សៀមរាប ៤ និងខេត្តស្ទឹងត្រែង ចំនួន ១ក្រុមហ៊ុនផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>