ភ្នំពេញ៖ នៅសល់ពេលត្រឹមតែ ២ម៉ោងទៀតប៉ុណ្ណោះ ការប្រកួតលើកទី២របស់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា(U-22) និងក្រុមជម្រើសជាតិឈុតធំ U-23កូរ៉េខាងជើង នឹងចាប់ផ្ដើមហើយ សម្រាប់យុទ្ធនាការប្រកួតជម្រុះពូលG នៃព្រឹត្តិការណ៍ AFC U-23 Championship 2016 Qualifiers នៅលើកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ ។
នាវេលាម៉ោង ៤រសៀលថ្ងៃនេះ ក្រុម U-22កម្ពុជា នឹងបន្ដស្វែងរកពិន្ទុជាលើកទី២ បន្ទាប់ពីរបូតអស់ ៣ពិន្ទុ កាលពីប្រកួតលើកទី១ ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ U-23ថៃទាំងប្រផិតប្រផើយ ក្នុងលទ្ធផលបច្ចេកទេស ២-១ ។ ប៉ុន្ដែការបរាជ័យនោះ មិនត្រូវបានអ្នកគាំទ្ររិះគន់ ឬជេរស្ដីដូចកាលពីមុនៗនោះទេ ផ្ទុយទៅវិញ មានតែអ្នកកោតសរសើរថា កីឡាករ U-22កម្ពុជា ធ្វើបានល្អ ដែលមិនបណ្ដោយឲ្យម្ចាស់ផ្ទះថៃស៊ីងាយៗឡើយ ។
ប៉ុន្ដែសម្រាប់ជំនួបជាមួយក្រុម U-23កូរ៉េខាងជើង នៅរសៀលនេះវិញ អ្នកគាំទ្រជម្រើសជាតិកម្ពុជា នៅតែមានជំនឿចិត្តយ៉ាងមុតមាំលើក្រុម U-22កម្ពុជាថានឹងទទួលបានលទ្ធផលល្អ បើទោះបីចាញ់មួយប្រកួតហើយក៏ដោយ ព្រោះទម្រង់លេងរបស់យុវជនជម្រើសជាតិកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនខ្លាំងមិនដូចមុនឡើយ ។
ដូច្នេះសូមអ្នកស្នេហាវិស័យកីឡាជាតិ ចូលរួមគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់កីឡាករជម្រើសជាតិកម្ពុជាទាំងអស់គ្នា ដើម្បីស្វែងរកពិន្ទុបន្ដដំណើរទៅវគ្គបន្ទាប់ ខណៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានត្រៀមថវិកា ១ម៉ឺនដុល្លាររួចជាស្រេច ដើម្បីលើកទឹកចិត្តកីឡាករបើឈ្នះមួយប្រកួតណានោះ ៕