បាដាដ៖ ខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ មួយក្រុម បានចាប់ជម្រិត ជនជាតិ កាតា២៦នាក់ ដែលបានធ្វើដំណើរកំសាន្ត និងប្រមាញ់សត្វ នៅវាលខ្សាច់ក្នុងខេត្ត Muthanna ភាគខាងត្បូង ប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។
ចៅហ្វាយខេត្ត Muthanna លោក Falih Abdul Hassan Sukar បានឲ្យដឹងថា ខ្មាន់កាំភ្លើងទាំងនោះ បានជិះរថយន្តមួយគ្រឿង ហើយបានបាញ់ប្រហារ ទៅលើជំរុំរបស់ជនរងគ្រោះ ដែលស្ថិតនៅវាលខ្សាច់ Smawa ដែលជាផ្នែកមួយនៃខេត្ត Muthanna ហើយបានចាប់ជម្រិត មនុស្ស២៦នាក់ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។
លោក Sukar បន្តថា ជនជាតិកាតាទាំងនោះ បានឆ្លងកាត់បន្ទាត់ព្រំដែនប្រទេស អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីតហើយបានសម្រាកកំសាន្តនៅតាមវាលខ្សាច់។ ថ្វីត្បិតពួកគេមានទិដ្ឋការ និងទទួលបានការអនុញ្ញាត ពីក្រសួងមហាផ្ទៃប្រទេស អ៊ីរ៉ាក់ពិតមែន ប៉ុន្តែពួកគេមិនបានផ្តល់ដំណឹង ដល់អាជ្ញាធរប្រចាំខេត្តនោះទេ ព្រោះកន្លងមកអាជ្ញាធ្លាប់បានបដិសេធវត្ថមានរបស់ពួកគេ ដោយសារកងកម្លាំង សន្តិសុខ មិនអាចធានាសុវត្ថិភាពរបស់ពួកគេនៅតាមវាលខ្សាច់បាន។
សូមជម្រាបថា វាលខ្សាច់ និងជ្រលងភ្នំក្នុងតំបន់ភាគខាងត្បូងប្រទេស អ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ដំណើរកំសាន្តប្រម៉ាញ់សត្វ ហើយបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនពីប្រទេស អារ៉ាប៊ីសាអូឌីត គុយវែត និងកាតា៕