គែរ៖ បើតាមប្រភពពី មន្រ្តីយោធាអេហ្ស៊ីបម្នាក់ បានប្រាប់ស៊ិនហួថា នាវាចម្បំាងរបស់ប្រទេស អេហ្ស៊ីបចំនួន០៤គ្រឿង បានឆ្លងកាត់ព្រែកជីក Suez នៅថ្ងៃព្រហស្បតិ៍ ក្នុងដំណើរឆ្ពោះទៅប្រទេស យេម៉ែនហើយ ដើម្បីទៅរក្សាសន្តិសុខ នៅឈូងសមុទ្រ អាដិន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមប្រភពពីយោធានោះថា នាវាចម្បំាងទំាងនោះ បានបញ្ជូនទៅប្រទេស យេម៉ែន ដើម្បីទៅរក្សាសន្តិសុខនៅដៃសមុទ្រ បាប់អាល់ ម៉ាន់បាប់ ដែលជាច្រករបៀងសមុទ្រដ៏សំខាន់មួយ គ្រប់គ្រងការធ្វើដំណើរ ចូលទៅកាន់សមុទ្រក្រហម។
ជាមួយគ្នានោះដែរ នាវាចម្បំាងជាច្រើនទៀត ដែលចតនៅព្រែកជីក Suez ក៏នឹងបញ្ជូនទៅតាមក្រោយផងដែរ។ ដោយឡែកប្រទេស អារ៉ាប៊ីសាអូឌីតវិញ ក៏បានអនុវត្តការវាយប្រហារដែនអាកាសប្រឆំាងនឹងក្រុមឧទ្ទាម ហួរទី នៅក្នុងប្រទេស យេម៉ែន កាលពីថ្ងៃពុធ ទី២៥ ដែលមានរយៈពេលប៉ុន្មានបន្ទាប់ពីក្រុមឥស្លាមនិកាយស៊ីអីត វាយប្រហារសំដៅចូលភាគខាងត្បូងទីក្រុង កំពង់ផែ អាដិន៕
កាសែតរដ្ឋរបស់អេហ្ស៊ីបឈ្មោះ អារ៉ាំ បានស្រង់ប្រភពពីមន្រ្តីយោធាអេហ្ស៊ីប ដែលបាននិយាយថា ក្រុមប្រយុទ្ធរបស់ខ្លួន កំពុងតែប្រុងជើងការខ្ពស់ ហើយនឹងចូលអន្តរាគមន៍ភ្លាមៗ ដោយរង់ចំាតែការបញ្ជាពីអាជ្ញារតែប៉ុណ្ណោះ។