ភ្នំពេញ៖ អភិបាលរង ខណ្ឌដូនពេញ លោក ឈឹម ឌីណា រួមនិងកម្លាំងអាជ្ញាធរចម្រុះ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះបានចុះធ្វើការត្រួត ពិនិត្យ អាវុធជាតិផ្ទុះ ក្នុងគោលដៅមួយចំនួនក្នុងភូមិសាស្រ្ត សំខាន់ៗ ដើម្បិរឹតបន្តឹងសន្តិសុខ រក្សាសុវត្ថិភាព តាមមូលដ្ឋាន និងជាការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផងដែរ។
អភិបាលរងខណ្ឌដូនពេញ លោក ឈឹម ឌីណា បានថ្លែងឲ្យដឹងថា យប់នេះកម្លាំងចម្រុះ បានដាក់គោលដៅ ត្រួតពិនិត្យនៅផ្លូវលេខ៦៣ កែងផ្លូវលេខ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលក្នុងនោះមានកម្លាំង សរុបចំនួន៥៨នាក់ រួមមានកម្លាំងនគរបាលខណ្ឌដូនពេញចំនួន៣៦នាក់ កម្លាំងអាវុធហត្ថ១០នាក់ និងកម្លាំងសាលា ខណ្ឌចំនួន១២នាក់។ លោកថា ក្រោមការបញ្ជារបស់លោកអភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងការ អនុញ្ញាតពីគណៈបញ្ជាការឯកភាពខណ្ឌ លោកបានដឹកនាំកម្លាំង សមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ និងមន្រ្ តីអាជ្ញាធរ មូលដ្ឋាន ប្រជាការពារ ចុះត្រួតពិនិត្យ តាមដងផ្លូវ នាយប់នេះដើម្បីឆែកអាវុធជាតិផ្ទុះ ក្នុងគោល បំណងរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកដំណើរតាមដងផ្លូវ។
លោក ឈឹម ឌីណា ក៏បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះ ធ្វើឡើងដើម្បីចូលរួម ទប់ស្កាត់បទល្មើស ខណៈសកម្មភាពឆក់ ប្លន់ បានកើតឡើង ក្នុងរយ:ពេល កន្លងទៅនេះ ហើយពេលនេះ ទំាងនគរបាល និងកម្លំាងអាវុធហត្ថ តាមបណ្តាខណ្ឌ តែងតែចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ក្នុងគោលបំណង ជួយទប់ស្កាត់ ការធ្វើសកម្មភាព ផ្សេងៗ របស់ក្រុមជនល្មើស នៅក្នុង រាជធានីភ្នំពេញ ក៏ដូចជាការពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងដើម្បី កាត់បន្ថយ អាត្រាគ្រោះថ្នាក់ ចរាចរណ៍ តាមដងផ្លូវផងដែរ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលរកឃើញមាន អ្នកប្រើប្រាស់អាវុធឆ្លងកាត់ ១ដើម មានច្បាប់ ម៉ូតូឆ្លងកាត់ចំនួន១១២គ្រឿង រថយន្តចំនួន៩១គ្រឿង ក្នុងបានបកកញ្ចក់ខ្មៅពីរថយន្តចំនួន៥គ្រឿង ហើយបានធ្វើការអប់រំអ្នកដែលបើកបរម៉ូតូបញ្ចាស់ទឹស អត់ពាក់មួកសុវត្ថិភាព ចំនួន ៣១គ្រឿង៕